(ភ្នំពេញ)៖ ដើម្បីចូលរួមរំណែកជួយដល់សិស្សានុសិស្សក្រីក្រ ដែលចង់បន្តការសិក្សានៅថ្នាក់បរិញ្ញាបត្រ នៅសកវិទ្យាល័យក្នុងរាជធានីភ្នំពេញ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News សូមប្រកាសផ្ដល់អាហាររូបករណ៍១០០កន្លែង លើមុខជំនាញចំនួន៧មុខ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
ចំពោះឯកទេសទាំង៧ សម្រាប់អាហារូបករណ៍១០០% លើថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះមានដូចជា៖ នីតិសាស្ត្រ, គ្រប់គ្រងទូទៅ, វិទ្យាសាស្ត្រអប់រំ, អក្សរសាស្ត្រអង់គ្លេស, ព័ត៌មានវិទ្យា, ទស្សនវិជ្ជាពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ។
អាហាររូបករណ៍ទាំង១០០កន្លែងនេះ គឺជាការផ្ដល់ជូនដោយផ្ទាល់ពីសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជូនលោកអគ្គនាយកបណ្តាញព័ត៌មាន Fresh News។
ជាមួយគ្នានេះលោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News សូមថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមថ្លែងអំណរអរគុណដល់ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបានប្រទានអាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្រ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ចំនួន១០០កន្លែងសម្រាប់ទុកចែកជូនដល់បុគ្គលិក សិស្ស និស្សិតក្រីក្រដែលមានបំណងចង់រៀនសូត្រ។
សូមជម្រាបថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ដែលមានការឧត្ថម្ភគាំទ្រដោយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ជាព្រះសាកលវិទ្យាធិការ និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បិតាស្ថាបនិកសន្តិភាពកម្ពុជា។
អាហារូបករណ៍ គឺជាការផ្តល់ការអប់រំផ្សព្វផ្សាយ និងមនុស្សធម៌ ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីចូលរួមចំណែកលើកម្ពស់វិស័យអប់រំពុទ្ធិកសិក្សាជាតិ ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។
សិស្សនិស្សិតក្រីក្រ សូមទំនាក់ទំនងមកកាន់អង្គភាពព័ត៌មាន Fresh News ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៖
កញ្ញា ថាន រស្មី ទទួលបន្ទុកកិច្ចការអាហារូបករណ៍
Tel: 855 92 322 334
Telegram: https://t.me/raksmeythanfn