(ភ្នំពេញ)៖ ក្រសួងចំនួន៤ រួមមានក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងកក្រសួងទេសចរណ៍បាននឹងកំពុង រួមគ្នារៀបចំនូវសេចក្តីព្រាងប្រកាសអន្តរក្រសួង ក្នុងន័យដាក់គំនាបលើអ្នកប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសម្រេចគោលដៅកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក ឲ្យបាន៥០ភាគរយ នៅឆ្នាំ២០១៩ និង៧០ភាគរយនៅឆ្នាំ២០២០។
សិក្ខាសាលាមួយត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ ដើម្បីរួមគ្នាពិគ្រោះយោបល់ ស្ដីពី «វិធានការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក» ដោយមានការចូលរួមពីបណ្តា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីផងដែរ សំដៅធ្វើយ៉ាងប្រមូលបាននូវ ព័ត៌មានគ្រប់ជ្រុងជ្រោយ ឈានដល់ការកសាងបាន នូវប្រកាសអន្តរក្រសួង ដែលមានតម្លៃគ្រប់គ្រាន់ក្នុងការអនុវត្ត។
លោក ស៊ូ សូវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា បញ្ហាកាកសំណល់ជាបញ្ហាមួយ ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្ត ទុកដាក់យ៉ាងខ្លាំង ដូច្នេះហើយទើបក្រសួងចំនួន៤ រៀបចំប្រកាសអន្ដរក្រសួង ដើម្បីចាត់វិធានការណ៍ កាត់បន្ថយការប្រើប្រាស់ថង់ ប្លាស្ទិចនេះ ដែលជាប្រភពកាកសំណល់ដ៏សម្បើបមួយ។
លោកបានបន្ដទៀតថា តាមរបាយការណ៍ មនុស្សម្នាក់ៗក្នុងមួយឆ្នាំ ប្រើប្រាស់ថង់រហូតដល់២០០០ថង់ បើគិតទូទាំងប្រទេសការប្រើប្រាស់ ប្រជាជនប្រើប្រាស់ថង់ អស់ចំនួន១០លានថង់ ក្នុងមួយថ្ងៃ។ ហេតុនេះហើយ វិធានការណ៍កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកគឺជារឿង ចាំបាច់បំផុត។
លោក ស៊ូ សូវុធ បានបញ្ជាក់ថា ក្នុងប្រកាសអន្តរក្រសួង ដែលអាចនឹងត្រូវចុះហត្ថលេខា ដាក់ឲ្យប្រើប្រាស់ នាពេលខាងមុខនេះគឺមានការ គិតកម្រៃបន្ថែមចំនួន ៥០០រៀលសម្រាប់ថង់១ ពីបងប្អូនអ្នកប្រើប្រាស់ ដែលទិញទំនិញនៅតាមផ្សារ ហើយការអនុវត្តសាកល្បងនេះ ធ្វើឡើងក្នុងផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។
លោកបញ្ជាក់ទៀតថា យន្ដការអនុវត្តន៍ដើម្បីឲ្យមានប្រសិទ្ធភាព គឺយើងត្រូវការ ការចូលរួមពីមហាជន ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ យើងម្នាក់ៗ ដែលប្រើប្រាស់ថង់ប្លាស្ទិចនេះ ត្រូវតែជួយចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ យើងនឹងធ្វើការផ្តោតសំខាន់ លើការត្រួតពិនិត្យការនាំចូលថង់ផងដែរ។
លោក ហេង ណារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានឲ្យដឹងថា ការប្រើប្រាស់ថង់ប្លាស្ទិក មានផលប៉ះពាល់ជាច្រើន ទាំងសុខភាពមនុស្ស សត្វ វិស័យទេសចរណ៍ ជីវៈចម្រុះ និងប៉ះពាល់យ៉ាងខ្លាំង ដល់សត្វរស់នៅក្នុងទឹកផងដែរ។
លោក ហេង ណារ៉េត បានថ្លែងទទួលស្គាល់ថា ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក គឺមិនអាចកាត់បន្ថយបាន១០០ភាគរយនោះទេ ប៉ុន្តែរាជរដ្ឋាភិបាល ព្យាយាមធ្វើយ៉ាងណាកាត់បន្ថយ ឲ្យអស់លទ្ធភាព។ តាមគោលការណ៍ គឺចង់កាត់បន្ថយការប្រើប្រាស់៥០% ក្នុងឆ្នាំ២០១៩ និង៧០%ក្នុងឆ្នាំ២០២០។
សូមជម្រាបថា បើតាមសេចក្តីព្រាងប្រកាសអន្តរក្រសួង រាជរដ្ឋាភិបាលកម្ពុជា ក៏នឹងដំឡើងពន្ធលើការនាំចូល ថង់ប្លាស្ទិកផងដែរ៕