(កំពត)៖ យ៉ាងហោចណាស់មានព្រឹត្តិការណ៍កម្សាន្ត្រសប្បាយដល់ទៅ៣៤ទីតាំង ដែលត្រូវបានរៀបចំនៅទូទាំងខេត្តកំពត ពិសេសនៅក្រុងកំពត ក្រុងបូកគោ និងតំបន់ជុំវិញក្រុង សម្រាប់ទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ នាឱកាសបុណ្យចូលឆ្នាំសកល ២០២២ ឈានចូល ២០២៣។ នេះបើតាមលោក ម៉ៅ ធនិន អភិបាលខេត្តកំពត។

លោកអភិបាលខេត្តបានថ្លែងប្រាប់ Fresh News យ៉ាងដូច្នេះថា «នាឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនេះ រដ្ឋបាលខេត្តកំពតបានរៀបចំនូវតំបន់កម្សាន្ត៣៤គោលដៅទូទាំងខេត្ត ពិសេសនៅក្នុងក្រុងកំពត»

លោកបានឱ្យដឹងថា នៅក្នុងក្រុងកំពតនិងតំបន់ជុំវិញក្រុង អាជ្ញាធរបានរៀបចំឱ្យមានកម្មវិធីឆ្លងឆ្នាំជាមួយនឹងការប្រគំតន្ត្រីចំនួន២កន្លែង កីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ការប្រណាំងទូកប្រពៃណី (ទូកនេសាទ)។ មិនតែប៉ុណ្ណោះ មានទាំងការរៀបចំផ្សារលក់ដូរសម្រាប់ភ្ញៀវទេសចរ និងមានការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកលផងដែរ។

លោកអភិបាលខេត្តបានបន្តទៀតថា ទីតាំងទាំង៣៤កន្លែងនោះ គឺសុទ្ធតែមានការរៀបចំឡើងជាមួយនឹងលក្ខណៈខុសៗគ្នា ដូចជានៅជាប់តំបន់ឆ្នេរ នៅតាមដងព្រែក តំបន់ភ្នំ តំបន់កសិទេសចរណ៍ ដែលតំបន់ទាំងនេះគឺល្អប្រណិតសម្រាប់ទទួលភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមានបំណងមកកម្សាន្តនៅក្នុងខេត្តកំពត។

បើតាមការបន្ថែមរបស់លោក ម៉ៅ ធនិន នៅក្នុងខេត្តកំពត ពីមុនមិនមានឆ្នេរខ្សាច់កម្សាន្តនោះទេ ប៉ុន្តែបច្ចុប្បន្ននៅខេត្តកំពតមានឆ្នេរកោះស្មៅមួយដ៏វែង ជាមួយនឹងប្រវែងសរុបជាង២ពាន់ម៉ែត្រ សម្រាប់ឱ្យភ្ញៀវទេសចរលេងកម្សាន្ត។ ឆ្នេរខ្សាច់កម្សាន្តនេះ គឺទើបតែបូមខ្សាច់ចាក់បំពេញរួចជាស្ថាពរនាពេលថ្មីៗកន្លងទៅ។ ក្រៅពីនេះក៏នៅមានការរៀបចំចាក់បំពេញខ្សាច់ចន្លោះពីស្ពានឥន្ធនូទៅស្ពានថ្មថ្មីផងដែរ ដែលមានប្រវែងជាង១០០ម៉ែត្រ។ ចន្លោះពីស្ពានថ្មថ្មីទៅស្ពានផ្លូវរទេះភ្លើងក៏កំពុងរៀបចំចាក់ខ្សាច់ឱ្យទៅជាឆ្នេរខ្សាច់កម្សាន្តដែរ។ ការរៀបចំឆ្នេរខ្សាច់កម្សាន្តថ្មីទាំង៣ទីតាំងនេះ គឺដើម្បីបម្រើឱ្យតម្រូវការរបស់ភ្ញៀវទេសចរទាំងក្នុងខេត្ត និងក្រៅខេត្ត។

