(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ បានអញ្ជើញជួបសំណេះសំណាល និងអបអរសាទរឆ្លងឆ្នាំសកលជាមួយអង្គការក្តីសង្ឃឹមអាស៊ីអន្តរជាតិខេត្តបាត់ដំបង។
នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា-រដ្ឋសភា, ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាក្រុង ស្រុក ខេត្តបាត់ដំបង, ក្រុមប្រឹក្សាខេត្ត-គណៈអភិបាលខេត្តបាត់ដំបង, មន្ដ្រីរាជការ-កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ, ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ស្ថិតនៅក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
លោកបណ្ឌិត អ៊ូ សាវន្ត នាយកប្រតិបត្តិអង្គការក្តីសង្ឃឹមអាស៊ីអន្តរជាតិខេត្តបាត់ដំបង បានឡើងធ្វើរបាយការណ៍ស្វាគមន៍ដល់ពិធីទាំងមូលដោយបានបញ្ជាក់ពីភាពរីកចំរើនរបស់អង្គការអង្គការក្តីសង្ឃឹមអាស៊ីអន្តរជាតិ ខេត្តបាត់ដំបងក៏ដូចជាទូទាំងប្រទេសកម្ពុជា។
សម្តេចក្រឡាហោម ស ខេង បានកោតសរសើរថ្នាក់ដឹកនាំអង្គការ ដែលបានខិតខំកៀងគ ធនធាន និងថវិកាពីខាងក្នុង និងខាងក្រៅមកគាំទ្រដល់មជ្ឈមណ្ឌលអង្គការក្តីសង្ឃឹមអាស៊ីអន្តរជាតិ ជួយគាំពារដល់កុមាកំព្រា កុមារក្រីក្រប្រជាពលរដ្ឋក្រីក្រ ជាពិសេសកុមារកំព្រាបានមកសិក្សារៀនសូត្រនូវវិជ្ជាជីវ:នៅតាមបណ្តារាជធានី ខេត្ត ជាពិសេសរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ហើយសូមគាំទ្រថ្នាក់នាំអង្គការនេះ សូមបន្តសកម្មភាពដ៏ល្អនេះ ជាបន្តទៀត ក្នុងរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់សូមចូលរួមអបអរសាទរ និងសប្បាយរីករាយជាមួយបងប្អូនគ្រិស្ទបរិស័ទ្ធប្រមាណ៤ម៉ឺននាក់ ក្នុងខេត្តបាត់ដំបងទាំងមូល នាឱកាសបុណ្យណូអែល និងបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកលខាងមុខនេះ។
សម្តេចក្រឡាហោម បានលើកឡើងថា មកទល់ឆ្នាំ២០២២ ទោះបីពិភពលោកទាំងមូលបន្តទទួលរងនូវផលប៉ះពាល់លើបញ្ហាសុខភាពសាធារណ: បញ្ហាសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋដែលមកពីការឆ្លង រីករាលដាលឆ្លងនៃជំងឺកូវីដ១៩ និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយក្នុងចំណោមមហាអំណាច ពិសេសការធ្វើសង្រ្គាមនៅប្រទេសអ៊ុយកែនក្តី ក៏កម្ពុជាយើងនៅតែថែរក្សាបានយ៉ាងរឹងមាំ នូវសន្តិភាពស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមយ៉ាងល្អប្រសើ ហើយយើងបានរៀបចំការបោះឆ្នោតជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ប្រកបដោយជោគជ័យ ដោយគ្មានអំពើហិង្សា និងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ កម្ពុជាយើងបានរៀបចំនូវកិច្ចប្រជុំកំពូលអាស៊ាន និងការប្រជុំពាក់ព័ន្ធលើកទី៤០, ៤១ ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ ដែលធ្វើឲ្យកិត្យានុភាពនៃកម្ពុជា ត្រូវបានលើកស្ទួយលើឆាកអន្តរជាតិ។
រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានខិតខំដើម្បីរក្សានូវម៉ាក្រូសេដ្ឋកិច្ចព្រមទាំងបន្តជំរុញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចសង្គមជាបន្តបន្ទាប់។ បច្ចុប្បន្នយើងកំពុងត្រៀមរៀបចំដើម្បីឈានទៅ ដំណើរកាបោះឆ្នោតសសំរាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយចំពោះសាសនាបានយ៉ាងត្រឹមត្រូវ និងយ៉ាងទូលំទូលាយដោយមិនអនុញ្ញាតឲ្យមានការរើសអើង មិនប្រកាន់ ពូជសាសន៍ មិនប្រកាន់ពណ៌សម្បុរ និងមិនប្រកាន់ជំនឿ សាសនា អ្វីទាំងអស់ដោយរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវការអប់រំ ពិសេសអប់រំស្រទាប់យុវជន និងកុមារឲ្យយល់ដឹងច្បាស់លាស់អំពីតម្លៃដ៏វិសេស វិសាលនៃសាសនាវប្បធម៌ប្រពៃណីទំនៀម ទំលាប់ខ្មែរ ដែលជាអត្តសញ្ញាណ របស់ជាតិដើម្បីលើកតម្កើង ការអភិវឌ្ឍន៍ ព្រមទាំងកាត់បន្ថយជាបណ្តើរៗ នូវឥទ្ធិពលអវិជ្ជមាននៃវប្បធម៌ដែលជ្រាបចូលពីខាងក្រៅ។
