(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំព្រឹត្តការណ៍ពិព័រណម្ហូប បង្អែមខ្មែរជាង៩០ស្តង់ រយ:ពេលពីរថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល២០២២-២០២៣ នៅ
ខេត្តបាត់ដំបង នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅមុខអគារសាលាខេត្តបាត់ដំបង ក្រោមវត្តមានលោក សុខ លូ អភិបាលខេត្ត, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, អភិបាលក្រុង ស្រុក ប្រធានមន្ទីរនានាជុំវិញខេត្ត, កងកម្លាំង មន្រ្តីរាជការ ចុងភៅអ្នកជំនាញធ្វើម្ហូបអាហារ មកពីបណ្តាក្រុង ស្រុកទាំង១៤ ក្នុងខេត្ត ដើម្បីបង្ហាញប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ ចូលភ្លក់ពិសារ ទិញយកទៅបរិភោគឲ្យស្គាល់ពីស្នាដៃ អ្នកធ្វើម្ហូបបាត់ដំបងសមជា «ទីក្រុងបាត់ដំបង ទីក្រុងដែលមានភាពច្នៃប្រឌិតចំពោះម្ហូបអាហារខ្មែរ»។
ឆ្លៀតនៅក្នុងឱកាសនោះ លោក សុខ លូ បានអំពាវនាវឲ្យប្រជាពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្តជាដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីការពារឆ្លងរោគកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងព្រឹត្តការណ៍ពិព័រណម្ហូបខ្មែរដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល២០២២-២០២៣ នៅខេត្តបាត់ដំបង មានជាង៩០ស្តង់ រយ:ពេលពីរថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២២ ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល២០២២-២០២៣ នៅខេត្តបាត់ដំបងនាពេលនេះ។
លោកអភិបាលខេត្ត បន្តថា «ព្រឹត្តិការណ៍នេះគឺជាការជួបជុំប្រចាំឆ្នាំ ក្នុងន័យសាមគ្គីភាព មិត្តភាព ប្រកបដោយស្មារតីកិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវរួមគ្នាក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ និងព្រឹត្តិការណ៍នានា ក្នុងភាពជាម្ចាស់ ជាខ្មែរ ជាអ្នកបាត់ដំបង ប្រកបដោយនិរន្តរភាព ពិសេសជំរុញសកម្មភាពរួមគ្នាអនុវត្ត ជាមួយរាជរដ្ឋាភិបាលក្នុងការស្ដារសេដ្ឋកិច្ចជាតិឡើងវិញបន្ទាប់ពីវិបត្តិជម្ងឺឆ្គងសកលបណ្តាលមកពីកូវីដ១៩ កន្លងមកនេះ»។
លោកបានរំលឹកបន្តិចថា ខេត្តបាត់ដំបង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ តាមរយៈក្រសួងទេសចរណ៍, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការឯកភាពក្នុងដាក់បេក្ខភាពទីក្រុងបាត់ដំបងចូលជាសមាជិក បណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូ ណេស្កូ «ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ(Gastronomy) ដោយសារតែខេត្តបាត់ ដំបងសំបូរទៅដោយ
មុខម្ហូបជាច្រើនប្រភេទ មានរសជាតិឆ្ងាញ់ពិសា អនាម័យ សោភ័ណភាព និងមានអត្តសញ្ញាណរបស់ខ្លួនច្បាស់លាស់ តមកច្រើនសម័យកាល។
លោកបានបន្តទៀតថា ដោយមើលឃើញពីលក្ខណៈពិសេស និងល្អឯកនេះ រដ្ឋបាលខេត្តបាត់ដំបងសម្រាប់ឆ្នាំ២០២៣ ស្នើឱ្យភាគីពាក់ព័ន្ធ ពិសេសមន្ទីរទេសចរណ៍ត្រូវផ្តោតទៅលើ៖
*ទី១៖ ការអភិវឌ្ឍផលិតផលទេសចរណ៍ ការវិនិយោគ និងការពង្រឹងការឃោសនាផ្សព្វផ្សាយទេសចរណ៍ ពិសេសការផ្សព្វផ្សាយពី ម្ហូបអ្នកបាត់ដំបង (ធូរថ្លៃ អនាម័យ ឆ្ងាញ់ និងសេវាល្អ)