លោក សយ ស៉ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងបន្ថែមថា ក្រៅពីការរៀបចំព្រឹត្តិទាំង៣៤ទីតាំងនេះ មន្ទីរទេសចរណ៍ក៏មានការសហការរៀបចំជាលក្ខណកម្សាន្តទូទៅនៅតាមរមណីយដ្ឋានទេសចរណ៍ តំបន់អេកូទេសចរណ៍ កសិទេសចរណ៍នានានៅទូទាំងខេត្តកំពតផងដែរ ពិសេសនៅតំបន់រមណីយដ្ឋានទំនប់ម្លេច នៅភ្នំកំពង់ត្រាច តំបន់កសិទេសចរណ៍កូនសត្វ នៅតាមដងព្រែកកំពង់បាយផ្នែកខាងលើជាដើម។ លោកបានបញ្ជាក់ថា មកដល់ពេលនេះ (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២) គឺមានភ្ញៀវទេសចរច្រើនណាស់ដែលបានទៅកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍ទាំងនោះ។

ដោយឡែក សម្រាប់នៅលើភ្នំបូកគោ ក៏ដូចជាក្រុងបូកគោវិញ រដ្ឋបាលខេត្តកំពត និងអាជ្ញាធរមូលដ្ឋានក៏បានសហការរៀបចំការបោះតង់ជូនភ្ញៀវទេសចរយ៉ាងច្រើន ជាមួយនឹងទេសភាព សោភ័ណភាព អាកាសធាតុ និងសក្ដានុពលធម្មជាតិដ៏ល្អឯក។ ម្យ៉ាងទៀត នៅលើភ្នំក៏មានសណ្ឋាគារសម្រាប់បំពេញតម្រូវការស្នាក់នៅរបស់ភ្ញៀវទេសចរ ព្រមទាំងមានទីគោលដៅកម្សាន្តជាច្រើនទៀតផងដែរ។

លោកប្រធានមន្ទីរទេសចរណ៍ សយ ស៉ីណុល បានបន្តថា មកដល់ពេលនេះដែរ សណ្ឋាគារ ផ្ទះសំណាក់ ប៊ូទិក និងសេវាកម្មស្នាក់នៅនានាក្នុងខេត្ត គឺមានការកក់បន្ទប់ស្នាក់នៅស្ទើរតែគ្រប់១០០ភាគរយហើយក្នុងចំណោមបន្ទប់ស្នាក់នៅសរុបជាង៤,៧០០បន្ទប់ ប៉ុន្តែទោះជាយ៉ាងណាក៏មិនមានការខ្វះខាតរឿងបន្ទប់ស្នាក់នៅនេះឡើយ ពោលគឺនៅតែមានគ្រប់តាមតម្រូវការរបស់ភ្ញៀវទេសចរ។

ជាការកត់សម្គាល់របស់លោកប្រធានមន្ទីរទេសចរណ៍ ភ្ញៀវទេសចរបានទៅលេងកម្សាន្តយ៉ាងច្រើនកុះករនៅឆ្នេរខ្សាច់កោះស្មៅ (ចេញពីទីរួមខេត្តឆ្ពោះទៅកំពង់ផែទេសចរណ៍) ដែលជាឆ្នេររៀបចំថ្មី ដោយនៅទីនោះមានការប្រណាំងទូកនេសាទប្រពៃណី ប្រដាល់បុរាណគុនខ្មែរ ខណៈអ្នកខ្លះក៏កំពុងអង្គុយលេងលម្ហែកម្សាន្ត ខ្លះក៏កំពុងធ្វើដំណើរទៅកាន់ទីនោះ ព្រោះមានព្រឹត្តិការណ៍កម្សាន្តទាំងពេលថ្ងៃ និងពេលយប់។

គួរជម្រាបដែរថា កាលពីពេលបុណ្យអុំទូកកន្លងទៅនោះ មានភ្ញៀវទេសចរមកលេងខេត្តកំពតប្រមាណជាង៥៩ម៉ឺននាក់ រីឯក្នុងឱកាសបុណ្យចូលឆ្នាំសកលនេះ លោកអភិបាលខេត្ត ម៉ៅ ធនិន រំពឹងថានឹងមានភ្ញៀវទេសចរប្រហាក់ប្រហែក ឬក៏លើសកាលពីបុណ្យអុំទូកនោះទៀត៕