(កំពង់ចាម)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះសូទិន និងលោកស្រីសាស្ត្រាចារ្យ ឱសថបណ្ឌិត ខៀវ ទេព រង្សុី កាញារីទ្ធ ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងចែកអំណោយរួមមាន សៀវភៅ សម្លៀកបំពាក់ និងសម្ភារសិក្សាជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាប៉ាក់ណាម ស្ថិតក្នុងឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

អ្នកស្រី ជា សុផុន នាយិកាសាលាបឋមសិក្សា ប៉ាក់ណាម បានធ្វើរបាយការណ៍ជម្រាបជូនថា នៅក្នុងសាលានេះ មានអគារចំនួន២ខ្នង ស្មើនឹង ៨បន្ទប់ លោកគ្រូ អ្នកគ្រូ ៤នាក់ ក្នុងនោះគ្រូស្រី ៣នាក់ ហើយសិស្សានុសិស្សមានចំនួន ១២៥នាក់ ។

លោក ខឹម ប៉ោទៀង ប្រធានក្រុមប្រឹក្សា ឃុំពង្រ ស្រុកកោះសូទិន ក្នុងនាមលោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្ស និងក្មួយៗ កុមារា កុមារី នៅក្នុងសាលាបឋមសិក្សាប៉ាក់ណាមទាំងអស់ សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជន នានាដែលតែងតែជួយដល់សាលាបឋមសិក្សាប៉ាក់ណាម ក៏ដូចជានៅក្នុងឃុំពង្រ ដែលជាបង្ហាញនូវការយកចិត្តទុក្ខគិតគួរពីសុខទុក្ខ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងការសិក្សារបស់សិស្សានុសិស្ស គ្រប់កំរិតសិក្សា ដើម្បីអោយប្រឹងប្រែងសិក្សារៀនសូត្របានពូកែ។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការរីករាយដោយបានមកជួប និងនាំយកនូវអំណោយមកចែកជូនដល់ ចៅៗ ជាសិស្សានិសិស្ស ក្នុងសាលាបឋមសិក្សាប៉ាក់ណាម ហើយលោកបានជំរុញលើកទឹកចិត្តឱ្យប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យសាលា ស្តាប់គ្រូពន្យល់ណែនាំ ចេះស្រឡាញ់រាប់អានគ្នា សាមគ្គីសហការរៀនជាមួយគ្នា ព្រោះយើងមិនអាចរៀនតែម្នាក់ឯងនោះទេ ព្រោះការវិវឌ្ឍបច្ចេកវិទ្យាលឿនរហ័ស ដែលទាមទារឱ្យការចែករំលែកបទពិសោធន៍ ចំណេះដឹងគ្នាទៅវិញទៅមក។

លោករដ្ឋមន្រ្តី បានបញ្ជាក់ថា នៅពេលដែលចៅៗ រៀនបានពូ មានការងារល្អធ្វើ អាចរកលុយបានច្រើន ហើយមានអនាគតល្អ ពេលនោះ នឹងមានលទ្ធភាពមកជួយគ្រួសារ និងភូមិ ស្រុករបស់យើងឱ្យមានការអភិវឌ្ឍរីកចម្រើន បន្តទៅមុខទៀត។

លោកបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវចេះរក្សាអនាម័យឱ្យបាន មុនញាំអាហារត្រូវលាងសំអាតដៃអោយបានស្អាត មុនចូលគេងត្រូវធ្មេញឱ្យបានល្អ ដើម្បីមានសុខភាពល្អរឹងមាំ ជៀសផុតពីជំងឺឆ្លងបាន។

សិស្សានុសិស្សបឋមសិក្សាចាប់ពីថ្នាក់ទី១ ដល់ទី៦ សរុប១២៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន សៀវភៅ ប៊ិច កាតាបសិស្ស សម្លៀកបំពាក់ នំ ទឹក បរិសុទ្ធ និងថវិកា ម្នាក់ៗ ១មុឺនរៀល។ គ្រូ៤នាក់ ក្នុងម្នាក់១០ មុឺនរៀល ហើយក្នុងនោះ អ្នកគ្រូចំនួន៣ នាក់ ថែមសំពត់ខ្មែរម្នាក់១ ក្បិន។

