(បន្ទាយមានជ័យ)៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសន្តិភាពកម្ពុជា សហការជាមួយអាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងកសិករជាង ២០០០នាក់ នៅឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានរៀបចំកម្មវិធី «ដាល់អំបុកឈ្នះ-ឈ្នះ» ដើម្បីរំលឹកខួប២៤ឆ្នាំ នៃទិវាឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២២) ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន។

ព្រឹត្តិការណ៍នេះ មានការចូលរួមដោយ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឱ្យលោក ហ៊ុន ម៉ានី និងលោក នង ដារុន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ព្រមទាំងអភិបាលរងស្រុកម៉ាឡៃ មេឃុំ មេភូមិ អាជ្ញាធរមូលដ្ឋានចំណុះស្រុកម៉ាឡៃផងដែរ។

នាឱកាសនោះដែរ លោក សួន សេរីរដ្ឋា បានរំលឹកពីសកម្មភាព ពលីកម្មតស៊ូ លះបង់ប្តូផ្តាច់ គ្រប់យ៉ាងដើម្បីពុះពារនាំយកសន្តិភាពពេញជូនប្រជាពលរដ្ឋកម្ពុជា និងពិសេសជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ កាលពី២៤ឆ្នាំមុន របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្គ្រាមស៊ីវិលកម្ពុជាទាំងស្រុង នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

ដើម្បីអបអរខួប២៤ឆ្នាំ ទិវានៃនយោបាយឈ្នះ-ឈ្នះ កម្មវិធី «ដាល់អំបុកឈ្នះ-ឈ្នះ» នៅមូលដ្ឋានស្រុកម៉ាឡៃ ក៏មានលេងហ្គេម បុកអំបុកប្រណាំងគ្នា លេងហ្គេម អគុណសន្តិភាព និងហ្គេមប្តូរចាក់ទឹកត្រជាក់។

កម្មវិធីបានប្រព្រឹត្តិទៅក្រោមបរិយាកាសរីករាយជិតស្និត សប្បាយ ហោរកញ្ច្រៀវ និងក្រោមអាកាសធាតុត្រជាក់ល្មម ហើយប្រជាពលរដ្ឋ ប្រជាកសិករ បន្តលេងរាំកម្សាន្ត និងលេងល្បែងប្រជាប្រិយ ទទួលទាននុំបញ្ចុកសន្តិភាព រហូតដល់យប់ មានបាញ់កាំជ្រួចអបអរសាទរបញ្ចប់កម្មវិធីផងដែរ៕