(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ រវាងសាលាខេមតិច និងសាលារៀនជំនាន់ថ្មី រួមមាន៖ វិទ្យាល័យព្រះស៊ីសុវត្ថិ-សាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលាប-សាលារៀនជំនាន់ថ្មី វិទ្យាល័យសម្តេច អគ្គមហាធម្មពោធិសាល ជាស៊ីម ព្រែកអញ្ចាញ-សាលារៀនជំនាន់ថ្មី លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបន្តជំរុញនិងលើកទឹកចិត្តឱ្យមានការបង្កើតភាពជាដៃគូរវាងសាកលវិទ្យាល័យ និងសាលារៀនជំនាន់ថ្មីខាងផ្នែកបច្ចេកទេសឱ្យបានច្រើនបន្ថែមទៀត។
ពិធីចុះហត្ថលេខានេះធ្វើឡើងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងគោលបំណងបង្កើតឲ្យមានទំនាក់ទំនងល្អរវាងសាកលវិទ្យាល័យ និងសាលារៀនជំនាន់ថ្មី ការផ្តល់ប្រឹក្សាពីមុខជំនាញនៅឧត្តមសិក្សា ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យ កិច្ចសហប្រតិបត្តិការ ការផ្សព្វផ្សាយព័ត៌មានពីការសិក្សារផ្សេងៗ រួមបញ្ចូលអាហារូបករណ៍ដោយផ្តល់ជូនអាហារូបករណ៍ដល់សិស្សពូកែមកពីវិទ្យាល័យទាំងបីផងដែរ ការចែករំលែកចំណេះដឹងដូចជាមន្ទីរពិសោធន៍ AI សម្រាប់ការអប់រំ មនុស្សយន្ត និងបន្ទប់ Maker Space បណ្ណាល័យ កីឡា ការលើកកម្ពស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ពិព័រណ៍និងសិក្ខាសាលាពីការប្រឹក្សានិងអាជីពនាពេលអនាគត ការពង្រឹងសមត្ថភាពគ្រូបង្រៀន និងបុគ្គលិក។
ជាមួយគ្នានោះលោកបណ្ឌិត សាន វឌ្ឍនា ក៏បានណែនាំឱ្យសិស្សានុសិស្ស និសិ្សតគួររៀនភាសាឱ្យបានពីរទៅបីភាសា ពិសេសផ្តោតជាសំខាន់លើភាសាអង់គ្លេស និងកុំព្យូរទ័រផង។ បន្ថែមពីនេះលោកក៏បានគាំទ្រក្នុងការធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះផងដែរ។
ជាចក្ខុវិស័យរបស់លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច គឺចង់ប្រែក្លាយជាសាកលវិទ្យាល័យឈានមុខគេក្នុងវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ដែរថា ក្នុងកម្មវិធីនេះក៏មានបញ្ចូលទស្សនកិច្ចសិក្សា និងការតាំងពិព័រណ៍ប្រឹក្សាជំនាញដើម្បីលើកកម្ពស់ការយល់ដឹង និងបទពិសោធន៍ដ៏សំខាន់ដល់មាតាបិតា ឬអាណាព្យាបាល សិស្សានុសិស្ស ជាពិសេសសិស្សានុសិស្ស ដែលទើបបានប្រឡងបញ្ចប់ថ្នាក់ទី១២ និងកំពុងត្រៀមខ្លួនចូលរៀននៅថ្នាក់ឧត្តមសិក្សាបានមកទស្សនាស្វែងយល់អំពីសម្ភាររូបវ័ន្តសិក្សា និងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យខេមតិច ព្រមទាំងទទួលការប្រឹក្សាយោបល់ជាមួយអ្នកជំនាញ និងសាស្ត្រាចារ្យ និងនិស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យខេមតិចផ្ទាល់ លើការជ្រើសរើសមុខជំនាញសិក្សាដែលស្របនឹងឧបនិស្ស័យ ទេពកោសល្យ និងតម្រូវការទីផ្សារការងារ។ លើសពីការទស្សនា និងការប្រឹក្សាយោបល់កម្មវិធីនេះក៏មានការរៀបចំសកម្មភាពកំសាន្តសប្បាយផ្សេងៗផងផងដែរ៕