រដ្ឋមន្រ្តី និងលោកស្រី ព្រមទាំងក្រុមគ្រួសារក៏បានឧបត្ថម្ភថវិកា ដល់សាលាបឋមសិក្សាប៉ាក់ណាម ចំនួន ១លានរៀល និងសៀវភៅអានសម្រាប់កុមារ ក្រុមប្រឹក្សាឃុំពង្រ ១០មុឺនរៀល មេភូមិ ១០មុឺនរៀល។

គួរបញ្ជាក់ដែរថា ថវិកា និងអំណោយទាំងអស់នេះ គឺជាការចូលរួមគ្នា នៅក្នុងក្រុមគ្រួសារ បងប្អូន សាច់ញ្ញាត្តិរបស់លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី ដោយបានចំណាយអស់ប្រមាណជាង ៤លានរៀល និង ១,២៩៨ដុល្លារ។ ជាមួយនេះ លោកជំទាវ ឈឹមពៅ សុកាន់ឌី អគ្គនាយិកាវិទ្យុជាតិកម្ពុជា ក៏បានចូលរួមថវិកាចំនួន ៥០ មុឺនរៀលផងដែរ។

ដោយឡែកនៅព្រឹកថ្ងៃដដែលនេះដែរ លោក ខៀវ កាញារីទ្ធ បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុកកោះសូទិន ខេត្តកំពង់ចាម ក្នុងឱកាសចូលឆ្នាំសកលឆ្នាំ២០២៣ ដែលបានធ្វើឡើងនៅក្នុងសាលាស្រុកកោះសូទិន។

តាមរបាយការណ៍លើកឡើងរបស់ លោក យីវណ្ណៈ អភិបាលស្រុកកោះសូិន បានបញ្ជាក់អំពីការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងស្រុកកោះសូទិន ត្រូវបានការពារយ៉ាងល្អប្រសើរ ពុំមានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ។ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ខិតខំប្រឹងប្រែងរក្សាសន្តិសុខ សុវត្ថិភាព ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អប្រសើរ ពិសេសការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ត្រូវបានបន្តអនុវត្តជាប្រចាំជា ហេតុធ្វើឱ្យរដ្ឋបាលឃុំទាំង៨ នៅទូទាំងស្រុកកោះសូទិន ទទួលបានចំណាត់ថ្នាក់លេខ១ ជាប់ៗគ្នាជារៀងរាល់ឆ្នាំ។

ក្នុងឆ្នាំកន្លងមក ក៏ដូចជាឆ្នាំ២០២២នេះ មន្ត្រីនៅរដ្ឋបាលស្រុកកោះសូទិន បានខិតខំបំពេញតួនាទីភារកិច្ចរៀងៗខ្លួនបានយ៉ាងខ្ជាប់ខ្ជួន បានយក ចិត្តទុកដាក់ក្នុងការផ្តល់សេវាជូន ប្រជាពលរដ្ឋឱ្យមានភាពងាយស្រួល និងខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងខិតខំចុះបង្ក្រាបបទល្មើសផ្សេងៗនៅមូលដ្ឋាន និងបន្តអនុវត្តភូមិ ឃុំមានសុវត្ថិភាពឱ្យបានល្អប្រសើរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក ខៀវ កាញារីទ្ធ បានសំដែងនូវការរីករាយដែលបានមកជួបសំណេះសំណាលជាមួយអស់លោក លោកស្រី ដែលជាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុកកោះសូទិន ខេត្តកំពង់ចាម នាចុងឆ្នាំ២០២២នេះ ហើយអាចនិយាយបានថា ឆ្នាំ២០២២ នេះ ជាឆ្នាំមានហុងស៊ុយល្អ សម្រាប់ប្រទេសកម្ពុជា ក្នុងនោះទទួលបានលទ្ធផលល្អច្រើន នៅក្នុងការប្រកួតកីឡាសុីហ្គេម នៅប្រទេសវៀតណាម ពិសេសកាលពីខែវិច្ឆិកា កន្លងមកនេះកម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ក្នុងការធ្វើជាប្រធាន និងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័ ដែលមានបណ្តាប្រទេសមហាអំណាចធំៗ ពិសេសការអញ្ជើញមកចូលរួមប្រជុំ ពី ប្រធានាធិបតីសហរដ្ឋអាមេរិក ចូបៃដិន។ ទាំងនេះបង្ហាញពីភាពខ្លាំង និងជោគជ័យរបស់កម្ពុជា បង្ហាញដល់ពភពលោកបានដឹងពីជំហរដ៏រឹងមាំក្នុងការសម្រចចិត្ត និងកិច្ចការងារសំខាន់ៗ ។

