(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ បានសម្ដែងនូវការរំពឹងទុកដ៏ច្បាស់លាស់មួយថា តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ និងការរំពឹងទុកតាមការសន្យាជួយផ្សព្វផ្សាយពីសក្តានុពលទេសចរកម្ពុជា របស់គណៈប្រតិភូទេសចរណ៍ និងពាណិជ្ជកម្មសហភាពអឺរ៉ុប កម្ពុជានឹងទទួលបានកំណើនភ្ញៀវទេសចរអឺរ៉ុប រហូតដល់ទៅជិត១លាននាក់ ក្នុងឆ្នាំ២០១៦នេះ។
ថ្លែងក្នុងពិធីអបអរសាទរកម្ពុជាទទួលរង្វាន់ «កម្ពុជា ជាគោលដៅទេសចរល្អបំផុត សម្រាប់ឆ្នាំ២០១៦» និងប្រកាស «កម្ពុជា ជាគោលដៅទេសចរវប្បធម៌ពេញនិយម ក្នុងឆ្នាំ២០១៦» នាសណ្ឋាគារសុខា លោករដ្ឋមន្រ្តី បានលើកឡើងថា គណៈប្រតិភូសហភាពអឺរ៉ុប បានសន្យាថានឹងខិតខំជួយផ្សព្វផ្សាយ ពីសក្តានុពលទេសចរកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរអឺរ៉ុប ក៏ដូចជាភ្ញៀវទេសចរពិភពលោក ចូលមកទស្សនាកម្សាន្ត ឱ្យបានកាន់តែច្រើនថែមទៀត ព្រោះគោលបំណងរបស់ក្រុមប្រឹក្សាភិបាលទេសចរណ៍ និងពាណិជ្ជកម្មសហភាពអឺរ៉ុប គឺសំដៅធ្វើយ៉ាងណា ដើម្បីឱ្យភ្ញៀវទេសចរអឺរ៉ុបបានមកទស្សនា នៅតំបន់អាស៊ីឱ្យកាន់ច្រើន ជាពិសេសគឺតំបន់អាស៊ីអាគ្នេយ៍នេះតែម្ដង ហើយកន្លងមក ភ្ញៀវទេសចរអឺរ៉ុប ដែលមកទស្សនានៅកម្ពុជា ក៏មានការកើនឡើងផងដែរ ពិសេសភ្ញៀវជនជាតិអង់គ្លេស និងបារាំង។
នៅចំពោះមុខភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរយនាក់ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា «ផ្អែកតាមដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអឺរ៉ុប ក្នុងការមកប្រគល់ជ័យលាភីពានរង្វាន់ កម្ពុជាជាគោលដៅទេសចរណ៍ល្អបំផុត សម្រាប់ឆ្នាំ២០១៦ និងការប្រកាស កម្ពុជា ជាគោលដៅទេសចរវប្បធម៌ពេញនិយម ក្នុងឆ្នាំ២០១៦ ប្រាប់ទៅកាន់ពិភពលោក ក៏ដូចជាការប្រគល់មេដាយ សមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងផ្អែកតាមការសន្យាជួយផ្សព្វផ្សាយពីថ្នាក់ដឹកនាំគណៈប្រតិភូទេសចរណ៍ និងពាណិជ្ជកម្មសហភាពអឺរ៉ុបផងនោះ យើងបានធ្វើការព្យាករណ៍ រំពឹងទុកថា កម្ពុជាយើងនឹងទទួលបានកំណើនភ្ញៀវទេសចរអឺរ៉ុបជិត១លាននាក់ ជាក់ស្ដែងរយៈពេល៤ខែដើមឆ្នាំ២០១៦នេះ កម្ពុជាយើងក៏បានទទួលភ្ញៀវអឺរ៉ុប បានជាង៣២ម៉ឺននាក់រួចហើយ ហើយបាននិងកំពុងបន្តកើនឡើងទៀត ផងដែរ»។
សូមជម្រាបថា កាលពីឆ្នាំ២០១៥ កម្ពុជាទទួលបានភ្ញៀវទេសចរមកពីទ្វីបអឺរ៉ុប ប្រមាណ៧២ម៉ឺននាក់ ហើយរយៈពេល៤ខែ ដើមឆ្នាំ២០១៦នេះ ភ្ញៀវទេសចរមកពីទ្វីបអឺរ៉ុប មានចំនួន៣២ម៉ឺននាក់ ដែលកំណើននេះ កើនលើសឆ្នាំ២០១៥ ពី៧-៨ភាគរយ បើធៀបរយៈពេលដូចគ្នា៕