(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបញ្ជាក់ថា អាណត្តិទី៧ របស់ NOCC ពិតជាមានសារៈសំខាន់ ក្នុងការត្រៀមរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ប៉ុន្ដែអាណត្តិទី៨ រឹតតែមានសារៈសំខាន់ថែមទៀត ក្នុងដំណាក់ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ឲ្យទទួលបានជោគជ័យត្រចះត្រចង់តាមការគ្រោងទុក។
ការលើកឡើងនេះ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៧ ឆ្នាំ២០១៨-២០២២ និងបន្ដអាណត្តិទី៨ ឆ្នាំ២០២២-២០២៦ របស់ NOCC នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្រពេលលោករដ្ឋមន្ដ្រី ថោង ខុន ត្រូវបានមហាសន្និបាតបោះឆ្នោតគាំទ្រធ្វើជាប្រធាន NOCC អាណត្តិទី៨ បន្ដទៀត ។ មហាសន្និបាតនេះ ក៏មានការចូលរួមពីលោក ពិន ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការប្រតិបត្តិ និងសហព័ន្ធកីឡាជាតិជាសមាជិកផងដែរ។
ក្នុងនាមចលនាអូឡាំពិកជាតិ និងតំណាងចលនាអូឡាំពិកអន្ដរជាតិ លោកបានវាយតម្លៃខ្ពស់ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានឧបត្ថម្ភគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ ផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងកក់ក្ដៅ ក្នុងគោលបំណងតែមួយ គឺការអភិវឌ្ឍវិស័យកីឡាជាតិ ឲ្យមានឧត្តមភាព និងជោគជ័យ ទាំងលើឆាកជាតិ និងអន្ដរជាតិ ។ ហើយលោកក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាជាតិទាំងអស់ ក្នុងការអភិវឌ្ឍន៍ច្ចេកទេសជំនាញវិជ្ជាជីវៈកីឡា ប្រកបដោយភាពស្វាហាប់ និងស្មារតីទទួលខុសត្រូវ។
លោកបណ្ឌិត ថោង ខុន បន្ដថា «ដើម្បីធានាបាននូវជោគជ័យក្នុងដំណាក់កាល “Games Time” ឆ្នាំ២០២៣ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយសហព័ន្ធកីឡាជាសមាជិក ដែលយើងទាំងអស់គ្នាបាននឹងកំពុងស្ថិតនៅក្នុងមហាគ្រួសារចលនាអូឡាំពិកជាតិ មហាគ្រួសារ កីឡាជាតិ មានឆន្ទៈតែមួយ ស្មារតីតែមួយ ឯកភាពគ្នាជាធ្លុងមួយ ឆ្ពោះទៅគោលដៅអភិវឌ្ឍ និងការពារផលប្រយោជន៍កីឡាជាតិទាំងអស់គ្នា ពិសេសពង្រឹងសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ឲ្យបានដាច់ខាត ដើម្បីធានា និងផ្តល់ការជឿជាក់ថា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម យើងពិតជាធ្វើបាន គឺខ្មែរធ្វើបាន»។
ក្រឡេកមកដំណើរការរៀបចំមហាសន្និបាតបញ្ចប់អាណត្តិរបស់ NOCC នេះវិញ ដើម្បីរក្សាស្ថេរភាព និងនិរន្ដរភាពដឹកនាំ គ្រប់គ្រងចលនាអូឡាំពិកកម្ពុជា ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍កីឡាធំៗ មានសារៈសំខាន់ ទើបគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ (IOC), ក្រុមប្រឹក្សាអូឡាំពិក (OCA), និងសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) បានណែនាំផ្ទាល់ និងសម្រេចអនុញ្ញាតឲ្យគណៈកម្មាធិការជាតិអូឡាំពិកម្ចាស់ផ្ទះ ប្រើនីតិវិធីរៀបចំមហាសន្និបាតបញ្ចប់អាណត្តិ ឬបន្ដអាណត្តិក្នុងកាលៈទេសៈពិសេស ដូចលក្ខខណ្ឌខាងក្រោម៖
១៖ គណៈកម្មាធិការជាតិអូឡាំពិក អាចបន្តអាណត្តិជាស្វ័យប្រវត្តិក្នុងពេលប្រទេសជាតិមានសង្គ្រាម (ឧទាហរណ៍៖ គណៈកម្មាធិការជាតិអូឡាំពិកអ៊ុយក្រែន ត្រូវបញ្ចប់អាណត្តិឆ្នាំ២០២១ ត្រូវបន្តជាស្វ័យប្រវត្តិរហូតដល់បញ្ចប់សង្រ្គាម ឬ មានគ្រោះធម្មជាតិធ្ងន់ធ្ងរ មានចលនាសង្គមជាដើម) ។
២៖ គណៈកម្មាធិការជាតិអូឡាំពិក អាចផ្ដល់សេចក្តីទុកចិត្តពីសមាជិក ក្នុងករណីដែលគណៈកម្មាធិការជាតិអូឡាំពិកនោះ កំពុងធ្វើម្ចាស់ផ្ទះការប្រកួតពហុកីឡាជាហ្គេម។ ករណីនេះ គឺអាចបន្ដអាណត្តិដោយផ្ដល់តែសេចក្ដីទុកចិត្តតែប៉ុណ្ណោះ។
ហេតុផលខាងលើនេះ ទើប NOCC រៀបចំមហាសន្និបាតបញ្ចប់អាណត្តិ បន្តអាណត្តិថ្មី តាមនីតិវិធីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើគណៈកម្មាធិការប្រតិបត្តិចាស់ ជាមួយនឹងតម្រូវការចាំបាច់ បញ្ចូលឥស្សរជនកីឡា ២រូបទៀត គឺលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និង លោកជំទាវ ញ៉ែម មរកត ក្នុងនាមប្រធានសហព័ន្ធកីឡារាំកម្ពុជា ជាសមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី តាមនីតិវិធីបោះឆ្នោតជាកញ្ចប់តែម្តង។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត ថោង ខុន។
លោករដ្ឋមន្ដ្រីបន្ដថា «បញ្ហាទាំងអស់នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានទទួលការគាំទ្រ និងយល់ព្រមដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើសមាសភាពថ្នាក់ដឹកនាំ និងអនុញ្ញាតឲ្យរៀបចំបោះឆ្នោតបន្តអាណត្តិជាកញ្ចប់ ដោយរក្សាគណៈកម្មាធិការប្រតិបត្តិចាស់ និងបញ្ចូលគណៈកម្មាធិការប្រតិបត្តិថ្មី ២រូប យ៉ាងកក់ក្តៅជាទីបំផុតផងដែរ។
ចំពោះសមាជិកគណៈកម្មាធិការប្រតិបត្តិ NOCC អាណត្តិទី៨ មានចំនួន ១៣រូប រួមមាន៖ លោកបណ្ឌិត ថោង ខុន ជាប្រធាន ព្រមទាំងអនុប្រធាន ៤រូប គឺមានលោកនាយឧត្តមសេនីយ៍ សៅ សុខា, លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន, លោក ថាង ហ្គោដុន និងលោក អ៊ុក សិទ្ធិជាតិ។ លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ និងលោក តែម ម៉ឺន ជាអគ្គលេខាធិការរង។ លោក លី កុសល ជាអគ្គហិរញ្ញិក និងសមាជិកប្រតិបត្តិ ៥រូប រួមមានលោក សំ សោភាន់, លោក មៀច សុផាន់ណា, លោក ជា បូរ៉ា, លោកស្រី កុយ ពិសី និងលោកស្រី ញ៉ែម មរកត៕