(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផ្លូវបេតុង០១ខ្សែ ប្រវែង៨៥ម៉ែត្រ ទទឹង១៣ម៉ែត្រ និងផ្លូវគ្រួសក្រហម០៣ខ្សែ ប្រវែង ២,៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចំណាយទឹកប្រាក់សរុប ៤៤,០០០ដុល្លារ ក្នុងភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ផ្លូវទាំងនេះជាអំណោយរបស់លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី លោក ខាត់ សុខន និងលោកស្រី និងសប្បុរសជន ដែលនេះជាការចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ពន្ធភូមិ ឃុំឱ្យកាន់តែប្រសើរ។ នេះជាស្មារតី និងជាស្នាដៃក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ របស់គណបក្សប្រជាជនដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទន្ទឹមនឹងនោះលោកបណ្ឌិត ម៉ា ឈឿន បានប្រកាសបន្តជួយមូលដ្ឋានឃុំដូចជា៖
*ឃុំខ្នុរដំង ផ្តល់ថវិកា ១០,០០០,០០០រៀល សម្រាប់ជួសជុលផ្លូវមួយខ្សែប្រវែង ៥០០ម៉ែត្រ ពីភូមិរវៀងលិច ទៅភូមិរវៀងកើត និងឧបត្ថម្ភថវិកា ២,០០០,០០០រៀន សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាក គ្មានទីពឹងក្នុងឃុំខ្នុរដំបង។
*ឃុំផ្តៅជុំ ស្តារប្រឡាយទឹកពីភូមិផ្តៅជុំលិច ដល់ភូមិផ្តៅជុំកើត
*ឃុំសូទិព្វ ជួសជុលផ្លូវមួយខ្សែប្រវែង ៥០០ម៉ែត្រ និងប្រកាស់បន្តជួយសមាជិក សមាជិការរបស់គណបក្សប្រជាជនដែលមរណភាព និងឆ្លងទន្លេទូទាំងស្រុកជើងព្រៃ
ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានបញ្ជាក់យ៉ាងច្បាស់ពីសមិទ្ធផល និងស្នាដៃជាច្រើនរបស់គណបក្សប្រជាជនកម្ពុជារួមទាំងផ្លូវ ដែលទើបសម្ពោធជាផ្លូវការនេះផងដែរ។
លោកបណ្ឌិត ម៉ា ឈឿន ក៏បានផ្តាំផ្ញើនឹងប្រាប់ទៅប្រជាពលរដ្ឋកុំឱ្យជឿលើការឃោសនា និងញុះញង់ របស់ក្រុមបក្សប្រឆាំងដែលមិនបានធ្វើតាមសន្យាមុនការបោះឆ្នោត និងដើរនិយាយបង្អាប់បង្ខូច មកលើគណបក្សប្រជាជន ជាពិសេស គឺកុំជឿលើនយោបាយក្បត់ជាតិ ៣ជំនាន់ របស់ជនក្បត់ សម រង្សី។
លោកបណ្ឌិតបានណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ចូលអនុវត្តឱ្យបានដូចខាងក្រោម៖
*រួមគ្នាការពារសន្តិភាពឱ្យខានតែបានដាច់ខាត
*បន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព
*បម្រើសេវាសាធារណៈឱ្យបានល្អប្រសើរ
*បន្តស្រាវជ្រាវដោះស្រាយបញ្ហា និងសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