(ភ្នំពេញ)៖ សមាគមស្បែកជើងកម្ពុជា សហការជាមួយសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា បានអញ្ជើញមន្រ្តីជំនាញពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំសិក្ខាសាលាស្តីពី បច្ចុប្បន្នភាពច្បាប់ពាក់ព័ន្ឋវិស័យការងារ និងច្បាប់ស្តីពីសហជីព។

សិក្ខាសាលានៅសប្តាហ៍នេះ បានធ្វើឡើងនៅសាលប្រជុំ SCIA Hall Room និងតាមប្រព័ន្ឋវីដេអូ Zoom មានវត្តមានដោយវាគ្មិន៣រូបមានដូចជា៖

១៖ លោក ម៉ាញ ណារិទ្ធ ទីប្រឹក្សាអមក្រសួង និងជាអនុប្រធាននាយកដ្ឋានអធិការកិច្ចការងារ
២៖ លោក ហេង ប៊ុនថា អនុប្រធាននាយកដ្ឋានវិវាទការងារ
៣៖ លោក ឡាយ ពិសិដ្ឋប្រធានការិយាល័យទំនាក់ទំនងវិជ្ជាជីវៈនៃនាយកដ្ឋានវិវាទការងារ។

វាគ្មិន បានធ្វើបទបង្ហាញផ្សព្វផ្សាយ និងចែករំលែកចំណេះដឹង ពីការអនុវត្តប្រភេទនៃកិច្ចសន្យាការងារ និងបទបញ្ញត្តិពាក់ព័ន្ឋច្បាប់ស្តីពីសហជីព ចែកជូនដល់សមាជិក សមាជិកានៃសមាគមស្បែកជើងកម្ពុជា និងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ឋវីដេអូសរុបជាង១០០ក្រុមហ៊ុន៕