(បន្ទាយមានជ័យ)៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងអភិបាលខេត្តស្រះកែវ ប្រទេសថៃ បានសម្រេចរួមគ្នាសម្រួលឱ្យមានការដឹកទំនិញឆ្លងកាត់តាមច្រកទ្វារអន្តរជាតិស្ទឹងបត់ រវាងប្រទេសទាំងពីរ ក្រោយមានហេតុការណ៍អគ្គិភ័័យនៅកាស៉ីណូ និងក៏បានសម្រួលឲ្យមានការធ្វើដំណើរឆ្លងកាត់របស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានដោយធម្មតាតាមរយៈផ្លូវវៀងដល់ព្រំដែនតែម្តង។
នៅក្នុងពិធីបើកការដ្ឋាន និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និង៣៣ ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំឱ្យអាជ្ញាធរ ប្រញាប់ប្រញាល់រៀបចំសណ្តាប់ធ្នាប់នៅកន្លែងឆេះកាស៉ីណី ដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។
ពាក់ព័ន្ធនឹងការងារនេះ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា «យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តបន្ទាយមានជ័យ រួមទាំងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ កាលពីម្សិលមិញ បានធ្វើការសម្របសម្រួលជាមួយភាគីថៃ ឱ្យដឹងទំនិញចេញ-ចូល ឱ្យដំណើរការធ្វើធម្មតា ទោះបីជាមានឧទ្ទវហេតុអគ្គិភ័យនេះកើតឡើង ដែលយើងបានសម្របសម្រួលប្រចាំថ្ងៃ ឱ្យឆ្លងកាត់ច្រកទ្វារអន្តរជាតិស្ទឹងបត់ ហើយដោយឡែកភ្ញៀវទេសចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ អាជីវករ ដែលចេញចូលរវាងកម្ពុជា និងថៃ ជាពិសេសប្រជាពលរដ្ឋ ដែលប្រកបមុខរបរនៅផ្សាររុងគ្រឿ យើងបានបើកដំណើរការឱ្យចេញ-ចូលធម្មតា វៀងផ្លូវពីកន្លែងកើតហេតុទៅដល់ព្រំដែនតែម្តង ពុំមានការរាំងស្ទះនោះឡើយ»។
សូមបញ្ជាក់ថា ចាប់ពីម៉ោង៧៖០០នាទីព្រឹកថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២២ ក្រុមប្រតិបត្តិការុករក និងសង្គ្រោះរបស់កម្ពុជា បានពិភាក្សាគ្នាជាមួយក្រុមសង្គ្រោះរបស់ថៃ ដើម្បីចាប់ផ្តើមបន្តកិច្ចប្រតិបត្តិការរុករក និងសង្គ្រោះជនរងគ្រោះ ដោយសារអគ្គិភ័យ នៅកាស៉ីណូ Grand CITY Diamond ស្ថិតក្នុងក្រុងប៉ោយប៉ែត។ គិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រុមរុករកបានរកឃើញអ្នកស្លាប់កើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់។
អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហ៊ានដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត។
ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