(កំពត)៖ ថ្លែងចេញពីលើវេទិកានៅទឹកខេត្តកំពត, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយនឹងគ្រួសារ និងជនរងគ្រោះនៅក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យនៅកាស៉ីណូ Grand CITY Diamond ស្ថិតក្នុងក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលបណ្តាលឱ្យមនុស្សស្លាប់ជាង១០នាក់ និងរបួសជាច្រើននាក់។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំយកឱកាសនេះថ្លែងនូវការចូលរួមមរណទុក្ខ ជាមួយនឹងឧបទ្ទវហេតុភ្លើងឆេះកាស៉ីណូ នៅប៉ោយប៉ែត ដែលមានមនុស្សស្លាប់ជាង១០នាក់ និងរបួសរាប់សិបនាក់»។

ចំពោះឧបទ្ទវហេតុគ្រោះអគ្គិភ័យនេះ, សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្លាំងជំនាញរបស់កម្ពុជា គឺត្រូវបំពាក់សម្ភារៈ បរិក្ខាសម្រាប់ពន្លត់អគ្គិភ័យនេះបន្ថែមទៀត ដើម្បីឆ្លើយតបទាត់សភាពការណ៍គ្រោះថ្នាក់ដែលបានកើតឡើងជាយថាហេតុ។ សម្រាប់កាស៊ីណូ ដែលរងការឆាបឆេះនោះ មានមនុស្សជាង ១ពាន់នាក់ និងបុគ្គលិកជាង ៥០០នាក់។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ករណីគ្រោះអគ្គិភ័យបណ្តាលឱ្យឆាប់ឆេះកាស៊ីណូហ្គ្រេនដាយមិន និងបង្កឱ្យមនុស្សស្លាប់ជាង១០នាក់ និងរបួសជាច្រើននេះ គឺជាសោកនាដកម្មមួយនៅចុងឆ្នាំ២០២២ សម្រាប់កម្ពុជា។ សម្តេចតេជោ ថា «ការឃើញបែបនេះយើងក៏នឹងបន្ត ដើម្បីរៀបចំបំពាក់ ដូចជាអគារខ្ពស់ៗត្រូវតែមានឡានបាញ់ទឹកពន្លត់អគ្គិភ័យសម្រាប់អគារខ្ពស់ៗនេះឯង»

ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណអាជ្ញាធរថៃ ដែលបានចូលរួមប្រតិបត្តិការសង្គ្រោះគ្រោះអគ្គិភ័យនៅកាស៊ីណូហ្គ្រេនដាយមិន ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានចុះទៅដឹកនាំប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះអគ្គិភ័យនៅកាស៊ីណូហ្គ្រេនដាយមិន។ ព្រមទាំងបានថ្លែងនិងកោតសរសើរឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោក អ៊ុំ រាត្រី និងកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានដឹកនាំ និងចូលរួមក្នុងប្រតិបត្តិការពន្លត់ និងសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុគ្រោះអគ្គិភ័យនេះផងដែរ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអាជ្ញាធរប្រញាប់រៀបចំសណ្តាប់ធ្នាប់នៅកន្លែងឆេះ ដើម្បីសម្រួលក្នុងការបើកដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនប៉ោយប៉ែតឡើងវិញ ដែលជាច្រកទ្វារទេសចរណ៍ និងជាច្រកទ្វារដឹកទំនិញឆ្លងកាត់ផងដែរ ជាពិសេសត្រូវធ្វើយ៉ាងណាសម្រួលឱ្យមានដំណើរការជាប្រក្រតីឡើងវិញ។

សូមបញ្ជាក់ថា អគ្គិភ័យនៅកាស៉ីណូ Grand CITY Diamond បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត។

ក្នុងចំណោមជនរងគ្រោះដែលស្លាប់ និងរបួស មានទាំងជនជាតិខ្មែរ និងជនបរទេស។ ក្នុងនោះជនរងគ្រោះខ្លះស្លាប់នៅក្នុងបន្ទប់ ហើយជនរងគ្រោះខ្លះទៀត ស្លាប់នៅផ្លូវដើរ នៅជណ្ដើរ ទំនងពួកគេកំពុងជម្លៀសខ្លួនពីអគ្គិភ័យ តែរត់មិនរួចដោយសារភ្លើងឆេះខ្លាំង និងមានផ្សែងខ្លាំងខ្មួលខ្មាញ់។ ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងខ្លះទៀត បញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេសកម្ពុជា។

គួរជម្រាបថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។

ចាប់ពីម៉ោង៧៖០០នាទី ព្រឹកថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រតិបត្តិការុករក និងសង្គ្រោះរបស់កម្ពុជា បានពិភាក្សាគ្នាជាមួយក្រុមសង្គ្រោះរបស់ថៃ ដើម្បីចាប់ផ្តើមបន្តកិច្ចប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះ ដោយសារអគ្គិភ័យ នៅកាស៉ីណូ Grand CITY Diamond ស្ថិតក្នុងក្រុង​ប៉ោយប៉ែត។ គិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមរុករកបានរកឃើញអ្នកស្លាប់កើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់។

ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