(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប ដែលជាឥណទានសម្បទានរបស់ចិន នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសចិន ជាប្រទេសផ្ដល់ប្រាក់កម្ចីដ៏គួរឲ្យគោរព ហើយចិនមិនដែលបង្គាប់បញ្ជាឲ្យកម្ពុជាធ្វើនេះ ធ្វើនោះ ក្រោមកម្ចីរបស់គេនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពី១០ឆ្នាំមុន មានស្ថាប័នហិរញ្ញវត្ថុមួយ បានបង្គាប់បញ្ជាកម្ពុជាលើការផ្ដល់ប្រាក់កម្ចី ហើយស្ថាប័ននោះបានបង្គាប់ឲ្យកម្ពុជាយកប្រាក់កម្ចីនោះ ទៅផ្ដល់អាហារូបករណ៍សម្រាប់សិស្សថ្នាក់បឋមសិក្សា ប៉ុន្ដែគ្រាដែលកម្ពុជាកំពុងខ្វះសាលារៀន កំពុងខ្វះថ្នាក់រៀន ដូច្នេះហើយគំនិតម្ចាស់ជំនួយ និងអ្នកទទួលជំនួយមិនដូចគ្នានោះទេ ដូច្នេះសម្ដេចសម្រេចមិនទទួលយកនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្វីដែលជាការគោរពរបស់យើងចំពោះមិត្តចិន គឺមិត្តចិនបានផ្ដល់ឲ្យយើងទៅតាមការចង់បានរបស់យើង។ មិនមែនបានសេចក្ដីថា យើងចង់កសាងផ្លូវលេខ៣៣ ផ្លូវលេខ៣១ ប៉ុន្ដែបែរជាម្ចាស់ឥណទានចង់ឲ្យទៅកសាងនៅកន្លែងផ្សេងទេ។ ប្រមាណជាង១០ឆ្នាំមុននេះ មានស្ថាប័នហិរញ្ញវត្ថុមួយ មកជួបធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយបន្ទាប់ជួបជាមួយខ្ញុំ។ គេឲ្យយើងខ្ចីប្រាក់ ប៉ុន្ដែគេមិនគោរពតាមសំណូមពររបស់យើងនោះទេ»។
បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន កាលនោះគេប្រាប់ថា ថវិកាឥណទានដែលផ្ដល់ឲ្យកម្ពុជាខ្ចី សម្រាប់ប្រើប្រាស់ទៅលើអាហារូបករណ៍របស់សិស្សបឋមសិក្សា ប៉ុន្ដែសម្ដេចប្រាប់ទៅគេវិញថា កម្ពុជាត្រូវការថវិកាដើម្បីសាងសង់សាលា ព្រោះបើអត់មានសាលាតើឲ្យអាហារូបករណ៍ទៅរៀននៅឯណា? ទីបំផុតភាពមិនត្រូវគ្នានេះ សម្ដេចក៏បានប្រាប់ទៅឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ ថាមិនបាច់ខ្ចីលុយនោះទេ។
ដោយឡែក សម្រាប់កម្ចីដែលផ្ដល់ដោយមិត្តចិនវិញនោះ គឺគម្រោងកម្ពុជាជាអ្នកដាក់ប្រចាំឆ្នាំ ហើយកម្ពុជាខ្លួនឯងជាអ្នកកំណត់អាទិភាព ដែលទាំងអស់នេះហើយជាចំណុចពិសេស នៃការប្រើប្រាស់ឥណទានរបស់ចិន។ នេះបើតាមអ្វីដែលសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់។
សម្ដេចតេជោ ហ៊ុន សែន បានលើកឧទាហរណ៍ថា ជាក់ស្ដែងពេលនេះរាជរដ្ឋាភិបាល ត្រូវការពង្រីកផ្លូវជាតិលេខ៣ ដែលមុននេះប្រើឥណទានរបស់កូរ៉េ ប៉ុន្ដែផ្លូវនេះតូចពេក ដូច្នេះរាជរដ្ឋាភិបាលត្រូវរកថវិកាកម្ចីពីចិន ដើម្បីពង្រីកឲ្យធំជាងមុន និងរឹងមាំ សំដៅតភ្ជាប់រាជធានីភ្នំពេញ ជាមួយខេត្តកំពត។ ដោយឡែក ផ្លូវលេខ៣៣ និងផ្លូវលេខ៣១ កន្លងទៅក៏ធ្លាប់ធ្វើម្ដងរួចមកហើយ តាមរយៈឥណទានរបស់កូរ៉េ និងធនាគារអភិវឌ្ឍន៍អាស៉ី។
សូមរំលឹកថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលចិន ផ្ដល់ប្រាក់កម្ចីមកកម្ពុជា ជិត៣ពាន់លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ ខណៈកម្ពុជាក៏មិនរើសអើង ប្រភពថវិកាមកពីបណ្ដាប្រទេសដទៃ ដែលចង់ជួយកម្ពុជានោះទេ។ ចិនផ្ដល់ប្រាក់កម្ចីមកកសាង ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា រួមមាន៖ ផ្លូវជាតិលេខ៣, លេខ៥៧, លេខ៥៨, លេខ៦, លេខ៨, លេខ៤, លេខ១០, លេខ៧១C, លេខ៣១, លេខ៣៣, លេខ៤១ និងមានផ្លូវផ្សេងៗទៀត។
ក្រៅពីថវិការបស់ចិន មានដូចជា៖ ជប៉ុន កូរ៉េ វៀតណាម ថៃ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ក៏បានរួមចំណែកការផ្ដល់ប្រាក់កម្ចី និងជំនួយ ដើម្បីកសាងនៅកម្ពុជា ផងដែរ៕