លោកបានលើកឡើងដែរថា នៅក្នុងភាពនៃវិប្បត្តិតឹងតែងក្នុងពិភពលោកកន្លងមក បានធ្វើឱ្យកម្ពុជាប្រឹងប្រែងទប់បញ្ហាសេដ្ឋកិច្ច ដោយរក្សាបានលំនឹងល្អ មិនឱ្យប៉ះពាល់ធ្ងន់ធ្ងរ។

ឆ្លៀតក្នុងឱកាសនេះ លោក ខៀវ កាញារីទ្ធ បានអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងការបន្តអនុវត្តន៍តាមវិធានការសុខាភិបាលដោយត្រូវធ្វើ ការចាក់វ៉ាក់សាំងកូវីដ១៩ ដួសទី៤ ដល់កុមារអាយុ៣ឆាំ្ន ដល់ក្រោម៥ឆាំ្ន, ចាក់ដូសទី៥ ដល់កុមារអាយុ៥ឆ្នាំ ដល់ក្រោម១២ឆ្នាំ និងដូសទី៦ ដល់មន្ត្រីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ តាមគោលការណ៍ស្ម័គ ចិត្ត ។

នៅក្នុងឱកាសជួបសំណេះសំណាលនេះដែរ លោក ខៀវ កាញារីទ្ធ និងលោកស្រី បាននាំយកនូវថវិកាផ្ទាល់ខ្លួនចែកជូនដល់ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុកកោះសូទិន សរុប៨០នាក់ ក្នុងម្នាក់ៗ ៥មុឺនរៀល ជូនសាលាស្រុក ១លានរៀល ជូនដល់នគរបាល កងអាវុធហត្ថ និងយោធា ស្រុកកោះសូទិន ក្នុង ១អង្គភាព ២០មុឺនរៀល។

លោក ខៀវ កាញារីទ្ធ បានប្រគល់ជូននូវលិខិតសរសើរ និងគ្រឿងឥស្សរិយយស ជូនដល់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងមន្រ្តីរដ្ឋបាលស្រុកកោះសូទិន ដែលមានស្នាដៃល្អក្នុងកិច្ចការងារកន្លងមក។ រដ្ឋបាលស្រុកកោះសូទិន មន្ត្រីរាជការមានចំនួន ៨០នាក់ ក្នុងនោះរួមមាន៖ ក្រុមប្រឹក្សាស្រុកចំនួន១៩នាក់, គណៈអភិបាលស្រុកចំនួន ៧នាក់ ស្រី ១នាក់, នាយក នាយករងរដ្ឋបាលស្រុកចំនួន ២នាក់, ប្រធានការិយាល័យអង្គភាពចំណុះមានចំនួន ១៤នាក់ មន្ត្រីមានចំនួន ១២នាក់, អនុប្រធានការិយាល័យអង្គភាពចំណុះមានចំនួន ១២នាក់, មន្ត្រីកិច្ចសន្យាមានចំនួន ៦នាក់ និងស្មៀនឃុំ មានចំនួន ៨នាក់៕