(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលវេទិកាជំនួបជាមួយផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលជាវិនិយោគិន ពាណិជ្ជករ អាជីវករ ផលិតករធុរកិច្ចទីផ្សារបណ្តាញ វជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋក ឆ្មប ទន្តពេទ្យ អ្នកលក់ឱសថ អ្នកអភិវឌ្ឍន៍ដីធ្លីនិងសំណង់ អ្នកវាយតម្ល ភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារទេសចរណ៍ អ្នកបំរើសេវានៅតាមមណ្ឌលកម្សាន្ដ ក្លឹប រង្គសាល ខារអូខ បៀរហ្កាឌិន ភោជនីយដ្ឋាន អាហារដា្ឋន ប្រមាណ ១,៥០០នាក់ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំមជ្ឈមណ្ឌលសុភមង្គលស្ថិតនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដោយមានការចូលរួមពីអភិបាលក្រុងស្រុក ប្រធានមន្ទីរនានាជុំវិញខេត្តនិង លោកសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា។

លោក សុខ លូ បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាក្នុងនាមលោកផ្ទាល់សូមស្វាគមន៍ គ្រប់សមាជិកសមាគមផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានជួបមុខគ្នាថ្ងៃនេះ។ លោកអភិបាលខេត្ត បានកោតសសើរថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករនាពេលនេះ ដោយសមាជិកយើងទាំអស់ជាក្រុមការងារ សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាដៃគូជាមួយរាជរដ្ឋាភិបាល ខាងម៉ាក្រូសេដ្ឋកិច្ចជាតិ បានជួយគ្នាជំរុញឲ្យប្រទេសជាតិមានការរីកចំរើនទៅថ្ងៃក្រោយផង។

លោកបានផ្តាំផ្ញើដល់បងប្អូនសមាជិកសមាជិកា ផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តបាត់ដំបង យើងនាំគ្នាចូលរួមចំណែកសហការគ្នា ធ្វើឲ្យវិស័យសេដ្ឋកិច្ចរដ្ឋ និងឯកជន ដើម្បីកសាងជាតិយើងឲ្យកាន់តែរីកចំរើនបន្ថែមទៀត។

លោក សុខ លូ អំពាវនាវពលរដ្ឋទូទៅចូលរួមថែរក្សា សម្អាត អនាម័យ បរិស្ថាននៅក្នុងទីក្រុងនិងជនបទ និងធ្វើឲ្យទីក្រុងយើងកាន់តែស្អាត ធ្វើឲ្យការរស់នៅមានសុខភាពល្អ ហើយក៏បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងទីក្រុងស្អាតយើង រកចំណូលបាន ដើម្បីកាត់បន្ថយភាពក្រីក្រនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងខេត្តយើងផងដែរ។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួម ទប់ស្កាត់ការឆ្លងកូវីដ១៩ និងអញ្ជើញបន្តទៅចាក់វ៉ាក់សាំងដូសជំរុញដោយស្ម័គ្រចិត្តឲ្យបានគ្រប់ៗគ្នា កាត់បន្ថយឆ្លងមេរោគកូវីដ១៩ ព្រោះមេរោគកូវីដមិនទាន់ទៅណាចោល យើងនៅឡើយទេ បើយើងទុបស្កាត់ការឆ្លងកូវីដ១៩បានទើប ធ្វើឲ្យសេដ្ឋកិច្ចយើងដើរបាន ក៏នាំឲ្យសេដ្ឋកិច្ចជាតិកើនផងដែរ៕