(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនអ្នកជំងឺក្រីក្រ និងស្ត្រីទើបសម្រាលកូន សរុបចំនួន ២២០នាក់ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ (មន្ទីរពេទ្យព្រះសង្ឃ) រាជធានីភ្នំពេញ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍សួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចតែងគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេស អ្នកជំងឺដែលមានជីវភាពខ្វះខាតជួបការលំបាក ដោយមិនរើសអើង មិនប្រកាន់ និន្នាការនយោបាយអ្វីឡើយ។ ជាមួយគ្នានោះ លោកស្រី ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ប្រកបដោយ ក្រមសីលធម៌ល្អស្របទៅតាមវិជ្ជាជីវៈជាគ្រូពេទ្យ ទោះបីជាមានបញ្ហាប្រឈមខ្លះៗក៏ដោយ។
ក្នុងនាមក្រុមគ្រូពេទ្យ និងអ្នកជំងឺទាំងអស់ ដែលបានចូលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យខាងលើនេះ លោកនាយករង នៃមន្ទីរពេទ្យព្រះកុសុមៈ បានថ្លែងនូវអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែមានទឹកចិត្តមនុស្សធម៌ ប្រកបដោយក្តីស្រឡាញ់ អាណិតអាសូរ ជួយដល់ប្រជាពលរដ្ឋ និងអ្នកជំងឺដែលបានចូលមកសម្រាកនៅមន្ទីរពេទ្យនេះជារៀងរាល់ឆ្នាំ លោកនាយករងនៃមន្ទីរពេទ្យបានលើកឡើងនូវពាក្យថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា»។
អំណោយមនុស្សធម៌ដែលបានផ្តល់ជូនអ្នកជំងឺទាំង ២២០នាក់ នោះ ក្នុងម្នាក់ៗទទួលបាន ៖ មី ត្រីខ ទឹកដោះគោខាប់ ស្ករស សារុង ក្រមា មុង ភួយ និងថវិកា ១០ម៉ឺនរៀល។ ដោយឡែក ចំពោះគ្រួសារសពឈ្មោះ មុក គឹមថុន អាយុ ៥៤ឆ្នាំ ដែលបានទទួលមរណភាព ដោយសារភ្លើងឆេះផ្ទះ នៅភូមិអ្នកវាំង ឃុំស្រឡៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយបានស្លាប់នៅពេលចូលមកសម្រាកនៅមន្ទីរពេទ្យនេះ ទទួលបាន អង្ករ ១០០គីឡូក្រាម មី ៥កេស ទឹកក្រូច ៥កេស ត្រីខ ៥០កំប៉ុង មុង២ ភួយ២ សារុង២ ក្រមា២ និងថវិការបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ១ លានរៀល ព្រមទាំងទទួលបានការដឹកសពទៅគេហដ្ឋានវិញដោយឥតគិតថ្លៃ ពីមន្ទីរពេទ្យផងដែរ៕