(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងមហាយក្សចិន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមិនអាចបំបែកបាន ឬអាចហៅម្យ៉ាងទៀតថា «មិត្តដែកថែប» ដែលប្រទេសទាំងបានពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួតពីមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើន ដោយក្នុងនោះក៏មានព័ត៌មានសំខាន់ៗចំនួន១០ ស្តីអំពីទំនាក់ទំនងចិន និងកម្ពុជាប្រចាំឆ្នាំ ២០២២ ដែលត្រូវបានកត់សម្គាល់ដោយស្ថានទូតចិនប្រចាំនៅកម្ពុជា ក្នុងនោះរួមមានដូចតទៅ៖
* ទី១៖ លោកប្រធានាធិបតីចិនបានពិភាក្សាការងារជាមួយសម្ដេចតេជោតាមរយៈទូរស័ព្ទ
នាថ្ងៃទី១៨ ខែមីនា លោក Xi Jinping ប្រធានាធិបតីចិន បានពិភាក្សាការងារជាមួយ សម្តេចតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយតាមរយៈទូរស័ព្ទ។
លោកប្រធានាធិបតីចិន បានបង្ហាញថា ប្រឈមមុខជាមួយការផ្លាស់ប្តូរពុំធ្លាប់មានលើពិភពលោកនិងការយាយីនៃជំងឺកូវីដ១៩ ចិននិងកម្ពុជាបានប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវការកសាងសហគមន៍វាសនារួម បង្កើតបានជាគំរូសម្រាប់ការកសាងទំនាក់ទំនងអន្តរជាតិបែបថ្មី។ ភាគីទាំងពីរត្រូវប្រើប្រាស់ឱ្យបានល្អនូវ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជា ជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយ ត្រូវរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ដែលមានគុណភាពខ្ពស់ និងបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនិងការផ្ដល់អត្ថប្រយោជន៍ជូនដល់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែច្រើន ភាគីចិននឹងបន្តផ្តល់ការគាំទ្រដល់កម្ពុជាលើកិច្ចទប់ស្កាត់ជំងឺកូវីដ១៩ សហការជាមួយភាគីកម្ពុជាក្នុងការស្វែងរកទម្រង់ថ្មីសម្រាប់ទំនាក់ទំនងមនុស្សសាស្រ្តនៃប្រទេសទាំងពីរដោយក្រោមស្ថានភាពនៃជំងឺកូវីដ១៩។ លោកប្រធានាធិបតីចិនបានសង្កត់ធ្ងន់ថា ភាគីចិនគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះមជ្ឈភាពរបស់អាស៊ានក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ គាំទ្រអាស៊ានដើរតួនាទីកាន់តែធំធេងសម្រាប់កិច្ចការក្នុងតំបន់និងអន្តរជាតិ គាំទ្រកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន។
សម្ដេចតេជោ មានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិនមានការកើនឡើងយ៉ាងឆាប់រហ័ស ការកសាងគម្រោងធំៗក្រោមក្របខណ្ឌ «ខ្សែក្រវាត់និងផ្លូវ» កំពុងដំណើរការយ៉ាងរលូន។ ភាគីកម្ពុជាប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលនយោបាយចិនតែមួយ និងគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគោលជំហររបស់ចិនលើបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ និងស៊ីនជាំងជាដើម។ ភាគីកម្ពុជារីករាយចាប់យកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំក្រោយឆ្នាំ២០២៣ជាឱកាស ដើម្បីលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យមានដូចជាសេដ្ឋកិច្ចពាណិជ្ជកម្ម កសិកម្ម និងមនុស្សសាស្រ្តជាដើម ជំរុញការកសាងរួមគ្នានូវ «ខ្សែក្រវាត់និងផ្លូវ» លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិនឱ្យឈានដល់កម្រិតថ្មីមួយទៀត។
