(ភ្នំពេញ)៖ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ បានបំផ្លាញចោលនូវផលិតផលបារីអេឡិចត្រូនិក (E-Cigarette) ចំនួន ២៨៨កាតុង ស្មើនឹង៧,២០០ប្រអប់ ដែលរឹបអូសបាន កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។
គួរបញ្ជាក់ថា ការបំផ្លាញចោលនូវផលិតផលបារីអេឡិចត្រូនិកចំនួន ២៨៨កាតុង នាពេលនេះ សាខា ក.ប.ប រាជធានីភំ្នពេញ ដោយមាន កិច្ចសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្នងការនគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅទីលានចាក់សំរាមខណ្ឌដង្កោ។
ជុំវិញបញ្ហាខាងលើនេះ លោកប៊ុន ចំរើន អគ្គនាយករង ក.ប.ប តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ កបប និងមានការចូលរួមពីលោកហេង មាលី ប្រធានសាខាកកបរាជធានីភ្នំពេញ បានអោយដឹងថា កាលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការអនុញ្ញាតពី លោកព្រះរាជអាជ្ញាអម សាលាដំបូងរាជធានីភ្នំពេញ មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានចុះប្រតិបត្តិការ ត្រួតពិនិត្យទីតាំងស្តុកទុក ចែកចាយផលិតផលចម្រុះ មួយកន្លែងដែលមានអាសយដ្ឋាន សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទន្ទឹមនឹងនោះ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន កប.ប. បានរកឃើញ និងដកហូតជា បណ្តោះអាសន្ននូវផលិតផល ដូចជា ៖ បារីអេឡិចត្រូនិក (E-Cigarette) ម៉ាក UOLO ចំនួន ៣,៦០០ ប្រអប់, ម៉ាស៊ីនសម្រាប់ជក់ ម៉ាក UOLO ចំនួន ១,៨០០ប្រអប់, ក្បាលសម្រាប់ជក់ ម៉ាក UOLO ចំនួន ១,៨០០ប្រអប់ ។
សូមរំលឹកថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន សមាជិកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ថា ត្រូវបញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផលបារីអេឡិចត្រូនិក (E-Cigarette) អេចស្ប៉ូ ធី ភី (HTPs) តាមគ្រប់រូបភាព និងត្រូវធ្វើការផ្សព្វផ្សាយពីការហាមឃាត់មិនឱ្យមានការ នាំចូលចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូទៅឱ្យបានទូលំទូលាយ៕