(សៀមរាប)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប រួមជាមួយអាជ្ញាធរខេត្តជាច្រើនរូបទៀត នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះត្រួតពិនិត្យការគូសគំនូសផ្លូវ និងលុប ផ្លូវសំបុកមាន់ តាមដងវិថីមួយចំនួនក្នុងក្រុងសៀមរាប ដើម្បីលើកសោភណភាពតាមដងវិថីក្នុងក្រុងសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ល្បាញល្បីរបស់ខ្មែរ។
ការត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងនូវទីតាំងមួយចំនួនដូចខាងក្រោម៖
- ការគូសគំនូសទូលសុវត្ថិភាព នៅតំបន់ផ្លូវវង់តូចនៃមុខអង្គរតូច និង ផ្លូវកូម៉ៃក្រោយមន្ទីរពេទ្យគន្ធបុប្ផា(ផ្នែកខាងត្បូង)
- ការជួសជុលសំបុកមាន់ ប្រើទីមត្រជាក់ និង បិទស្ទីកគ័រ (sticker) ត្រូវបានធ្វើឡើងនៅរង្វង់មូលជ័យវរ័្មនទី៧ នៃផ្លូវជាតិលេខ៦
- ការគូសគំនូសថ្មើរជើងឆ្លងផ្លូវ នៅផ្លូវស៊ីវុត្ថា នៅតំបន់ត្រីកោណ។
លោកទេសរដ្ឋមន្រ្តី បានហៅការចុះគូសគំនូសផ្លូវ និងលុបផ្លូវសំបុកមាន់ គឺជាយុទ្ធនាការមួយក្នុងយុទ្ធនាការ ១០០ថ្ងៃ នៃការធ្វើកំណែទម្រង់ របស់លោក៕