(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព វរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ នាយរងការិយាល័យផ្សព្វផ្សាយអប់រំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានបាត់បង់ជីវិតក្នុងករណីបង្ក្រាបគ្រឿងញៀន កាលពីថ្ងៃទី២៨ ខែធ្នូ។

តាមរយៈសាររំលែកទុក្ខ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងថា៖ «ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ មានក្តីរន្ធត់ក្នុងចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ ឋានៈនាយរងការិយាល័យផ្សព្វផ្សាយអប់រំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានពលីជីវិត កាលពីយប់ថ្ងៃពុធ ៦ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ក្នុងជន្មាយុ៣៤ឆ្នាំ។

មរណភាពរបស់លោក វរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ គឺជាការបាត់បង់នូវកូន និងស្វាមីជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ក៏ដូចជាការបាត់បង់នូវមន្ត្រីនគរបាលជាតិដ៏អង់អាចក្លាហានមោះមុត ដែលជានិច្ចកាលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងសេចក្តីសុខផ្ទាល់ខ្លួន រហូតលះបង់អាយុជីវិតប្រកបដោយកិត្តិយស ដើម្បីបុព្វហេតុសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

ពលិកម្មរបស់លោកវរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ គឺជាគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងទទួលបាននូវការគោរពកោតសរសើរ ស្ញប់ស្ញែងពីថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។ យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបីបារមីនៃវត្ថុស័ក្តិសិទ្ធក្នុងលោក ឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធសព លោក វរសេនីយ៍ត្រី ម៉ិច ឆាយភីវ័យ បានទៅកាន់បរមសុខនៅក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