* ២៖ ព្រះករុណាព្រះមហាក្សត្រសព្វព្រះរាជហឫទ័យ យាងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារដ្ឋធានីប៉េកាំង
នាថ្ងៃទី៤ ខែកុម្ភៈ តបតាមការបង្គំថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យយាងចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅរដ្ឋធានីប៉េកាំង។ ព្រះអង្គមានព្រះរាជបន្ទូលថា ប្រធានបទនៃព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានិងកីឡាប៉ារ៉ាឡាំពិករដូវរងាររដ្ឋធានីប៉េកាំងគឺ «ឆ្ពោះទៅអនាគតរួមគ្នា» ដែលបានបង្ហាញពីគោលបំណងប្រាថ្នាវាសនារួមរបស់មនុស្សជាតិនិងការជម្នះរាល់ឧបសគ្គជាសាកល ការយាងចូលរួមរបស់ព្រះអង្គនៅក្នុងពិធីបើកព្រឹត្តិការណ៍ដោយតបតាមការបង្គំថ្វាយ នឹងជួយពង្រឹងចំណងមិត្តភាពជាប្រពៃណី ចំណងមិត្តភាពដូចបងប្អូន និងភាពជាដៃគូរវាងកម្ពុជានិងចិនថែមមួយកម្រិតទៀត ទ្រង់មានក្តីរំពឹងទុកថា តាមរយៈទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ដោយប្រជាជនទាំងពីរដែលមានមនោសញ្ចេតនាដូចបងប្អូន ភាគីទាំងពីរនឹងរួមចំណែកកាន់តែធំធេងដល់សន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ និងជួយរួមចំណែកដល់ការជំរុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
* ៣៖ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីចិនមកកាន់ប្រទេសកម្ពុជា បានបញ្ចូលជាកម្លាំងជំរុញថ្មីក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងចិន-កម្ពុជា
កាលពីថ្ងៃទី៨ ដល់ ១១ ខែវិច្ឆិកា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា។ អំឡុងពេលនៃដំណើរទស្សនកិច្ច លោកបានចូលគាល់ព្រះករុណាព្រះមហាក្សត្រ ជួបពិភាក្សាការងារជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមជាសក្ខីភាពក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលជំនួយរដ្ឋាភិបាលចិនអំពីគម្រោងជួសជុលនិងអភិរក្សប្រាសាទតាកែវ។ ភាគីចិនគាំទ្រកម្ពុជាក្នុងការលើកកម្ពស់បច្ចេកវិទ្យានីយកម្មកសិកម្មនិងកម្រិតឧស្សាហូបនីយកម្ម ពង្រីកការនាំចូលកសិផលល្អៗរបស់កម្ពុជា ជំរុញការសាងសង់គម្រោងធំៗ គាំទ្រកម្ពុជាពន្លឿនជំរុញឧស្សាហូបនីយកម្ម។ ជួយកម្ពុជាអនុវត្តសកម្មភាពបោសសម្អាតមីន អនុវត្តឱ្យបានល្អនូវគម្រោងជំនួយដែលផ្តល់ជូនកម្ពុជាមានដូចជា ផ្លូវថ្នល់ វេជ្ជសាស្រ្ត និងការផ្គត់ផ្គង់ទឹកស្អាត ជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ភាគីទាំងពីរបានប្រកាសយកឆ្នាំ២០២៣កំណត់ថាជា"ឆ្នាំមិត្តភាពចិន-កម្ពុជា" បានពិភាក្សាយ៉ាងស៊ីជម្រៅស្តីពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងលើវិស័យ មានដូចជារឹតបន្តឹងចំណងមិត្តភាពជាប្រពៃណី ការលើកកម្ពស់ពាណិជ្ជកម្មឱ្យស៊ីជម្រៅ វិនិយោគ កសិកម្ម ប្រភពថាមពល ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាលសាធារណៈ មនុស្សសាស្រ្ត និងបញ្ហាអន្តរជាតិនិងក្នុងតំបន់ដែលជាកង្វល់រួម និងបានឈានការកំណត់កុងសុងស៊ីសយ៉ាងទូលំទូលាយ។ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចខាងលើ ចិននិងកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួម។
* ៤៖ ថ្នាក់ដឹកនាំចិនអញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា
ឆ្នាំ២០២២ កម្ពុជាធ្វើជាប្រធានប្តូរវេននៃអាស៊ាន។ ការអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំចិននៅក្នុងកិច្ចប្រជុំពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា បានរួមជាកម្លាំងក្នុងការដឹកនាំទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ បានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញវិបុលភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់ ការពារសន្តិភាពនិងស្ថិរភាពពិភពលោក។ ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែវិច្ឆិកា លោក Li Keqiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំពាក់ព័ន្ធស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅរាជធានីភ្នំពេញ។ ក្នុងអំឡុងពេលនោះ កិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ានលើកទី២៥ បានអនុម័តលើឯកសារសមិទ្ធផលមានដូចជ «សេចក្តីថ្លែងការណ៍រួមចិន-អាស៊ានស្តីពីការពង្រឹង ការអភិវឌ្ឍរួម និងប្រកបដោយចីរភាព», «សេចក្តីថ្លែងការណ៍រួមរំឭកខួបអនុស្សាវរីយ៍លើកទី២០នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីប្រតិបត្តិនៃបណ្ដាភាគីនៅសមុទ្រចិនខាងត្បូង(DOC)», «សេចក្តីថ្លែងការណ៍រួមចិន-អាស៊ានស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខស្បៀងអាហារ»។ កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាន-ចិន ជប៉ុន និងកូរ៉េខាងត្បូងលើកទី២៥ បានចេញនូវ «កញ្ចប់ឯកសារខួបអនុស្សាវរីយ៍លើកទី២៥ នៃកិច្ចសហប្រតិបត្តិការ១០+៣»។ ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែសីហា លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពាក់ព័ន្ធ ស្តីពីកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ានៅរាជធានីភ្នំពេញ។ ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ខែវិច្ឆិកា លោក Wei Fenghe ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នៅខេត្តសៀមរាប។
* ៥៖ ចិន និងកម្ពុជាបានរៀបចំពិធីរំឭកខួប១០០ព្រះវស្សានៃការប្រសូតរបស់សម្ដេចព្រះបរមរតនកោដ្ឋ
