(ភ្នំពេញ)៖ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់យោបល់មួយចំនួន ដល់សិស្សដែលទើបតែជាប់ ឬធ្លាក់បាក់ឌុប ឆ្នាំ២០២២នេះ គួរមានជំនាញច្បាស់លាស់មួយ រួមនឹងជំនាញអម៤ទៀត ដើម្បីវិវត្តខ្លួនឱ្យក្លាយជាបុគ្គលិក ឬសហគ្រិន ដែលមានគុណភាពនាពេលខាងមុខ។
លោក ង៉ែត ជូ បានលើកឡើងថា សិស្សដែលទើបតែប្រឡងជាប់បាក់ឌុបក្តី ឬធ្លាក់បាក់ឌុបក្តី គួរមានជំនាញគោលច្បាស់លាស់មួយ ដែលជាជំនាញសំរាប់វិជ្ជាជីវៈប្រចាំជីវិត ដើម្បីងាយទទួលបានការងារធ្វើ ឬប្រកបអាជីវកម្មចិញ្ចឹមជីវីត។ យ៉ាងនេះក្តី ពួកគេក៏ត្រូវមានជំនាញអមចំនួន៤ទៀតផងដែរ ដែលជាជំនាញសំខាន់ ដើម្បីពួកគេជួយឱ្យពួកគេបំពេញការងារប្រកបដោយប្រសិទ្ធភាព និងជីវិតរស់នៅមានភាពល្អប្រសើរ ក៏ដូចជាមានសេរីភាពហិរញ្ញវត្ថុ។
លោកបានពន្យល់ថា «ក្នុងសម័យកាលនេះ បើចេះតែជំនាញគោលមួយច្បាស់លាស់ ហើយមិនមានជំនាញ៤អមទៀតទេ ជីវិតការងារ ឬប្រកបអាជីវកម្ម អាចនឹងធ្វើឱ្យពួកគេបរាជ័យ ឬមិនមានសេរីភាពហិរញ្ញវត្ថុ។ បើទោះបីជាពួកគាត់អាចរកចំណូលបានក៏ដោយ ប៉ុន្តែគាត់ប្រហែលមិនអាចគ្រប់គ្រងចំណូលចំណាយបានល្អទ្រទ្រង់ជីវភាពរបស់គ្រួសារគាត់បាននោះទេ។ ហេតុនេះហើយបានជំនាញ ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ ការវិនិយោគ ឬជំនាញសហគ្រិន ពិតជាសំខាន់ណាស់សម្រាប់ពួកគេ។ ទាក់ទងនឹងជំនាញអមទី៣ គឺជំនាញទំនាក់ទំនង និងការធ្វើការងារជាក្រុម តាមការស្រាវជ្រាវ យុវជនខ្មែរមួយចំនួនគឺកង្វះជំនាញទន់ ក្នុងការប្រាស្រ័យទាក់ទង និងការធ្វើការងារជាក្រុម។ អ្នកខ្លះចេះជំនាញបច្ចេកទេស តែមិនចេះធ្វើការងារជាក្រុម ក៏ធ្វើការងារមិនសូវមានប្រសិទ្ធភាពដែរ ហើយពេលមានអ្វីទាស់ចិត្តបន្តិចក៏ដាក់ពាក្យឈប់»។
លោកបានពន្យល់ពីជំនាញអម៤ បន្ថែមថា៖
១- ជំនាញសហគ្រិនភាព គឺជាជំនាញដែលមានគំនិតច្នៃប្រឌិត និងបង្កើតនូវគំនិតអាជីវកម្មដើម្បីដោះស្រាយបញ្ហានានាក្នុងសង្គម។ ដំបូងយុវជនអាចប្រើជំនាញគោល សំរាប់ធ្វើការងារយកប្រាក់ខែចិញ្ចឹមជីវិត និងក្រុមគ្រួសារ និងប្រើជំនាញសហគ្រិនភាព ដើម្បីជួយឱ្យក្រុមហ៊ុនដែលខ្លួនធ្វើការកាន់តែមានភាពរីកចម្រើនខ្លាំង។ បន្ទាប់មកអាចនឹងបង្កើតអាជីវកម្មផ្ទាល់ខ្លួនប្រសិនបើមានចំណង់ និងសមត្ថភាពច្បាស់លាស់។
២- ជំនាញគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងវិនិយោគ គឺចាប់ពីពេលនេះតទៅការចេះធ្វើការ ឬប្រកបរបរអាជីវកម្ម ដើម្បីរកចំណូលចិញ្ចឹមគ្រួសារតែមួយមុខមិនគ្រប់គ្រាន់ទេ គឺទាមទារឱ្យចេះគ្រប់គ្រងលុយកាក់ និងទ្រព្យសម្បត្តិ ដែលរកបានដោយលំបាកឱ្យមានប្រសិទ្ធិភាព។ ជាពិសេសចេះយកប្រាក់ដែលរកបានទៅបង្កើតប្រាក់បន្ថែម តាមរយៈការវិនិយោគ ដើម្បីសម្រួលបន្ទុកដល់ការទ្រទ្រង់ជីវភាពគ្រួសារ និងការអប់រំកូនៗឱ្យបានល្អ។
៣- ជំនាញប្រាស្រ័យទាក់ទង និងធ្វើការងារជាក្រុម៖ ទោះជាបំពេញការងារជាអ្វីក៏ដោយ ជាសហគ្រិនក៏ដោយ ឬជាអ្នកវិនិយោគក៏ដោយ បុគ្គលគ្រប់រូបគប្បីមានជំនាញប្រាស្រ័យទាក់ទងល្អ និងសមត្ថភាពក្នុងការធ្វើការងារជាក្រុមឱ្យមានប្រសិទ្ធិភាពខ្ពស់។ បើមិនដូច្នោះទេគឺពុំមានឱកាសទទួលបានជោគជ័យក្នុងការបំពេញការងារឡើយ។
៤. ជំនាញភាសាបរទេស៖ ជំនាញនេះ គឺសំរាប់បម្រើឱ្យការសិក្សាស្រាវជ្រាវ និងការប្រាស្រ័យទាក់ទងក្នុងការងារ។ល។
ទន្ទឹមគ្នានេះ លោកក៏បានលើកឡើងពីជំនាញដែលទីផ្សារកម្ពុជាកំពុងត្រូវការ ដែលយុវជនគួរតែពិចារណា ក្នុងការចាប់យកជំនាញ ដើម្បីបំពេញតម្រូវការទីផ្សារការងារនៅកម្ពុជា ខណៈបច្ចុប្បន្ននេះ កម្ពុជាកំពុងប្រឈមមុខនឹងការកង្វះកម្លាំងពលកម្មក្នុងវិស័យទាំងនេះ។
បច្ចុប្បន្ននេះ ជំនាញដែលទីផ្សារការងារកម្ពុជាកំពុងត្រូវការ គឺជំនាញបច្ចេកទេស ដើម្បីបម្រើការងារក្នុងវិស័យឧស្សាហកម្ម អេឡិត្រូនិច និងជំនាញបច្ចេកទេសកសិកម្ម ដើម្បីជួយឱ្យវិស័យកសិកម្មកាន់តែរីកចម្រើន ព្រមទាំងជំនាញកែច្នៃ និង សំណង់ជាដើម។ ជាមួយគ្នានេះ ប្រសិនសិស្ស មិនចូលចិត្តរៀនជំនាញដែលទីផ្សារត្រូវការ ហើយចូលចិត្តជំនាញដែលខ្លួនស្រលាញ់ចូលចិត្ត ប៉ុន្តែត្រូវប្រាកដថាគាត់ត្រូវពូកែនូវជំនាញ ដែលខ្លួនបានជ្រើសរើស ប្រសិនបើពួកគេរៀនឱ្យតែបានសញ្ញាបត្រ ហើយពេលចេញទៅបំពេញការងារមិនមានជំនាញច្បាស់លាស់ មិនពូកែ អាចនឹងធ្វើឱ្យពួកគេពិបាករកការងារធ្វើ។ហើយពួកគេគួរច្នៃជំនាញដែលខ្លួន ពេញចិត្តឱ្យក្លាយជាមុខរបរមួយក្នុងការប្រកអាជីវកម្ម ហេតុនេះហើយពួកគេត្រូវចេះជំនាញសហគ្រិន។
រីឯសម្រាប់សិស្សដែលធ្លាប់បាក់ឌុបវិញ គួរតែរៀនបរិញ្ញាបត្ររងផ្នែកវិស្វកម្ម ឬជំនាញបច្ចេកទេសដ៏ទៀត ដូចជាសំណង់ អគ្គិសនី ជួសជុលគ្រឿងអេឡិចត្រូនិក ឬជំនាញខាងផ្នែកកសិកម្មជាដើម និងឈានទៅរៀនបរិញ្ញាបត្របន្ត៕