(កំពត)៖ ឆ្លើយតបទៅកាន់លោក សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដែលចង់ស្នើសុំរាជរដ្ឋាភិបាលឱ្យបញ្ឈប់ការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ និងប្តូរមកជាការបើកប្រាក់សុទ្ធវិញនោះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា រាជរដ្ឋាភិបាលនៅតែរក្សាការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារដដែល និងមិនវិលទៅរកការបើកសាច់ប្រាក់ផ្ទាល់វិញនោះឡើយ ព្រោះសម័យនេះជាសម័យកាលឌីជីថល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឆ្លើយតបទៅកាន់លោក សុខ ទូច យ៉ាងដូចនេះនាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «បន្ទាប់ពីឯកឧត្តម សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ថាស្នើសុំមករាជរដ្ឋាភិបាល ថាស្នើសុំមកនាយករដ្ឋមន្ត្រី ដើម្បីបើកសាច់ប្រាក់ឡើងវិញ បងប្អូនមានការបារម្ភថា ខ្លាចខ្ញុំស្តាប់ សុខ ទូច ខ្ញុំសូមជម្រាបថា ខ្ញុំក៏ជាអ្នកវិទ្យាសាស្ត្រដឹកនាំ ហើយក៏អាចចាត់ទុកថាជាអ្នកដឹកនាំដែលយូរជាងគេនិងគ្រប់ហេតុការ គ្រប់កាលៈទេសៈ គ្មានកន្លែងណាដែល មិនមានបាតដៃ ហ៊ុន សែន នៅក្នុងទីនោះក្នុងរយៈពេលជិត៤៤ឆ្នាំនេះ, សុខ ទូច គាត់ជាអ្នកស្រាវជ្រាវម្នាក់ក៏ប៉ុន្តែគាត់ផ្អែកលើថា គាត់គ្រប់គ្រងបុគ្គលិកខ្លួនឯងអត់បាន គាត់ក៏ស្នើឱ្យរដ្ឋាភិបាលរំសាយចោលរឿងបើកលុយតាមធនាគារ ចឹងមានមនុស្សមួយចំនួនកំពុងមានការភ័យខ្លាចខ្ញុំតាម សុខ ទូច ចឹងអត់ទេ ខ្ញុំអត់តាមនោះទេ»។
«សុខ ទូច គ្រាន់តែគ្រប់គ្រងមន្ត្រីត្រឹមតែរាជបណ្ឌិតសភាមិនបាន ហើយមកបំផ្លាញចោលផែនការកែរទម្រង់ដែលយើងបានប្រឹងធ្វើចូលទៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលហើយ មកទាញឱ្យមកបើកលុយវិញ។ ខ្ញុំសុំផ្ញើប្រាប់ទៅប្រជាពលរដ្ឋថា មិនធ្វើតាម សុខ ទូច ទេ ដោយសារតែសម័យនេះហើយ សម័យឌីជីថល សម័យបើកលុយតាមរយៈធនាគារ សម័យ អត់មានខ្មោចមន្ត្រី ឫខ្មោចទាហ៊ាន»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
សម្តេចតេជោ ហ៊ុន សែន បានអះអាងដែរថា ការបើកលុយផ្ទាល់នេះបានបង្កើតនូវបញ្ហាច្រើនណាស់ ហើយគ្រាន់តែរាជរដ្ឋាភិបាលចាប់ផ្តើមបើកលុយតាមធនាគារ បានបណ្តេញមន្ត្រីខ្មោចជាង ៣ម៉ឺននាក់ ហើយមានមួយចំនួនក៏ត្រូវចាប់ឱ្យសងផងដែរ ដោយសារតែមនុស្សតែម្នាក់ មានឈ្មោះធ្វើការច្រើនកន្លែង។
សម្តេចតេជោ បានបញ្ជាក់ដែរថា សម្រាប់ការប្រើលុយសុទ្ធនេះ គឺមិនមានសុវត្ថិភាពនោះទេទាំងក្នុងការដឹកលុយពីរតនាគារដើម្បីទៅកាន់គោលដៅតាមបណ្តាខេត្ត ស្រុក និងតាមបណ្តាអង្គភាព ហើយត្រូវការពេលវេលារាប់លុយច្រើនទៀតគឺមិនអាចធ្វើបាននោះទេ។ ការធ្វើកំណែរទម្រង់មួយនេះធំណាស់ និងបានជម្រុញយើងឱ្យដើរចូលដំណាក់កាលឌីជីថលរួចអស់ទៅហើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំដល់លោក សុខ ទូច ពង្រឹងការគ្រប់គ្រងមន្ត្រីនៅក្នុងរាជបណ្ឌិតសភាកម្ពុជារបស់ខ្លួនឱ្យបានល្អទៅ និងកុំមកទាមទារឱ្យរដ្ឋាភិបាលបើកលុយសុទ្ធឡើងវិញ ព្រោះសម័យនេះគេប្រើឌីជីថលអស់ហើយ ដែលនេះមិនមែនជាការស្តីឱ្យនោះទេ តែជាការឆ្លើយតបទៅការព្រួយបារម្ភរបស់មន្ត្រីរាជការដ៏ទៃទៀត។ ការបើកលុយតាមរយៈធនាគារនេះ គឺជាសមិទ្ធផល និងកំណែរទម្រង់ដ៏អស្ចារ្យរបស់កម្ពុជាផងដែរ៕