ឆ្នាំ២០២២ គឺជាខួប១០០ព្រះវស្សានៃការប្រសូតរបស់សម្ដេចព្រះបរមរតនកោដ្ឋ ចិននិងកម្ពុជាបានរៀបចំកម្មវិធីរំឭកជាបន្តបន្ទាប់យ៉ាងអធិកអធម។ នាថ្ងៃទី១៥ ខែកញ្ញា លោក Wang Qishan អនុប្រធានាធិបតីចិន អញ្ជើញចូលរួមពិធីបដិសណា្ឋរកិច្ចរំឭកខួប១០០ព្រះវស្សានៃការប្រសូតរបស់សម្ដេចព្រះបរមរតនកោដ្ឋ ដែលត្រូវបានរៀបចំឡើងនៅរដ្ឋធានីប៉េកាំង។ លោកមានប្រសាសន៍ថា សម្ដេច"ព្រះបរមរតនកោដ្ឋ"គឺជា"បិតាឯករាជ្យ"ដែលទទួលបានការគោរពស្រឡាញ់បំផុតពីប្រជាជនកម្ពុជា និងជាមិត្តភក្តិដ៏មហិមាជាទីគោរពបំផុតរបស់ប្រជាជនចិន។ ព្រះករុណាព្រះមហាក្សត្រនិងសម្តេចព្រះមហាក្សត្រីព្រះអង្គទាំងទ្វេបានបន្តព្រះរាជបណ្ដាំមរតករបស់ សម្ដេចព្រះបរមរតនកោដ្ឋ បានលះបង់ព្រះកាយពលយ៉ាងធំធេងក្នុងការផ្សព្វផ្សាយចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។ ក្រោមបរិបទថ្មី ភាគីចិនរីករាយសហការជាមួយកម្ពុជា ក្រោមការដឹកនាំជាយុទ្ធសាស្រ្តនៃថ្នាក់ដឹកនាំទាំងពីរប្រទេស គោរពតាមមាគ៌ានៃថ្នាក់ដឹកនាំជំនាន់មុន កសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាឱ្យកាន់តែរឹងមាំនិងមិនអាចបំបែកបាន។ ក្នុងថ្ងៃដដែល សមាគមមិត្តភាពប្រជាជនចិនជាមួយបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសចិន បានរៀបចំរួមគ្នានូវសិក្ខាសាលារំឭកខួប១០០ព្រះវស្សានៃការប្រសូតរបស់ សម្ដេចព្រះបរមរតនកោដ្ឋ នៅសណ្ឋាគារ រដ្ឋDiaoyutai។
នាថ្ងៃទី២៨ខែកញ្ញា ស្ថានទូតចិនប្រចាំកម្ពុជាបានរៀបចំកម្មវិធីរំឭកខួប១០០ព្រះវស្សានៃការប្រសូតរបស់សម្ដេចព្រះបរមរតនកោដ្ឋ។ នាថ្ងៃទី៣១ខែតុលា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន និងលោកស្រី Gu Xiaojun បានតបតាមការអញ្ជើញចូលរួមព្រះរាជកម្មវិធី «១០០ព្រះវស្សានៃព្រះបិតាឯករាជ្យជាតិ» នៅរាជធានីភ្នំពេញ ហើយលោក និងលោកស្រីបានបកស្រាយបទចម្រៀងរួមគ្នាដែលមានចំណងជើងថា «ស្រណោះស្រុកចិន» ដែលជាព្រះរាជនិពន្ធរបស់សម្ដេចព្រះបរមរតនកោដ្ឋ។
* ៦៖ សមិទ្ធផលជាទីគាប់ចិត្តដែលទទួលបានពីសកម្មភាពពិសេសក្នុងការអនុវត្តច្បាប់រួមគ្នារវាងចិន-កម្ពុជា
ឆ្នាំ២០២២ ស្ថាប័នអនុវត្តច្បាប់នៃចិននិងកម្ពុជា បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កាន់តែស៊ីជម្រៅ បានជួយសង្គ្រោះពលរដ្ឋចិនដែលជួបការលំបាក ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងល្បែងអនឡាញ អំពើឆបោកតាមប្រព័ន្ធអេឡិចត្រូនិច គ្រឿងញៀន អាវុធនិងអំពើហិង្សា។ កិច្ចសហប្រតិបត្តិការមានដូចជាការទប់ស្កាត់ហានិភ័យសន្តិសុខនយោបាយ និងការលើកកម្ពស់កសាងសមត្ថភាពអនុវត្តច្បាប់ទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗជាច្រើន មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ឧក្រិដ្ឋជនដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រទេសនិងប្រជាជនទាំងពីរ។