ថ្ងៃនេះអ្នកចូលដែលមកចូលរួមនៅទីនេះ ពុំមែនជាគ្រីស្ទបរិស័ទ្ធទាំងអស់នោះទេ គឺមានបងប្អូនដែលព្រះពុទ្ធសាសនា និងឥស្លាមសាសនា នេះសបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋរបស់យើងក្រោមដំបូលរដ្ឋធម្មនុញ នៃកម្ពុជាក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលយ៉ាងខ្ជាប់ខ្ជួនដល់មិនប្រកាន់ មិនរើសអើង សម្តេចសូមធ្វើការកោតសសើរនិងអបអរសាទរយ៉ាងក្រៃលែង។
ទន្ទឹមនេះរាជរដ្ឋាភិបាលយើង ក៏បានដាក់ចេញនូវគោលនយោបាយសុខដុម្មនីកម្មនៃគ្រីស្ទសាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែក ក្នុងចំណោមពលរដ្ឋដែលកាន់សាសនាខុសគ្នា ហើយប្រែក្លាយ សកក្កដានុពលនៃសាសនា ទាំងអស់ ឲ្យក្លាយទៅជាកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងពង្រឹងសន្តិភាព សាមគ្គីភាពថែរក្សាប្រពៃណីជាតិលើកតម្កើងសីលធម៌ និងរារាំងទុបស្កាត់ការយកសាសនាធ្វើអាជីវកម្ម។
សាសនាណាក៏ដឹកនាំឲ្យធ្វើអំពើល្អដូចគ្នាយើងដឹងហើយថា ក្នុងរបប ប៉ុល ពត សម្រាប់ជំនឿត្រូវបានលុបបំបាត់ទាំងស្រុងរយ:ពេលជិត៤០ឆ្នាំកន្លងមកនេះ វត្តអារាម និងវិហារសាសនាផ្សេងៗ ព្រមទាំងសមិទ្ធផលនានា បម្រើឲ្យសាសនិកនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលស្តារឡើងវិញពីចំណុចសូន្យ ហើយបច្ចុប្បន្ននេះមានភាពរីកចំរើនជាទីមោទន: កម្ពុជាយើងមានសាសនាធំៗចំនួន៣គឺ ព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រីស្ទសាសនា ទោះបីមានទស្សន:ខុសគ្នាខាងជំនឿសាសនាក៏ដោយ បុន្តែនោះមិនមែនជាយុទ្ធសាស្រ្តនៃការកសាងសន្តិភាព មិនមែនជាយុទ្ធសាស្រ្តនៃការបង្រួបបង្រួមជាតិ ហើយក៏មិនមែនជាឧបស័គ្គនៃការអភិវឌ្ឍជាតិនោះដែរ។
គ្រប់សាសនាទាំងអស់តែងមាននិកាយខុសៗគ្នារាប់ទាំងគ្រីស្ទសាសនាផង ការគោរពគ្នាទៅវិញទៅមក ការមិនបៀតបៀនគ្នា ញាំងឲ្យបងប្អូនទាំងអស់គ្រប់សាសនា ទទួលបានសេចក្តីសុខចំរើនស្របតាមកម្ម វិធីនយោបាយរបស់ រាជរដ្ឋាភិបាលយើងគ្រប់សាសនា តែងធ្វើសកម្មភាពផ្សព្វផ្សាយនូវទ្រឹស្តី និងអប់រំរបស់ខ្លួនឲ្យប្រតិបត្តិតាមគន្លង នៃសាសនា និងឲ្យចេះរួបរួមរស់នៅជាមួយគ្នា និងភាពសុខដុម្មរមនាដោយមិនធ្វើឲ្យប៉ះពាល់គ្នា ព្រមទាំងយកចិត្តទុកដាក់អនុវត្តបានតាមការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និយាយរួម គ្រប់សាសនាតែងតែមានគោលបំណងប្រហាក់ប្រហែលគ្នា គឺអប់រំមនុស្សឲ្យប្រព្រឹត្តតែអំពើល្អ ឲ្យចេះស្រលាញ់រួបរួមគ្នា នៅជាមួយគ្នាក្នុងសង្គមជាតិ។
សម្តេចក៏បានណែនាំឲ្យប្រជាពលរដ្ឋចូលរួមទប់ស្កាត់បញ្ហាគ្រឿងញៀន។ ពាក់ព័ន្ធនឹងការងារនេះសម្តេចបានណែនាំថា បើនគរបាល និងស៊ីវិលណា បានប្រឡងជាប់ក្របខណ្ឌថ្មីហើយ បើឆែកមើលរកឃើញមានសារធាតុញៀនក្នុងខ្លួន ការប្រឡងជាប់នោះត្រូវទុកជាអាសារបង់។ ដោយឡែកអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវឲ្យធ្វើតេស្តិ៍រកសារធាតុញៀន។ សម្រាប់ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សម្តេចក៏ណែនាំឲ្យសហការគ្នាធ្វើការឲ្យមានប្រសិទ្ធភាពខ្ពស់៕