កញ្ញា ធី សុវណ្ណថា៖ «បងប្អូនប្រជាពលរដ្ឋជិត១០០០នាក់ នៅស្រុកព្រះនេត្យព្រះ គាំទ្រឲ្យខ្ញុំប្តឹងលោក កឹម សុខា ដល់ទីបញ្ចប់» (Video Inside)
22-06-2016 17:05
(បន្ទាយមានជ័យ)៖ ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋជិត១០០០នាក់ នៅស្រុកព្រះនេត្យព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា ដែលជាយុវតីដ៏ល្បាញល្បីគាំទ្រគណបក្សសង្គ្រោះជាតិ និងជាអ្នកប្រឆាំងនឹងរឿងអាស្រូវផ្លូវលោក កឹម សុខា បានលើកឡើងថា រូបនាងមករៀបចំវេទិកាសាធារណៈនៅទីនោះ គឺមិនមានការបង្ខិតបង្ខំបងប្អូនមកចូលរួមនោះទេ មិនមែនមនុស្សកុំព្យូទ័រទេ គឺមកចូលរួមដោយស្ម័គ្រចិត្តទាំងស្រុង។
ការលើកឡើងរបស់កញ្ញា បែបនេះធ្វើឡើង បន្ទាប់ពីមានអ្នកនយោបាយមួយចំនួន បាននិយាយថា កញ្ញាបានប្រើប្រាស់លុយទិញទឹកចិត្ត បងប្អូនប្រជាពលរដ្ឋឲ្យមកចូលរួមរាល់វេទិកា។
ឆ្លើយតបនឹងការលើកឡើងរបស់កញ្ញា ធី សុវណ្ណថា គ្រាដែលកញ្ញាកំពុងរៀបចំវេទិកាសាធារណៈ នៅចំពោះមុខបងប្អូនជិត១០០០នាក់, ដោយបងប្អូនយាយ តា មីង ពូ បានស្រែកថា «គាំទ្រឲ្យប្តឹងលោក កឹម សុខា»(សូមទស្សនាវិដេអូខាងក្រោម)។
សូមជំរាបថា កញ្ញា ធី សុវណ្ណថា តែងតែអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមទាមទារឱ្យ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ហ៊ានចេញមុខទទួលខុសត្រូវ ចំពោះមុខច្បាប់ចំពោះទង្វើអាក្រក់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទជាមួយកញ្ញា ស្រីមុំ។ នៅក្នុងរយៈពេលចុងក្រោយនេះ កញ្ញា ធី សុវណ្ណាថា បានធ្វើដំណើររៀបចំ វេទិកាសាធារណជាច្រើនកន្លែង នឹងនៅតាមបណ្តាខេត្តនានា ដោយទាញបានប្រជាប្រិយភាពជាច្រើន ពីបណ្តាបងប្អូនប្រជាពលរដ្ឋ៕