នៅថ្ងៃទី២៩ខែវិច្ឆិកា ក្រសួងសន្តិសុខសាធារណៈចិន បានរៀបចំកិច្ចប្រជុំលើកដំបូងនៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកលលោក (Lianyungang)។ នៅក្នុងកិច្ចប្រជុំ ភាគីចិនបានប្រគល់មេដាយមាសអនុស្សាវរីយ៍មហាកំពែង(Gold Great Wall Commemorative Medal) ដល់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីថ្លែងនូវការកោតសរសើរដល់សម្ដេចក្រឡាហោម «បើកដំណើរការឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងចិន-កម្ពុជា រួមចំណែកយ៉ាងលេចធ្លោក្នុងការហាមឃាត់ល្បែងស៊ីសងអនឡាញ និងការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ»។ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិទទួលបានមេដាយមាសអនុស្សាវរីយ៍មហាកំពែង និងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិទទួលបានមេដាយប្រាក់អនុស្សាវរីយ៍មហាកំពែងផងដែរ។
* ៧៖ វឌ្ឍនភាពយ៉ាងសកម្មដែលទទួលបានពីកិច្ចសហប្រតិបត្តិការយោធាដ៏សំខាន់រវាងចិននិងកម្ពុជា
ឆ្នាំ២០២២ កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា ទទួលបានវឌ្ឍនភាពយ៉ាងសកម្មក្នុងវិស័យដូចជា ទំនាក់ទំនងជាយុទ្ធសាស្ត្រនៃកងទ័ពទាំងពីរ ការបណ្តុះបណ្តាលកងទ័ព និងទំនាក់ទំនងនៃកងទ័ពសព្វាវុធជាដើម។ ១.រក្សាទំនាក់ទំនងកម្រិតខ្ពស់យ៉ាងជិតស្និទ្ធ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែសីហា ហើយលោក Wei Fenghe ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិនបានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែវិច្ឆិកា ភាគីទាំងពីរបានផ្ទៀងផ្ទាត់គ្នាយ៉ាងគ្រប់ជ្រុងជ្រោយអំពីកិច្ចសហប្រតិបត្តិការជាក់ស្ដែងនៃបណ្ដាវិស័យសម្រាប់កងទ័ពទាំងពីរ បានផ្លាស់ប្ដូរយោបល់យ៉ាងស៊ីជម្រៅលើបញ្ហាក្នុងតំបន់និងលើឆាកអន្តរជាតិដែលជាការចាប់អារម្មណ៍ខ្លាំង។ ២.ជំរុញយ៉ាងម៉ឺងម៉ាត់នូវគម្រោងសំខាន់ៗ។ គម្រោងកែលម្អមូលដ្ឋានទ័ពជើងទឹករាមនៅកម្ពុជាដែលជាជំនួយរបស់ភាគីចិន បានចាប់ផ្តើមសាងសង់ជាផ្លូវការនៅក្នុងខែមិថុនា ទាំងនេះបានបង្ហាញពីការលើកកម្ពស់កសាងកម្រិតទំនើបកម្មសម្រាប់កងទ័ពជើងទឹកនៅកម្ពុជា និងក្លាយជានិមិត្តសញ្ញាដ៏សំខាន់នៃចំណងមិត្តភាព"ដែកថែប"រវាងចិននិងកម្ពុជា។ ៣.បន្តពង្រឹងកិច្ចសហប្រតិបត្តិការជំនួយយោធាឱ្យកាន់តែស៊ីជម្រៅ។ កងទ័ពចិននៅតែបន្តផ្តល់ជំនួយដល់កងទ័ពកម្ពុជាទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយក្នុងឆ្នាំ២០២២ ចិនបានប្រគល់សព្វាវុធកងរាជអាវុធហត្ថជាបន្តបន្ទាប់និងរថយន្តប្រើសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានមកកាន់កម្ពុជា គម្រោងជំនួយសាងសង់អគារចម្រុះក្នុងវិទ្យាស្ថានទ័ពជើងគោកកម្ពុជា បានចាប់ផ្តើមជាផ្លូវការហើយ។ ៤.ការកែលម្អលើកកម្ពស់យន្តការកិច្ចសហប្រតិបត្តិការ។ ភាគីទាំងពីរកាលពីខែមីនាបានចុះហត្ថលេខាលើ"អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពរំដោះប្រជាជនចិននិងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ" បានបន្ថែមនូវអត្ថន័យនៃទំនាក់ទំនងរវាងកងទ័ពទាំងពីរ ផ្តល់នូវការធានាយន្តការបន្ថែមទៀតលើស្ថិរភាពនិងយូរអង្វែងសម្រាប់កិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរ។
