(កំពង់ធំ)៖ កាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង មន្ត្រីរាជការចំនួន ២០រូប ជានាយករងរដ្ឋបាលសាលាខេត្ត និងរចនាសម្ព័ន្ធ មន្ទីរ អង្គភាព ជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
ថ្លែងនៅក្នុងពិធីប្រកាសនោះលោក ងួន រតនៈ ថ្លែងថា ការប្រកាសមុខតំណែងមន្ត្រីរាជការទាំង២០រូបនេះ រួមមាន ៧អង្គភាព៖ សាលាខេត្តកំពង់ធំ០៥រូប, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចំនួន០២រូប, មន្ទីរអប់រំយុវជន និងកីឡាចំនួន០៣រូប, មន្ទីរកិច្ចការនារីចំនួន ០៣រូប, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន០១រូប, មន្ទីរពាណិជ្ជកម្ម ចំនួន០១រូប និងមន្ទីរផែនការ ចំនួន០៤រូប។
លោកបានបញ្ជាក់ថា ពិធីប្រកាសមន្ត្រីរាជការឲ្យកាន់មុខតំណែងនៅក្នុងអង្គភាពមន្ទីរអង្គភាពនាពេលនេះ ដើម្បីឲ្យការដឹកនាំនិងគ្រប់គ្រងមានភាពត្រឹមត្រូវ និងយុត្តិធម៌ប្រកបដោយគុណភាពប្រសិទ្ធភាពខ្ពស់ សម្រាប់ជាផ្លូវឈានទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ក្នុងនោះចូលរួមធ្វើការងារដោយមានការទទួលខុសត្រូវ ទៅតាមបំណែងចែកភារកិច្ច ហ៊ានធ្វើហ៊ានសម្រេចដើម្បីឲ្យមានភាពច្បាស់លាស់ ឱ្យមន្ទីរអង្គភាពក៏មានការរីកចម្រើនជឿនលឿនបន្តទៀតដែរ។
ជាចុងក្រោយលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានសំណូមពរដល់មន្ត្រីរាជការដែលប្រកាសឲ្យកាន់ចូលមុខតំណែងនេះ ត្រូវចេះសហការ សាមគ្គីភាពផ្ទៃក្នុងឲ្យបានទូលំទូលាយ ពិសេសគឺត្រូវរៀនពីគ្នាទៅវិញទៅមកពីជំនាញ បទពិសោធន៍ សមត្ថភាព ពីស្ថានភាពជាក់ស្ដែងនៅក្នុងមន្ទីរអង្គភាព។ បង្កើតភាពទំនាក់ទំនង ជាមួយដៃគូអភិវឌ្ឍន៍ផ្សេងៗ និងចូលរួមចាក់វ៉ាក់សាំងដួសជំរុញបន្ថែមទៀត ដើម្បីការពារជាមួយកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។