(ភ្នំពេញ)៖ សភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ បានសហការរៀបចំពិធី ស្តីពី «ណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជន ឈរឈ្មោះបោះឆ្នោត សភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២»។
ពិធីនេះ ធ្វើឡើងក្រោមអធិតីភាព ចំនួន៣រូប គឺ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោក គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្នុងពិធីនេះផងដែរ ក៏មានវត្តមាន ឧកញ៉ា បណ្ឌិត ណាង សុធី អគ្គលេខាធិការនៃសភាពាណិជ្ជកម្មរាជធានីភ្នំពេញ, អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន និង តំណាងប្រធានមន្ទីពាណិជ្ជកម្ម រាជធានីភ្នំពេញ។
ជាពិសេស អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ជាបេក្ខជន ឬតំណាងបេក្ខជន ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសជាសមាជិកសមាជិកាជ្រើសតាំង នៃសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ អាណត្តិទី៤ លើកទី២ ដែលមាន៤ផ្នែកគឺ(១)៖ ផ្នែកពាណិជ្ជកម្ម, (២)៖ ផ្នែកសេវាកម្ម និងវិជ្ជាជីវៈសេរី, (៣)៖ ផ្នែកឧស្សាហកម្ម និងសិប្បកម្ម និង(៤)៖ ផ្នែកកសិកម្ម។
លោក គឹម មាសសុខសីហា បានគូសបញ្ជាក់ថា គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បី៖
១៖ ប្រកាសលទ្ធផលជាសាធារណៈអំពីចំនួន បេក្ខជនឈរឈ្មោះបោះឆ្នោត និងចំនួនអ្នកបានចុះឈ្មោះបោះឆ្នោត និងលេខរៀងរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងផ្នែកទាំង៤។
២៖ ធ្វើការណែនាំដល់បេក្ខជនឈរឈ្មោះបោះឆ្នោតទាំងអស់ ជ្រាបអំពី សេចក្តីណែនាំ ស្តីពី «ការបោះឆ្នោតសភាពាណិជ្ជកម្មរាជធានីភ្នំពេញ» របស់ ក្រសួងពាណិជ្ជកម្ម លេខ ៣៤៧០ ព.ណ.អ.វ.ឯ ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
៣៖ កំណត់កាលបរិច្ឆេទ ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ សម្រាប់អ្នកឈរឈ្មោះបោះឆ្នោត ធ្វើការឃោសនាបោះឆ្នោត រកអ្នកគាំទ្ររបស់ខ្លួន ដែលកាលបរិច្ឆេទបោះឆ្នោត ផ្លូវការត្រូវបានកំណត់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ/កម្ពុជា៕