(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យ ឧត្តមសេនីយ៍ទោ TUMARHABAN RAJAGUKGUK ប្រធានក្រុមទីប្រឹក្សា មេបញ្ជាការ កងទ័ពជើងគោកជាតិឥណ្ឌូនេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។
កិច្ចជំនួបពិភាក្សាការងារនោះ ភាគីទាំងបានផ្លាស់ប្តូរទស្សនៈគ្នា សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យយោធានៃប្រទេសទាំង២។
សូមជម្រាបថា លោកឧត្តមសេនីយ៍ទោ TUMARHABAN RAJAGUKGUK បានដឹកនាំគណៈប្រតិភូមកកម្ពុជា ក្នុងដំណើរទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ «Army to Army Talks or A2AT» រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២១ ដល់២៥ ខែមិថុនា ឆ្នាំ២០១៦។ កិច្ចប្រជុំ «Army to Army Talks or A2AT» គឺជាការប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពជើងគោកជាតិឥណ្ឌូនេស៊ី ប្រចាំឆ្នាំ។
ជាមួយគ្នានោះ ក្នុងឆ្នាំ២០១៥ កន្លងមកកងទ័ពជើងគោកជាតិឥណ្ឌូនេស៊ី បានផ្ដល់អាហារូបករណ៍ ដល់កងយោធពលខេមរភូមិន្ទ ចំនួន៥វគ្គ ស្មើនឹង១១នាក់៕