(ភ្នំពេញ)៖ លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានបញ្ជាក់ឲ្យដឹងថា រដ្ឋសភាបានឯកភាពបញ្ជូនសេចក្ដីព្រាងច្បាប់ចំនួនពីរ ទាក់ទងវិស័យដឹកជញ្ជូនផ្លូវអាកាសកម្ពុជា-អាស៊ាន-ចិន ទៅគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា ពិនិត្យសម្រេចដាក់បញ្ចូល ក្នុងរបៀបវារៈនៃសម័យប្រជុំ ពេញអង្គរដ្ឋសភានាពេលខាងមុខបន្តទៀត។
លោកស្រី និន សាផុន បានលើកឡងបែបនេះ នៅក្នុងកិច្ចប្រជុំពិភាក្សា និង សិក្សាសេចក្តីព្រាងច្បាប់ចំនួនពីរទាក់ទងវិស័យដឹកជញ្ជូនតាម ផ្លូវអាកាស ដោយមានការសហការរវាង ក្រសួងសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ជាមួយ គណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន ដឹកនាំដោយ លោក ឈាង វុន ជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា។
លោកស្រី និន សាផុន បានបន្តថា សេចក្តីព្រាងច្បាប់ទំាងពីរ ដែលលើកយកមកពិនិត្យនិងសិក្សានៅក្នុងកិច្ចប្រជុំនេះ មានទីមួយគឺសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធី សារអនុវត្តកញ្ចប់ កិច្ចសន្យាទី៧និងទី៨ នៃសេវាកម្មដឹកជញ្ជួនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀង ក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។ សេចក្តីព្រាងច្បាប់ទី២ គឺសេចក្តីព្រាងច្បាប់ស្តី ពីការអនុម័តយល់ព្រម លើ៖
១- កិច្ចព្រមព្រៀងដឹកជញ្ជួនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន
២- ពិធីសារទី១ ស្តីពីការមិនកំណត់សិទ្ធិហោះហើរទី៣ និងទី៤ រវាងចំនុចណាមួយ នៅក្នុងទឹកដីបណ្តាភាគីចុះកិច្ចព្រមព្រៀង
៣- ពិធីសារទី២ ស្តីពីសិទ្ធិហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង
នៅក្នុងកិច្ចប្រជុំនេះ លោក ម៉ៅ ហាវណ្ណាល់ បានលើកឡើហថា កិច្ចព្រមព្រៀងខាងលើនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើសេវាកម្ម ផ្លូវអាកាសក្នុងចំណោមប្រទេស ជាសមាជិកអាស៊ាន និងបណ្តាប្រទេសក្នុងតំបន់ ឲ្យស្របតាមការរីកចម្រើនរបស់តំបន់ និងពិភពលោក។
រដ្ឋលេខាធិការ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តលើកញ្ចប់កិច្ចសន្យាមួយចំនួនរួចមកហើយស្តីពីសេវាដឹកជញ្ជូនផ្លូវអាកាសនេះ ដើម្បីឆ្លើយតបទៅនឹងការធ្វើ សេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្ម និងផ្តល់ភាព ទាក់ទាញបន្ថែមទៀត នៃការវិនិយោគលើផ្នែកសេវាកម្មផ្លូវអាកាសនេះ។
លោក ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់បន្តថា រាជរដ្ឋាភិបាលមានគោលនយោ បាយនិងកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការអនុវត្តសេរីភាវូបនីយកម្ម និងសមាហរណកម្ម ពេញលេញនៃសេវាដឹកជញ្ជួនទាំងទំនិញ និងអ្នកដំណើរតាម ផ្លូវអាកាសនៅក្នុងតំបន់អាស៊ាន និងចិន។
លោកស្រី និន សាផុន បានថ្លែងការកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ដែលបាន យកចិត្តទុកដាក់ ក្នុងការជំរុញការអភិវឌ្ឍវិស័យ ដឹកជញ្ជូនតាមផ្លូវអាកាសដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ច និងផលប្រយោជន៍ ប្រទេសជាតិ៕