(ប៉េកាំង)៖ ក្រសួងការបរទេសចិន បានបង្ហាញនូវឆន្ទៈរបស់ខ្លួន ក្នុងការសហការការងារ ជាមួយនឹង រដ្ឋាភិបាលហ្វីលីពីនថ្មី ដើម្បីនាំយកមកវិញនូវទំនាក់ទំនងទ្វេភាគីល្អ ប្រកបដោយសំឡេងរណ្តំនៃ ការអភិវឌ្ឍ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាយប់ថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០១៦។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Hua Chunying ខាងលើនេះ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី ដែលទើបជាប់ឆ្នោតថ្មីថ្មោងរបស់ ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូធើត (Rodrigo Duterte) បានលើកឡើងកាលពីថ្ងៃអង្គារ អំពីអត្ថប្រយោជន៍នានា ដែលប្រទេសនេះ នឹងទទួលបាន ពីការពង្រឹងទំនាក់ទំនងមិត្តភាពជាមួយទីក្រុងប៉េកាំង។
លោកស្រី Hua ក៏បានសង្កត់ធ្ងន់ចំពោះមុខអ្នកសារព័ត៌មាននានាទៀតថា ប្រទេសចិនតែងតែចង់បាន ជានិច្ចនូវភាពជាដៃគូ និងមិត្តភាព ជាមួយបណ្តាប្រទេសជិតខាងរបស់ខ្លួន ក្នុងនោះក៏រួមទាំងប្រទេស ហ្វីលីពីនផងដែរ។ ទំនាក់ទំនងរវាងចិន និងហ្វីលីពីន បានប្រែជាអាក្រក់ខ្លាំង ដោយសារការរីករាលនៃ ជម្លោះដែនសមុទ្រចិនខាងត្បូង ដែលត្រូវបានគេមើលឃើញយ៉ាងច្បាស់ក្នុងសម័យកាលនៃរដ្ឋបាល របស់ប្រធានាធិបតីលោក ប៊ែណីកណូ អាគីណូ ទី៣៕