(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ ដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន៦ចំណុចសំខាន់ៗ ដើម្បីជំរុញ និងលើកកម្ពស់ វិស័យទេសចរណ៍កម្ពុជា ឲ្យក្លាយជា គោលដៅទេសចរណ៍ពិភពលោក និងគោលដៅទេសចរណ៍ប្រកបដោយភាគកក់ក្តៅ។
សម្តេច ហ៊ុន សែន មានប្រសាសន៍បែបនេះ ខណៈសម្តេច ចូលរួមនៅក្នុង ពិធីទទួលជ័យលាភី ពានរង្វាន់ជាសមាជិកកិត្តិយស នៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុប ដែល «កម្ពុជាជាប់ជាគោលដៅទេសចរណ៍ល្អបំផុត លើពិភពលោក សម្រាប់ឆ្នាំ២០១៦» រៀបចំធ្វើនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅវិមានសន្តិភាព។
សម្តេច ហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួន៖
១៖ ជាគោលដៅទេសចរណ៍ពិភពលោក មិនអាចកាត់ផ្តាច់ពីការចូលរួមរបស់អ្នកនៅជួរមុខ ដែលប្រកបដោយស្នាមញញឹម ភាពរួសរាយរាក់ទាក់ រាប់តាំងពីសេវាលើយន្តហោះ ច្រកទ្វាអន្តរជាតិ ការស្នាក់នៅ ការហូបចុក កាកម្សាន្ត ជាដើម ដូច្នេះ ចលនាប្រឡងប្រណាំង «បដិសណ្ឋារកិច្ចល្អ» ជារបៀបវារៈថ្មីមួយរបស់ជាតិ ដោយយ់ងត្រូវយល់ឃើញថា «បដិសណ្ឋារកិច្ចគឺជាកាតព្វកិច្ច របស់យើងទាំងអស់គ្នា»។
ដើម្បីកម្ពុជា ជាគោលដៅទេសចរណ៍ពិភពលោក ត្រៀមទទួលទេសចរណ៍អន្តរជាតិ ប្រមាណ៧ម៉ឺនលាននាក់ នៅឆ្នាំ២០២០ និងជាម្ចាស់ផ្ទះការប្រកួត កីឡាស៊ីហ្គេមឆ្នាំ២០២៣។
ខ្ញុំសូមឲ្យគ្រប់ភាគីពាក់ព័ន្ធ ត្រូវ ចូលរួមឲ្យសកម្មភាបក្នុងការប្រកួតប្រណាំង «បដិសណ្ឋារកិច្ចល្អ» ដែលក្នុងនោះ រួមមានទី១ បដិសណ្ឋារកិច្ចល្អក្នុងសេវាទេសចរណ៍ ទី២ បដិសណ្ឋារកិច្ចល្អលើសេវាសាធារណៈ ក្នុងទីក្រុងស្អាត និង ទី៣ បដិសណ្ឋារកិច្ចល្អរបស់មន្រ្តីច្រកទ្វារអន្តរជាតិ។
២៖ ស្របពេលនេះ ខ្ញុំសូមប្រកាសនូវយុទ្ធសាស្រ្ត «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយ» អមជាមួយនូវពាក្យ «ផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ» ឲ្យក្លាយជាការផ្សព្វផ្សាយប្រកបដោយសក្កានុពលទាក់ទាញរបស់កម្ពុជា ទៅកាន់ពិភពលោក និងសារដ៏មានសារៈសំខាន់ ក្នុងការចាប់យកនូវភាពទាក់ទាញភ្ញៀវ ឲ្យមកទស្សនាច្រើនដងលើទឹកដីកម្ពុជា។
៣៖ រាជរដ្ឋាភិបាលកម្ពុជា បេ្តជ្ញាបន្តខិតខំប្រឹងប្រែងថែរក្សាអភិរក្សធនធានធម្មជាតិ ធនធានវប្បធម៌ លើកកម្ពស់ និងអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍ ឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។
ខ្ញុំស្នើឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាអភិរក្ស នូវធនធានដ៏មានតម្លៃនៃវប្បធម៌ តំបន់បេតិកភណ្ឌ តំបន់ឆ្នេរសមុទ្រ ព្រមទាំងឆ្លើយតបនឹងការគិតគូរពីបរិស្ថាន និងបម្រែប្រួលអាកាសធាតុ។
៤៖ ខ្ញុំស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមទាំងអស់គ្នា ដើម្បីយុទ្ធនាការ «កម្ពុជាស្អាត កម្ពុជាប៉ៃតង» តាមរយៈការគាំទ្រឲ្តកាន់តែសកម្ម ក្នុងយុទ្ធនាគារបក្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ច»។
៥៖ ក្រសួងទេសចរណ៍ត្រូវបន្តខិតខំប្រឹងប្រែងសហការជាមួយស្ថាប័នពាក់ព័ន្ធរៀបចំអភវឌ្ឍន៍ផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ឲ្យកាន់តែប្រសើរថែមទៀត ដើម្បីឲ្យកម្ពុជាក្លាយជាចំណុច «ស្នូលនៃទេសចរណ៍ក្នុងតំបន់»។ ក្នុងន័យនេះ ខ្ញុំសូមឲ្យក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុប និងដៃគូឯកជន បន្តជួយកម្ពុជា ក្នុងការផ្សព្វផ្សាយអភិវឌ្ឍន៍ទេសចរណ៍ និងជួយទាក់ទាញវិនិយោគិន និងទេសចរអ៊ឺរ៉ុប និងពិភពលោក មកទស្សនាកម្ពុជាកាន់តែច្រើនឡើងៗ។
៦៖ ខ្ញុំសូមស្នើឲ្យលោក អានតុន ការ៉ាហ្គា និងលោក មឺរស៊ី កុងស៊ានទីនីស្គូ ប្រធានសភាទេសចរណ៍អ៊ឺរ៉ុប ផ្តល់កិច្ចសហការ និងគាំទ្រ ដល់ក្រសួងទេសចរណ៍កម្ពុជា ក្នុងការរៀបចំសិក្សា និងបង្កើតស្តង់ដារសេវាទេសចរណ៍ថែមទៀត ព្រមតាំងពង្រឹង និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍។
សម្តេច ហ៊ុន សែន ជឿជាក់ថា កម្ពុជានឹងអាចក្លាយជាគោលដៅទេសចរណ៍ ដែលផ្តល់ភាពកក់ក្តៅ ទាក់ទាញ និងផ្តល់សុខុមាលភាពល្អដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ជាគោលដៅទេសចរណ៍បៃតង ដ៏ទាក់ទាញជាមួយនឹង ស្នាមញញឹមពីធម្មជាតិរបស់ប្រជាពលរដ្ឋ ដែលអាចនិយាយបានថា «កម្ពុជា ជាព្រះរាជាណាចក្រកម្ពុជាប្រកបដោយស្នាមញញឹម» ចូលរួមកសាងកេរ្តិ៍ឈ្មោះ និងកិត្យាស័ព្ទ «កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ» លើឆាកអន្តរជាតិ៕