* ៨៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន-កម្ពុជា» និង «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» បានចូលជាធរមាន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងចិន-កម្ពុជា សម្រេចបានការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២២ "កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និង រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា"បានចូលជាធរមាន ពន្ធគយសូន្យសម្រាប់ទំនិញដែលភាគីចិនផ្តល់ជូនភាគីកម្ពុជាមានចំនួនសមាមាត្រ៩៧.៥៣% រីឯកម្ពុជាវិញផ្តល់ពន្ធគយសូន្យដល់ទំនិញភាគីចិនមានចំនួន៩០% ជាកម្រិតខ្ពស់បំផុតក្នុងចំណោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់របស់ភាគីទាំងពីរ។ នៅថ្ងៃដដែល «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» (RCEP) បានចូលជាធរមាន មានន័យថាតំបន់ពាណិជ្ជកម្មសេរីដែលមានចំនួនប្រជាជនច្រើនបំផុត សេដ្ឋកិច្ចពាណិជ្ជកម្មទ្រង់ទ្រាយធំបំផុត និងមានសក្តានុពលអភិវឌ្ឍន៍ខ្លាំងបំផុតត្រូវបានអនុវត្តជាផ្លូវការ។
ចិននិងកម្ពុជាបានចាប់យកការចូលជាធរមាននៃកិច្ចព្រមព្រៀងជាឱកាសដ៏មានតម្លៃ បង្ហាញពេញលេញនូវភាពធន់និងពោរពេញដោយសក្តានុពលរបស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម បន្តលើកកម្ពស់គុណភាពនិងទំហំពាណិជ្ជកម្មទ្វេភាគី។ យោងតាមស្ថិតិរដ្ឋបាលគយចិនបានឱ្យដឹងថា ក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំ២០២២ ទំហំនៃការនាំចូលនិងនាំចេញរវាងចិននិងកម្ពុជាឈានដល់១៤៥៤៣លានដុល្លារអាមេរិក កើនឡើង១៩.១%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
* ៩៖ ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ដែលសាងសង់ដោយសហគ្រាសចិនបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការ
នាថ្ងៃទី៩ ខែវិច្ឆិកា លោក Li Keqiang នាយករដ្ឋមន្រ្តីចិន និងសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីដាក់ឱ្យប្រើប្រាស់នូវផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និង ពិធីប្រគល់ជំនួយកញ្ចប់វិស្វកម្មអត្ថប្រយោជន៍សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន កម្ពុជាបានឈានចូលដល់«យុគសម័យផ្លូវល្បឿនលឿន»។
ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គឺជាផ្លូវល្បឿនលឿនដំបូងគេក្នុងប្រទេសកម្ពុជា ជាគម្រោងតំណាងឱ្យការកសាងរួមគ្នារវាងចិននិងកម្ពុជាសម្រាប់"ខ្សែក្រវាត់និងផ្លូវ" ក៏ជាគំរូដ៏ជោគជ័យក្នុងការផ្ទៀងផ្ទាត់គ្នារវាងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» និង «យុទ្ធសាស្រ្តចតុកោណ» របស់កម្ពុជា។ គម្រោងខាងលើមានប្រវែងសរុប១៨៧.០៥គីឡូម៉ែត្រ បែងចែកជាបួនគន្លង ក្រោយពីបញ្ចប់ការសាងសង់ រយៈពេលនៃការធ្វើដំណើរបានបង្រួមពី៥ម៉ោងមកសល់តែ២ម៉ោង មិនត្រឹមតែជួយកែលម្អបញ្ដាញទូរគមនាគមន៍ដែលមានស្រាប់ក្នុងប្រទេស លើកកម្ពស់សមត្ថភាពចរាចរណ៍ផ្លូវថ្នល់សំខាន់ៗ និងជំរុញឱ្យមានប្រសិទ្ធភាពលើថ្លៃដើមនៃការដឹកជញ្ជូនទំនិញប៉ុណ្ណោះទេ ថែមទាំងជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ចនៃខេត្តជាច្រើននិងតំបន់ ជំរុញឱ្យមានតម្រូវការក្នុងស្រុកប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ភាពងាយស្រួលលើការវិនិយោគ រំពឹងថានឹងជួយជំរុញឱកាសការងារលើសពី១ម៉ឺនកន្លែងក្នុងវិស័យផលិតកម្មដែលពាក់ព័ន្ធនាពេលអនាគត ដែលមានសារៈសំខាន់ចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមប្រកបដោយចីរភាពសម្រាប់កម្ពុជា។
១០៖ ក្រុមវេជ្ជសាស្រ្តចិនថ្នាក់ជាតិដំបូងគេដែលជាជំនួយមកកាន់កម្ពុជាដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩
នាថ្ងៃទី១៦ ខែមីនា ក្រុមអ្នកជំនាញឱសថបុរាណចិន បានធ្វើដំណើរមកកាន់កម្ពុជាដើម្បីបំពេញបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងក្នុងខែឧសភាបានភ្ជាប់បេសកកម្មយ៉ាងជោគជ័យជាមួយនឹងក្រុមគ្រូពេទ្យឱសថបុរាណចិនដែលជំនួយមកកាន់កម្ពុជាដើម្បីប្រយុទ្ធប្រឆាំងជំងឺវីរុស។ ទាំងនេះជាក្រុមគ្រូពេទ្យវេជ្ជសាស្រ្តចិនថ្នាក់ជាតិដំបូងគេដែលរដ្ឋាភិបាលចិនបានចាត់បញ្ជូលមកក្រៅប្រទេសក្នុងការចូលរួមប្រយុទ្ធប្រឆាំងជំងឺវីរុស បានរៀបចំកិច្ចការទប់ស្កាត់ជំងឺវីរុស ការព្យាបាលដោយបញ្ចូលគ្នារវាងវេជ្ជសាស្រ្តបុរាណចិននិងវេជ្ជសាស្រ្តបស្ចឹមប្រទេស និងការងារបណ្ដុះបណ្តាលផ្សេងទៀតនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ បង្ហាញពីបទពិសោធចិនដល់ភាគីកម្ពុជាអំពីការទប់ស្កាត់ជំងឺវីរុស ជំរុញវប្បធម៌និងបច្ចេកទេសឱសថបុរាណចិន លើកកម្ពស់កម្រិតព្យាបាលនិងសុខាភិបាលនៅក្នុងប្រទេសកម្ពុជា។
ក្រុមវេជ្ជសាស្រ្តចិនបានបង្កើតគ្លីនិកវេជ្ជសាស្រ្តបុរាណចិនដំបូងគេក្នុងមន្ទីរពេទ្យរដ្ឋនៅកម្ពុជា ហើយបានក្លាយជាគ្លីនិកព្យាបាលដំបូងគេនៅកម្ពុជាដែលតម្រូវឱ្យមានការណាត់ជួបជាមុន បានបង្ហាញពីមូលដ្ឋានគ្រិះនៃគុណតម្លៃគ្លីនិចវេជ្ជសាស្រ្តចិន បានដឹកនាំទម្លាប់ព្យាបាលក្នុងតំបន់ រីឯចំនួននៃការចុះឈ្មោះរបស់អ្នកជម្ងឺគឺ២/៣នៃចំនួនអ្នកចុះឈ្មោះសរុបនៅក្នុងមន្ទីរពេទ្យមិត្តភាពចិន-កម្ពុជាព្រះកុសុមៈ។ បង្ហាញយ៉ាងលេចធ្លោពីគុណសម្បត្តិនិងលក្ខណៈពិសេសនៃសេវាកម្មឱសថបុរាណចិន អនុវត្ត «សេវាកម្មសាធារណៈ» លើកកម្ពស់ការថែទាំសុខភាពនិងព្យាបាល ផ្តល់អត្ថប្រយោជន៍ជូនដល់ជីវភាពរស់នៅរបស់ប្រជាជន បានធ្វើឱ្យប្រជាជនកម្ពុជាស្វែងយល់កាន់តែច្បាស់ពីឱសថបុរាណចិនដែលចំណាយតិចអត្ថប្រយោជន៍ច្រើន បង្កើតបានជាគំរូនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយតាមរយៈឱសថបុរាណចិន៕