(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកអំពីរឿងរ៉ាវ ដែលសម្តេចបានអនុញ្ញាតឱ្យ មេដឹកនាំកំពូលៗរបស់ខ្មែរក្រហម ដែលមាន ខៀវ សំផន, នួន ជា រួមទាំងអ្នកដទៃទៀត មកជួបសម្តេចដល់ផ្ទះ កាលពី២៤ឆ្នាំមុននោះ គឺដើម្បីផ្ញើសារ៣គោលដៅ ពាក់ព័ន្ធនឹងការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។
ជំនួបកំពូលរវាង សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំខ្មែរក្រហម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បានធ្វើឡើងនៅផ្ទះសម្តេចតេជោ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលព្រឹត្តិការណ៍នេះ ត្រូវបានកំណត់ជាថ្ងៃជោគជ័យនៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន រហូតដល់ពេលបច្ចុប្បន្ន។
សម្តេចបានបញ្ជាក់ថា៖ «ហេតុអ្វីបានជាខ្ញុំត្រូវទទួល ខៀវ សំផន, នួន ជា និងមេដឹកនាំខ្មែរក្រហមដទៃទៀត នៅផ្ទះរបស់ខ្ញុំ ខ្ញុំចង់ផ្ញើសារទៅកាន់៣គោលដៅ សារទី១របស់ខ្ញុំ សម្រាប់ផ្ញើទៅកាន់កម្លាំងខ្មែរក្រហមដែលនៅសេសសល់ ប្រាប់ថាអ្នកឯងទម្លាក់អាវុធទៅ ព្រោះមេរបស់អ្នកឯងបានមកដល់ផ្ទះរបស់ខ្ញុំហើយ អាចនិយាយបានថា មកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រី ដែលកំពុងកាន់អំណាចទៅហើយ សារទី២ បានគោលដៅជូនទៅប្រជាជនទូទាំងប្រទេសដែលបានកើតសង្គ្រាមក្នុងរយៈពេល២៨ឆ្នាំរួចទៅហើយនោះ កំពុងតែភ័យខ្លាចនឹងសង្គ្រាមបន្ត គឺជម្រាបពួកគាត់ថា "សង្គ្រាមបានបញ្ចប់ហើយ" ឯសារទី៣ ចង់ប្រាប់ទៅសហគមន៍អន្តរជាតិថា សូមអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយសូមមកវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាបានបញ្ចប់សង្គ្រាមរបស់ខ្លួនរួចស្រេចទៅហើយ»។
ព្រឹត្តិការណ៍ ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ត្រូវបានចាត់ទុកថា ជាថ្ងៃបញ្ចប់សង្គ្រាម និងជម្លោះទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ក្រោមនយោបាយឈ្នះឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ១៩៩៦។ ជោគជ័យនេះ បាននាំមកនូវសន្តិភាពពេញលេញ ដែលអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេស។
«នៅលើពិភពលោក ក៏មិនទាន់មានប្រទេសណាមួយដែលបញ្ចប់សង្គ្រាមតាមបែបកម្ពុជានោះដែរ។ គឺយើងបញ្ចប់តាមរយៈនយោបាយឈ្នះឈ្នះ ដែលមនុស្សទាំងអស់ឈ្នះទាំងអស់គ្នា ហើយវាជាផលប្រយោជន៍សម្រាប់មនុស្សទាំងអស់ នៅក្នុងទឹកដីកម្ពុជា លើកលែងតែអ្នកល្មោភសង្គ្រាមមួយក្រុមនោះ»។ នេះបើតាមការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ។
សម្តេចបានរំលឹកទៀតថា អតីតរបស់កម្ពុជាមិនមានរដ្ឋាភិបាលណាមួយអាចគ្រប់គ្រងប្រទេសបានទាំងអស់នោះទេ មិនថារដ្ឋាភិបាលគ្រប់គ្រងដោយបារាំង ជប៉ុន ឬអាមេរិក ឬខ្មែរក្រហម។ គឺមានតែរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាទី២នេះទេ ដែលគ្រប់គ្រងទឹកដីបានទាំងអស់។
សម្តេចបានលើកឧទាហរណ៍អំពីសម័យសង្គមរាស្ត្រនិយម ដឹកនាំដោយអតីតព្រះមហាវីរក្សត្រ ដែលមិនទាន់អាចគ្រប់គ្រងប្រទេសបានទាំងស្រុងដែរ។ សម្តេចបានឧទាហរណ៍រឿង «ឆាយាលើអង្គរ» និពន្ធដោយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដែលនិយាយអំពីការបះបោរបស់ក្រុមដាបឈួន (ម្ជុលពេជ្រ) ដែលមានកម្លាំងប្រដាប់អាវុធផ្ទាល់ខ្លួន កាលពីសម័យសង្គមរាស្ត្រនិយម។ រហូតដល់ឆ្នាំ១៩៧០-១៩៧៥ ក៏ប្រទេសខ្មែរត្រូវបានបែកជាពីរគឺម្ខាងគ្រប់គ្រងដោយ សេនាប្រមុខ លន់ នល់ និងម្ខាងទៀត គ្រប់គ្រងដោយរណសិរ្យរួបរួមជាតិកម្ពុជាដឹកនាំដោយ សម្តេចនរោត្តម សីហនុ។ រហូតដល់ឆ្នាំ១៩៧៥-១៩៧៩ ប្រទេសកម្ពុជា ក៏ត្រូវបានធ្លាក់ទៅក្នុងរបបខ្មែរក្រហម ប៉ុន្តែខ្មែរក្រហមក៏បានគ្រប់គ្រងប្រទេសទាំងស្រុងដែរ គឺមានកម្លាំងប្រដាប់អាវុធប្រឆាំងផ្សេងៗ។ នៅមុនឆ្នាំ១៩៩៣ ប្រទេសកម្ពុជាក៏មានកម្លាំងប្រដាប់អាវុធ៤ក្រុម គ្រប់គ្រង៤តំបន់ថែមទៀត។ ហើយពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៣ នៅតែមានកម្ពុជាមួយតំបន់ត្រួតត្រា២ថែមទៀត។
«អញ្ចឹងរហូតដល់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កម្លាំងប្រដាប់អាវុធតែមួយ នេះជាប្រវត្តិសាស្ត្រពិតរបស់យើង»។ នេះជាការបញ្ជាក់របស់សម្តេច។
សម្តេចបានបន្តថា បើយោងលើអ្វីដែលយើងឆ្លងកាត់ដោយលំបាក សន្តិភាពមានតម្លៃធំណាស់សម្រាប់យើង ដែលយើងទាំងអស់គ្នាត្រូវតែការពារវាឱ្យបាន បើការពារសន្តិភាពមិនបានទេ កុំនិយាយដល់ការអភិវឌ្ឍអ្វីទាំងអស់៕