(ភ្នំពេញ)៖ នៅព្រឹកសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលខណ្ឌដូនពេញ បានរៀបចំពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ កម្លាំងប្រជាការពារខណ្ឌ ដើម្បីអបអរសាទរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ ក្រោមអធិបតីភាព លោក ជា ខេមា អភិបាលខណ្ឌដូនពេញ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានថ្លែងអំណរគុណដល់មន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទរបស់រដ្ឋបាលខណ្ឌដូនពេញ ដែលបានខិតខំបំពេញក្នុងការអនុវត្តការងារនាពេលកន្លងមក និងសូមបន្តយកចិត្តទុកដាក់ខិតខំ អនុវត្តការងារក្នុងឆ្នាំថ្មីខាងមុខបន្តទៀតអោយកាន់តែល្អប្រសើរ។

ក្នុងពិធី​សំណេះសណាលនោះ លោកអភិបាលខណ្ឌ​ បានក្រើនរំលឹកដល់បងប្អូនជួយផ្សព្វផ្សាយដល់បងប្អូនអាជីវករ​ ម្ចាស់អាជីវកម្ម​ មេត្តា​ជួយសហការដល់អាជ្ញាចុះរៀបចំសណ្តាប់ធ្នាប់​ ការចុះគូសគំនូសកំណត់ទីតាំងអាជីវកម្ម​ ការតាំងផើងផ្កាការចតយាន្តយន្តលើទីតាំងហាមឃាត​ ការចតយាន្តយន្តខុសបច្ចកទេស​ជាដើម។

លោកថា ការ​ចុះគូសគំនូសគោលបំណងដើម្បីរំដោះផ្លូវថ្មើរជើង​ កន្លងមកដោយមានការយោគយល់ពីអាជ្ញាធរចំពោះបងប្អូនអាជីវក​រ​ ម្ចាស់អាជីវកម្ម​ផ្លូវថ្មើរជើងស្ទើរបាត់ទាំងស្រុង។ ដូច្នេះ​ដើម្បី​ស្វាគមន៍​ភ្ញៀវជាតិ​ អន្តរជាតិអញ្ជើញមកកំសាន្ត​ ក៏ដូចជាហាត់ប្រាណនោះ​ ស្នើសុំបងប្អូនមេត្តាសហការដល់អាជ្ញារធរឲ្យបានគ្រប់ជ្រុងជ្រោយ។

ក្នុងពិធី​សំណេះសំណាលនោះដែរ លោក​អភិបាល​ខណ្ឌ ​បានផ្តល់ជាថវិកាមួយចំនួនជាការលើកទឹកចិត្តដល់មន្រ្តីរាជការដែលកំពុងបំពេញកិច្ចយ៉ាងសស្រាក់សស្រះកន្លងមក។ ក្នុងឱកាសឆ្នាំថ្មីខាងមុខ​ លោក​ អភិបាលបានជូនពរដល់មន្ត្រីក្រោមឱវាទទាំងអស់ ជួបប្រទះតែសុភមង្គល សេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ និងសូមជួបនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