(ប៉េកាំង)៖ ការិយាល័យវិស្វកម្មអវកាសចិន បានប្រកាសថាខ្លូននឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែត Long March-7 ប្រភេទដឹក ទំនិញ នៅចន្លោះថ្ងៃសៅរ៍សប្តាហ៍នេះ ទៅថ្ងៃពុធ សប្តាហ៍ក្រោយពីស្ថានីយពិសោធន៍ស្ថិតនៅភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០១៦។
Long March-7 ជាគ្រាប់រ៉ុក្កែតធុនមធ្យមមួយ ដែលប្រើប្រាស់ឥន្ធនៈរាវទ្រទ្រង់ចំហេះ នឹងអាចដឹកទំនិញទម្ងន់ ១៣,៥តោនទៅកាន់រយៈកម្ពស់មធ្យមមួយពីផ្ទៃផែនដី។ វានឹងត្រូវប្រើប្រាស់ ក្នុងការដឹកសម្ភារៈនិងទំនិញទៅកាន់ ស្ថានីយអវកាសចិន ដែលគ្រោងនឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅ ឆ្នាំ២០២៣ ស្ថិតនៅក្នុងគោលដៅប្រកួតប្រជែង នឹងស្ថានីយអវកាសអន្តរជាតិ (ISS)។
គួរបញ្ជាក់ថាព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ ក៏នឹងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាតំបន់ Wenchang ភាគខាងត្បូងប្រទេសចិននោះដែរ ដោយសណ្ឋាគារនានា ត្រូវបានបើកទូលាយឲ្យមានការកក់បន្ទប់ទុកជាមុនរហូតដល់ថ្ងៃអាទិត្យសប្តាហ៍នេះ។ វានឹងត្រូវអនុញ្ញាតឲ្យមនុស្សយ៉ាងហោចណាស់ក៏ ៨០,០០០នាក់ដែរ ចូលរួមទស្សនាការបាញ់គ្រាប់រ៉ុក្កែត Long March-7 នៅពេលខាងមុខ៕