(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានទណ្ឌិតចំនួន២៨៣នាក់ (ស្រី២៧នាក់) ត្រូវបានក្រសួងយុត្តិធម៌ លើកសំណើជូននាយករដ្ឋមន្ត្រី ដើម្បីស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោស ក្នុងឱកាសទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាម លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បញ្ជាក់ប្រាប់ Fresh News។

លោកថ្លែងថា ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ គណៈកម្មការជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានបញ្ជូនសំណើគោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងសម្រេចស្នើសុំព្រះមហាក្សត្រផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតសរុបចំនួន ២៨៣នាក់ (ស្រី ២៧ នាក់) ដែលក្នុងនោះរួមមាន៖
* បន្ថយទោស ៣ ខែ ចំនួន ២១៥ នាក់ (ស្រី ១៧ នាក់)
* បន្ថយទោស ៦ ខែ ចំនួន ៥៤ នាក់ (ស្រី ០៩ នាក់)
* បន្ថយទោស ៩ ខែ ចំនួន ១១ នាក់ (ស្រី ០០ នាក់)
* ការបន្ថយទោស ១២ ខែ ចំនួន ០២ នាក់ ( ស្រី ០០ នាក់)
* លើកលែងទោស ចំនួន ១នាក់ ( ស្រី ១នាក់) ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២១មក កម្ពុជាបានកំណត់ឱ្យមានការលើកលែងទោស និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៥ដងក្នុងមួយឆ្នាំៗ ក្នុងនោះរួមមាន៖
១៖ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
២៖ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
៣៖ ពិធីបុណ្យវិសាខបូជា
៤៖ ពិធីបុណ្យឯករាជ្យជាតិ
៥៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក៕