*ទី២៖ ការគ្រប់គ្រង និងពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍ ក្នុងខេត្តបាត់ដំបងឱ្យបានកាន់តែល្អប្រសើរ
*ទី៣៖ រៀបចំនូវយន្តការទ្រទ្រង់វិស័យទេសចរណ៍ និងការសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនទេសចរណ៍ក្នុង ខេត្តបាត់ដំបង ឈរលើគោលការណ៍ ធូរថ្លៃ សុវត្ថិភាពផ្តល់ភាពកក់ក្ដៅ និងស្នាមញញឹម។
លោកសូមថ្លែងអំណរគុណ កោតសរសើរ និងវាយតំលៃខ្ពស់ចំពោះក្រុមការងារ គ្រប់ផ្នែកទាំងអស់ ដែលបានរួមគ្នារៀបចំនូវព្រឹត្តិការណ៍នេះឡើងបានទាន់ពេលវេលា មានសោភ័ណភាព ការគិត គួរគ្រប់ជ្រុងជ្រោយ និង មានការទទួលខុសត្រូវខ្ពស់ចំពោះតួនាទីភារៈកិច្ចដែលរដ្ឋបាលខេត្តបាត់ដំបងបានប្រគល់ជូន។
ឆ្លៀតក្នុងឱកាសនេះលោកបានលើកឡើងអំពីគំនិតផ្តួចផ្តើមដែលជាធាតុចូលសំខាន់ៗចំនួន១២ចំណុច សម្រាប់វិស័យទេសចរណ៍ពិសេសគឺផ្នែកម្ហូបអាហារនៅខេត្តបាត់ដំបងដូចខាងក្រោម៖
*ទី១៖ ត្រូវកសាងរូបភាពទេសចរណ៍ខេត្តបាត់ដំបង ជាគោលដៅទេសចរណ៍ឈានមុន និងប្រកបដោយគុណភាព តាមរយៈទេសចរណ៍ម្ហូបអាហារ ដែលលើកកម្ពស់កិត្យានុភាពនៃម្ហូបខ្មែរនៅខេត្តបាត់ដំបង
*ទី២៖ ជម្រុញការទទួលស្គាល់នៃម្ហូបអាហារក្នុងស្រុកជាបេតិកភណ្ឌវប្បធម៌៖ ពង្រឹងអត្តសញ្ញាណនៃសិល្បៈ នៃការធ្វើម្ហូប និងផលិតផលក្នុងស្រុក
*ទី៣៖ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទ្រទ្រង់ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ម្ហូបអាហារក្នុងខេត្តបាត់ដំបង
*ទី៤៖ លើកកម្ពស់ឧត្តមភាពប្រកួតប្រជែងនៃទេសចរណ៍ម្ហូបអាហារនៅក្នុងតំបន់ ។៥,ជម្រុញនៃគំរូអភិបាលកិច្ចក្នុងការអភិវឌ្ឍន៍ទេសចរណ៍ម្ហូបអាហារប្រកបដោយតម្លាភាព ការចូលរួមនិងភាពជាអ្នកដឹកនាំ
*ទី៦៖ ជម្រុញ និងគាំទ្រក្នុងការបង្កើតបទពិសោធន៍របស់ភ្ញៀវទេសចរតាមរយៈទេសចរណ៍ម្ហូបអាហារ
*ទី៧៖ លើកកម្ពស់សមត្ថភាព និងលទ្ឋភាពនៃធនធានមនុស្សក្នុងការអភិវឌ្ឍទេសចរណ៍ម្ហូបអាហារ
*ទី៨៖ បង្កើតនូវរឿងរ៉ាវពិត (Authentic) និងគួរឱ្យជឿជាក់ (Credibility) ម្ហូបអាហារប្រចាំបាត់ដំបង ដើម្បី កសាងជាម៉ាកយីហោម្ហូបអាហារ (Gastronomic Branding)
*ទី៩៖ បង្កើត និងអនុវត្តផែនការលើកកម្ពស់និងគាំទ្រដល់ទីផ្សារទេសចរណ៍អាហារដោយមានការចូលរួមពី តំណាងមកពីគ្រប់វិស័យទីផ្សារម្ហូបអាហារ
*ទី១០៖ បង្កើនអានុភាពនៃបច្ចេកវិទ្យាជាកត្តាជំរុញក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ម្ហូបអាហារ
*ទី១១៖ ជំរុញវិស័យទេសចរណ៍ម្ហូបអាហារជាមធ្យោបាយមួយនៃការជម្រុញទៅរកនិរន្តរភាពក្នុងគោលដៅ ទេសចរណ៍ និងការចូលរួមចំណែកពីវិស័យទេសចរណ៍ដល់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)
*ទី១២៖ បង្កើតយន្តការសម្រាប់ទេសចរណ៍ម្ហូបអាហារដើម្បីបង្កើតបរិមាណយល់ដឹង និងកំណត់លក្ខណៈ របស់ទេសចរម្ហូបអាហារ (Gastronomy Tourist) និងវិភាគទៅលើសក្តានុពលនៃគោលដៅទេសចរណ៍។
លោកក៏បានក្រើនរំលឹក អស់លោក លោកស្រី ភ្ញៀវទេសចរជាតិ អន្តរជាតិ អាជីវករ និងប្រជាពលរដ្ឋ ដែលមកកំសាន្តក្នុងព្រឹត្តិការណ៍ សូមជួយថែរក្សាអនាម័យ បរិស្ថាន កុំបោះចោលសំរាម ក្រៅធុង និងសូមចូលរួមអនុវត្តន៍នូវវិធានការណ៍សុខាភិបាល ដើម្បីជៀសឆ្ងាយពីជំងឺកូវីដ១៩ទាំងអស់គ្នា។ លោកសង្ឃឹមថា ព្រឹត្តិការណ៍ម្ហូបអាហារខ្មែរ ខេត្តបាត់ដំបងនឹងបន្តមានការចូលរួមជារៀងរាល់ឆ្នាំផងដែរ៕