(ភ្នំពេញ)៖ អង្គការ ហេឡែន ខេលល័រ អន្តរជាតិ សហការជាមួយ CARD និង MAFF នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាណែនាំគម្រោង «លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់ គ្រួសារកសិករក្រីក្រតាមរយៈកម្មវិធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ» ដើម្បីបង្កើតការយល់ដឹងរួម ក្នុងចំណោមភាគីពាក់ព័ន្ធនានា អំពីគោលដៅ គោលបំណងប្រជាជនគោលដៅ ពេលវេលាអនុវត្តគម្រោង និងលទ្ធផលរំពឹងទុករបស់គម្រោង នៅសណ្ឋាគារភ្នំពេញ។

ក្នុងកម្មវិធីសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី លោក ហ៊ូ ក្រើន នាយកអង្គការ ហេឡែន ខេលល័រ លោក សុខ ស៊ីឡូ អគ្គលេខាធិការ CARD, CARD, MAFF, MoH, ម្ចាស់ជំនួយ, ទីភ្នាក់ងារអង្គការសហប្រជាជាតិអង្គការសង្គមស៊ីវិល, យុវជនជើងឯកអាហារូបត្ថម្ភ អ្នកសារព័ត៌មានជើងឯកអាហារូបត្ថម្ភ ការិយាល័យកសិកម្ម ការិយាល័យសុខភាព និងស្រុក។

សូមជម្រាបថា សិក្ខាសាលានេះ មានគោលបំណងចំនួន៤សំខាន់ៗ រួមមាន៖

* ណែនាំជាផ្លូវការនូវគម្រោង «លើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារកសិករក្រីក្រតាមរយៈកម្មវីធីផលិតកម្មស្បៀងជាលក្ខណៈគ្រួសារ» ដល់ដៃគូពាក់ព័ន្ធ។

* បង្កើតការយល់ដឹងរួមក្នុងចំណោមភាគីពាក់ព័ន្ធនានា អំពីគោលដៅ គោលបំណង ប្រជាជនគោលដៅ ទីតាំងគោលដៅ ពេលវេលាអនុវត្តគម្រោង និងលទ្ធផលរំពឹងទុករបស់គម្រោង។

* បញ្ជាក់តួនាទី និងទំនួលខុសត្រូវក្នុងចំណោមដៃគូពាក់ព័ន្ធ។
* ពិភាក្សាអំពីជំហានបន្ទាប់នៃការអនុវត្តគម្រោង។

ក្នុងឱកាសនេះដែរ លោក ហ៊ូ ក្រើន បានលើកឡើងថា គម្រោងនេះ នឹងគាំទ្រអ្នកអសន្តិសុខស្បៀង ផលិតតាមរយៈ សហគមន៍កសិកម្មដែលមានស្រាប់ ផ្តល់ធនធានសម្រាប់ផលិតកម្មកសិកម្ម និងជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពកសិករ ក្នុងការផលិតអាហារចម្រុះ មានសារជាតិចិញ្ចឹមល្អ និងប្រកបដោយសុវត្ថិភាព សម្រាប់ប្រើប្រាស់និងលក់ដូរសម្រាប់ចំណូលគ្រួសារ។ អាហារដែលផលិតនឹងត្រូវលក់បញ្ចុះតម្លៃដល់គ្រួសារក្រ១ និង២ ព្រមទាំងគ្រួសារ ដែលមានស្ត្រីមានផ្ទៃពោះ ម្ដាយបំបៅដោះកូន ឬកុមារអាយុក្រោម២ឆ្នាំ។

បន្ថែមពីនេះទៀត លោក ហ៊ូ ក្រើន បានបន្ដថា គម្រោងនេះ ក៏នឹងបណ្តុះបណ្តាលយុវជន (អាយុចន្លោះពី ១៨-៣០ឆ្នាំ) ដើម្បីធ្វើការ ផ្សព្វផ្សាយ និងការអប់រំតាមរយៈកម្មវិធីមិត្តអប់រំមិត្ត។ យុវជនទាំងនេះនឹងដើរតួជាអ្នកជើងឯកអាហារូបត្ថម្ភ និងផ្សព្វផ្សាយសារសំខាន់ៗ ស្តីពីការទទួលទានអាហារ ដែលនាំឱ្យមានសុខភាពល្អ និងការផ្លាស់ប្ដូរ ឥរិយាបថវិជ្ជមានលើអាហារូបត្ថម្ភ នៅក្នុងសហគមន៍គោលដៅ តាមរយៈបណ្តាញទំនាក់ទំនងសង្គម និងវេទិកាប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតផងដែរ៕