(កំពង់ធំ)៖ ខ្នងផ្ទះទី២៣៦ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនអតីតយុទ្ធជនសោធននិវត្តន៍នៅភូមិជីមាស ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
ការប្រគល់ផ្ទះនេះធ្វើឡើងតាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកព្រិន្ទបាលទោ ហេង ជាន អាយុ៦៤ឆ្នាំ ចូលបម្រើជាមន្ត្រីនគរបាលជាតិនៅឆ្នាំ១៩៩០ នៅអធិការដ្ឋាននគរបាលស្រុកស្ទោង ខេត្តកំពង់ធំ ហើយបានក្រសួងមហាផ្ទៃដាក់ឱ្យចូលនិវត្តន៍នៅឆ្នាំ២០១៤។ លោកមានភរិយានិងកូនចំនួន៥នាក់ សព្វថ្ងៃគាត់ប្រកបមុខរបរធ្វើស្រែ គួបផ្សំនិងប្រាក់បៀវត្ស ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រចាំខែ។ ដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់មានការលំបាកខ្វះខាតទើបគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះជូនគាត់នៅពេលនេះជាខ្នងផ្ទះទី២៣៦ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤និងដូសទី៥ឱ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន។
ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ក្រុមការងារអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំបាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមានអង្ករចំនួន១០០គីឡូក្រាម មីចំនួន២កេស ទឹកត្រី-ទឹកស៊ីអ៉ីវចំនួន២យួរ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយមួយចំនួន ព្រមទាំងថវិកាមួយចំនួនផងដែរ។
លោកព្រិន្ទបាលទោ ហេង ជាន អតីតយុទ្ធជនសោធននិវត្តន៍និងក្រុមគ្រួសារ បានថ្លែងអំណរគុណជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ហ៊ុន ម៉ាណែត និងលោកស្រី រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ៕