(ភ្នំពេញ)៖ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ មានគ្រោះអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងអស់ទាំងស្រុងនៅផ្លូវសុធារស ភូមិទី៩ ក្រុមទី៥០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ នេះបើតាមរបាយការណ៍របស់ការិយាល័យនគរបាលពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
របាយការណ៍ដដែលបានឱ្យដឹងថា អគ្គីភ័យនេះមានលេបត្របាក់ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ខ្នង គឺផ្ទះ T2 និងង T3 តាមបណ្ដោយផ្លូវសុធារស សង្កាត់ទន្លេបាសាក ខណ្ឌចំការមន។ ម្ចាស់ផ្ទះ T2 ឈ្មោះ ពៅ វិរៈ ភេទប្រុស អាយុ៦៣ឆ្នាំ លក់គ្រឿងសង្ហារឹមធ្វើអំពីផ្តៅ និងម្ចាស់ផ្ទះ T3 ឈ្មោះ សុខ រដ្ឋា ភេទស្រី អាយុ៦៧ឆាំ្ន ក់គ្រឿងសង្ហារឹមធ្វើពីផ្តៅដែរ។
របាយការណ៍របស់ការិយាល័យនគរបាលពន្លត់អគ្គិភ័យបានបន្តថា ក្រៅពីឆេះផ្ទះទាំង២ខ្នងនេះហើយ អគ្គិភ័យបានបន្តឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ប្រហែល២០%ចំនួន៣ផ្ទះទៀត។
បើតាមរបាយការណ៍ខាងលើ ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះ គឺប្រើរថយន្តការិយាល័យនគរបាលពន្លត់អគ្គិភ័យចំនួន២៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១១៥ឡាន ស្មើនឹង៤៦០ម៉ែត្រគូប។ រហូតដល់ម៉ោង១៖៣០នាទីរសៀលថ្ងៃដដែល ទើបពន្លត់អស់ជាស្ថាពរ៕