Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចពិគ្រោះយោបល់ ស្តីពីវិធានការការពារព្រៃឈើ ព្រៃសហគមន៍

22-06-2016 15:55

(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៦ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ មួយស្តីពីការកំណត់វិធានការ ការពារព្រៃឈើ ព្រៃសហគមន៍ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង ដើម្បីបង្កើនការពារព្រៃឈើនៅក្នុង ខេត្តស្ទឹងត្រែង ពីការកាប់បំផ្លាញ។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង តំណាងលោក ម៉ុម សារឿន អភិបាលខេត្ត ស្ទឹងត្រែង។ សិក្ខាសាលា រៀបចំឡើងដោយមានការគាំទ្រពីគម្រោងគាំទ្រព្រៃឈើ និងជីវចម្រុះ នៃទីភ្នាក់ងារ USAID និងអនុវត្តដោយ អង្កការវីនរ៉ក់អន្តរជាតិ (WINROCK)។

យោងតាមមន្រ្តីសាលាខេត្តស្ទឹងត្រែង បានឲ្យដឹងថា សិក្ខាសាលានេះធ្វើឡើង ដើម្បីផ្តល់ឱកាសដល់អ្នកពាក់ព័ន្ធក្នុងការពិនិត្យឡើងវិញ នូវបញ្ហា និងការប្រឈមសំខាន់ៗរបស់សហគមន៍ អាជ្ញាធរភូមិ រដ្ឋបាលឃុំ ស្រុក ក្នុងការការពារ និងគ្រប់គ្រងព្រៃ និងតំបន់ទេសភាពក្នុង ភូមិសាស្រ្ត ព្រៃឡង់ ដែលកំណត់ក្នុងសិក្ខាសាលាថ្នាក់ស្រុក។

សូមបញ្ជាក់ថា នៅពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីការប្តេជ្ញាចិត្តដ៏មុះមុតក្នុងការការពារព្រៃឈើ និង ធនធានធម្មជាតិ តាមរយៈការដកហូតព្រៃ និងដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុននានា ការបង្កើតគណៈកម្មការប្រឆាំងបទល្មើសព្រៃឈើ ការបែងចែកឡើងវិញ សមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងបរិស្ថាន ការសម្រេចជាគោលការណ៍ក្នុងការពិនិត្យ និងកែសម្រួល ឡើងវិញ នូវច្បាប់ព្រៃឈើ ច្បាប់ជលផល និងច្បាប់ពាក់ព័ន្ធ។ ជាពិសេសការអនុញ្ញាតឲ្យសកម្មជន និងសហគមន៍ ចូលរួមក្នុងការទប់ស្កាត់ ការពារ និងគ្រប់គ្រងព្រៃឈើជាមួយរាជរដ្ឋាភិបាល៕