(ភ្នំពេញ)៖ តាមរយៈលិខិតមួយ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានព្រមាន ចាត់វិធានការតាមច្បាប់ចំពោះបាតុកម្មខុសច្បាប់របស់ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅក្បែរទីលានប្រជាធិបតេយ្យ នៅថ្ងៃនេះ។

លិខិតរដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាដោយ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ផ្ញើជូន លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក ឡុង រឹម សមាជិកគណៈកម្មាធិការនាយក នៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានរៀបរាប់ថា កាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានទទួលលិខិតលេខ ០០៤ សគកឯ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ស្តីពីការជូនដំណឹងអំពីការប្រមូលផ្ដុំសម្តែងមតិ ដើម្បីទាមទារឱ្យមានការដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងសហជីព។ បន្ទាប់មក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញលោក និងលោកស្រី មកប្រជុំពិភាក្សាអំពីសំណើ ខាងលើ ហើយបានឯកភាពគ្នាធ្វើការកែសម្រួលកម្មវត្ថុនៃលិខិតលេខ ០០៤ សគកឯ ខាងលើ ឱ្យស្របតាម លក្ខន្តិកៈរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ និងដែលត្រូវបាន ធ្វើវិសោធនកម្មនៅក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ០៨២ សជណ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ និងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី។

រដ្ឋបាលរាជធានីភ្នំពេញ បានបន្តថា ក្រោយមក នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានទទួលលិខិតលេខ ០០៥ សគកឯ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ស្តីពីការជូនដំណឹងជាថ្មី ស្តីពីការប្រមូលផ្តុំសម្ដែងមតិ របស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ហើយរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញលោក និងលោកស្រីមកប្រជុំ កាលពី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំនោះ ភាគីពាក់ព័ន្ធបានពិនិត្យឃើញថា កម្មវត្ថុនៃការសម្តែងមតិនេះ មិនស្របនឹងមាត្រា ៥២២ និងមាត្រា៥២៣ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ហើយលោក និង លោកស្រី ក៏បានឯកភាពគ្នាធ្វើការកែសម្រួលកម្មវត្ថុនៃលិខិតស្នើសុំឱ្យស្របតាមច្បាប់ ដោយបានចុះហត្ថលេខា លើកំណត់ហេតុ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ដូចមានក្នុងឯកសារយោងខាងលើ។

រដ្ឋបាលរាជធានីបញ្ជាក់ថា ស្រាប់តែនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សមាគមគ្រូបង្រៀនឯករាជ្យបានធ្វើការបាតុកម្មលើ ទ្រូងផ្លូវសាធារណៈ នៅក្បែរទីលានប្រជាធិបតេយ្យឫស្សីកែវ ហើយបន្តដើរដោយថ្មើរជើងតាមដងផ្លូវឆ្ពោះ ទៅសាលាដំបូងរាជធានីភ្នំពេញ។ ទង្វើខាងលើនេះ ជាសកម្មភាពមិនស្របច្បាប់ ដូចខាងក្រោម៖

១៖ មិនស្របមាត្រា ៥ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដោយសារលោក និងលោកស្រីមិនបានជូនដំណឹងមករដ្ឋបាលរាជធានីភ្នំពេញ សារជាថ្មីឡើយ។

២៖ មិនស្របមាត្រា ១៦ នៃច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដោយសារសកម្មភាពខាងលើ មិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច បង្កឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

បន្ទាប់ពីបង្ហាញអំពីភាពខុសច្បាប់នៃបាតុកម្មនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានព្រមានជាលាយលក្ខណ៍អក្សរចំពោះមេដឹកនាំបាតុកម្ម ហើយស្នើឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពប្រមូលផ្ដុំជួបជុំសម្តែងមតិ ដែលមិនស្របតាមច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយសន្តិវិធី។ ក្នុងករណីដែលលោក និងលោកស្រីនៅតែបន្តសកម្មភាពបែបនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានតាមផ្លូវច្បាប់ជាធរមាន៕