(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនដែលមានពេលទំនេរទេ ហើយធ្វើការទាំងថ្ងៃសម្រាក មិនថាថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យនោះឡើយ ក្នុងគោលដៅបម្រើប្រជាជនឲ្យអស់ពីចិត្ត។
ថ្លែងក្នុងពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវកំពត-កែប នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមិនឲ្យប្រជាពលរដ្ឋកម្ពុជាខកចិត្ត ដោយសារតែខ្វះការទទួលខុសត្រូវនោះឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «បើមិនបានធ្វើការទេ ដូចថ្ងៃសម្រាកដូចជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ អត់មានអ្នកធ្វើការជាមួយយើង មានអារម្មណ៍ថាមិនស្រួលខ្លួន ដែលគេហៅថាសាច់កម្ម។ ខ្ញុំសូមបញ្ជាក់សាជាថ្មីថា គណបក្សប្រជាជន មិនធ្វើឲ្យប្រជាជនកម្ពុជាខកចិត្តដោយសារតែខ្វះការទទួលខុសត្រូវនោះទេ។ (គណបក្សប្រជាជនកម្ពុជា) បានរួមរស់នៅជាមួយបងប្អូន តាំងពីស៉ីអំបិល តាំងពីស៉ីគ្រាប់ពោត.. »។
ក្នុងន័យនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យប្រជាពលរដ្ឋពិចារណា ក្នុងការបន្តបោះឆ្នោតឆ្នាំ២០២៣ ឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស ដើម្បីបានបម្រើប្រជាពលរដ្ឋដោយស្មោះ និងដើម្បីប្រទេសជាតិមានសន្តិភាព ក៏ដូចជាការអភិវឌ្ឍបន្ថែមទៀត។
សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា ថែមទាំងបានផ្តែផ្តាំប្រជាពលរដ្ឋកុំជឿលើក្រុមប្រឆាំងរាជរដ្ឋាភិបាល ដែលតែងតែបំភ្លៃការពិត ពាក់ព័ន្ធនឹងការដឹកនាំប្រទេស របស់គណបក្សប្រជាជនកម្ពុជាផងដែរ៕