(ភ្នំពេញ)៖ ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្តពង្រឹងយន្តការគ្រប់គ្រងស្ត្រីក្នុងវិស័យទេសចរណ៍ និងជំរុញលើកកម្ពស់សិទ្ធិ តួនាទី តម្លៃស្ត្រីឱ្យបានល្អប្រសើរ សម្រាប់ផែនការសកម្មភាពការងារនៅឆ្នាំ២០២៣ខាងមុខ។

សេចក្តីណែនាំនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារីនិងយេនឌ័រក្នុងវិស័យទេសចរណ៍ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីធ្វើការត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារនារីនិងយេនឌ័រក្នុងវិស័យទេសចរណ៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិភាក្សាបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៣ សំដៅពង្រឹងយន្តការគ្រប់គ្រងស្ត្រីក្នុងវិស័យទេសចរណ៍ និងជំរុញការលើកកម្ពស់ការចូលរួម សិទ្ធិ តួនាទី តម្លៃស្ត្រី ព្រមទាំងបង្កើនភាពអង់អាចដល់ស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍។

នៅក្នុងកិច្ចប្រជុំនោះ លោកស្រីរដ្ឋលេខាធិការបានលើកឡើងថា អនុវត្តតាមគោលនយោបាយ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានស្នើគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ចំពោះស្ត្រីដែលបម្រើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យសេវាកម្សាន្ត។

លោកស្រីបានបន្តថា ក្រសួងទេសចរណ៍ជាសេនាធិការជូនរាជរដ្ឋាភិបាល តែងបានយកចិត្តទុកដាក់ជាប្រចាំដល់ក្រុមនារីដែលបម្រើការតាមភោជនីយដ្ឋាន អាហារដ្ឋាន ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក បៀរហ្គាឌិន ម៉ាស្សានិងស្ប៉ា ហើយលោករដ្ឋមន្ត្រី ថោង ខុន តែងបានផ្តល់ការណែនាំ និងប្រគល់ភារកិច្ចជូនលោកស្រីរដ្ឋលេខាធិការ ហ៊ុន ដានី ដឹកនាំក្រុមការងារចុះជួបផ្ទាល់ដើម្បីសួរសុខទុក្ខ ស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមរបស់ក្រុមនារី ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ផងដែរ។

លោកស្រីរដ្ឋលេខាធិការបន្តទៀតថា យោងតាមរបាយការណ៍លទ្ធផលការងាររបស់មន្ទីរទេសចរណ៍រាជធានី-ខេត្តក្នុងរយៈពេលពេញមួយឆ្នាំ២០២២នេះ ការអនុវត្តការងារនារីនិងយេនឌ័រក្នុងវិស័យទេសចរណ៍មានការរីកចម្រើនលើគន្លងវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុក «ស្ត្រីជាឆ្ឆឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»។ បើទោះបីជាការអនុវត្តការងារទាំងនេះនៅមានចំណុចគួរពង្រឹងបន្ថែម និងបញ្ហាប្រឈមមួយចំនួនក្តី ប៉ុន្តែជារួមក្រុមការងារបានអនុវត្តការងារបានល្អ និងទទួលបានជោគជ័យ ដែលបានមកពីកត្តាសាមគ្គីភាព និងកិច្ចសហការល្អរវាងមន្ត្រីនិងមន្ត្រី រវាងថ្នាក់ដឹកនាំនិងថ្នាក់ដឹកនាំនៅគ្រប់កម្រិតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកស្រីរដ្ឋលេខាធិការបានគូសបញ្ជាក់អំពីកិច្ចអន្តរាគមន៍របស់ក្រសួងទេសចរណ៍ក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩ ដោយក្រសួងទេសចរណ៍បានសហការជាមួយក្រសួងសុខាភិបាលស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីបើកដំណើរការអាជីវកម្មខារ៉ាអូខេ និងបៀរហ្កាឌិន ដោយប្រែក្លាយជាភោជនីយដ្ឋាន ឬអាហារដ្ឋាន ដើម្បីផ្តល់ឱកាសការងារដល់បុគ្គលិកបម្រើការទាំងក្នុង និងក្រៅប្រព័ន្ធ។ ទន្ទឹមនេះក្រសួងបានស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលបើកដំណើរការអាជីវកម្មខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិនឡើងវិញ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១។

ដើម្បីជាទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ខាងមុខនេះ លោកស្រីរដ្ឋលេខាធិការ ហ៊ុន ដានី បានផ្តល់នូវអនុសាសន៍សំខាន់ចំនួន៥ចំណុច ដូចខាងក្រោម៖

១. បន្តពង្រឹងយន្តការគ្រប់គ្រងស្ត្រីក្នុងវិស័យទេសចរណ៍ និងចូលរួមកសាងកម្លាំងពលកម្មដែលបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

២. បន្តរៀបចំវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាតម្រង់ទិស ដើម្បីពង្រឹងនិងកសាងសមត្ថភាពស្ត្រីក្នុងវិស័យទេសចរណ៍។

៣. បន្តជំរុញការចូលរួមរបស់ស្ត្រីក្នុងការអនុវត្តផែនទីចង្អុលផ្លូវ (Road-Map) ស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ (២០២០-២០២៥) និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) ក្នុងវិស័យទេសចរណ៍។

៤. បន្តពង្រឹងនិងពង្រីកបណ្តាញស្ត្រីក្នុងវិស័យទេសចរណ៍ ជាពិសេសកសាងក្រុមនារីឯកជនឱ្យបានច្រើនបន្ថែមទៀតនៅគ្រប់សេវាកម្មទេសចរណ៍ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ចែករំលែកបទពិសោធន៍ និងដំណោះស្រាយបញ្ហាប្រឈមនានារបស់ពួកគាត់។

៥. បន្តចុះសំណេះសំណាលសួរសុខទុក្ខក្រុមស្ត្រីដល់មូលដ្ឋានអាជីវកម្មផ្ទាល់ តាមលទ្ធភាពដែលអាចធ្វើទៅបាន៕