(កណ្តាល)៖ លោក សេង ស៊ីណារិន ប្រធានក្រុមការងារចុះជួយឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះរៀបចំប្រព័ន្ធលូរំដោះទឹកអមសងខាងផ្លូវបេតុងប្រវែង ៥១០០ម៉ែត្រ និងទទឹង ៧ម៉ែត្រ នៅក្នុងឃុំអំពៅព្រៃ ដើម្បីរំដោះការជន់លិចទឹកភ្លៀងក្នុងលំនៅឋានរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់គ្រឿងឧបភោគបរិភោគមួយចំនួន ដល់ជនទីទ័លក្រ ដើម្បីរំលែកនូវទុក្ខលំបាករបស់ពួកគាត់។
លោក សេង ស៊ីណារិន បានថ្លែងថា ដោយមើលឃើញពីការលំបាក ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងរដូវវស្សានេះ ផ្លូវបេតុងមួយខ្សែ រមានប្រវែង៥១០០ម៉ែត្រ និងទទឹង ៧ម៉ែត្រ បានទទួលរងការដក់ទឹកជាច្រើនកន្លែង ដោយសារផ្លូវបេតុងទាបជាងដីភូមិផ្ទះ ប្រជាពលរដ្ឋ ដែលបានសាងសង់ ក្រោយការសង់ផ្លូវជាបន្តបន្ទាប់ ទើបក្រុមការងារចុះពង្រឹងឃុំអំពៅព្រៃ បានធ្វើការឧបត្ថមថវិកាចំណាយក្នុងការជីកដី ដាក់លូ អមសង ខាងផ្លូវបេតុង ព្រមទំាងបានដាក់លូរំដោះទឹក និងគំរប មានទំហំ ១ម៉ែត្រ ការ៉េ៤ជ្រុង ដែលធ្វើឲងាយ ស្រួលក្នុងការស្តារ ពេលកកស្ទះលូ។
លោក បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់កសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសការកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។
លោក បានបន្ថែមថា នេះជាការយកចិត្តទុក្ខថ្មីមួយទៀតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទ ក្រហមកម្ពុជា ដែលតែងតែគិតគូរពីការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ស្ត្រីមេម៉ាយ និង ជនពិការ ដោយមិនរើសអើងនិន្នាការនយោបាយឡើយ ព្រមទាំងបានចាត់ទុថា សុខទុក្ខរបស់ប្រជាពលរដ្ឋជាសុខទុក្ខរបស់សម្តេច។
ក្នុងឱកាសនោះដែរ លោក និង ក្រុមការងារ បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋទីទ័លក្រ ដែលរស់នៅក្នុងឃុំអំពៅព្រៃ ព្រមទាំងបាននាំគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារចំនួន៦គ្រួសារ រួមមាន ក្នុង១ គ្រួ សារទទួលបានអង្ករ ២៥Kg ទឹកត្រី ទឹកស៊ីអ៉ីវ អំបិលស្ករស ប៊ីចេង មី ទឹកដោះគោ និងថវិកា ៥ម៉ឺនរៀល និងបានឧបត្ថមថវិកាបន្ថែម ដល់គ្រួសារ ដែលគ្មានទីជម្រកចំនួន ៣គ្រួសារ ដោយបានឧបត្ថមថវិកាបណ្តោះអាសន្នចំនួន ៩០ដុល្លារ និងបានសន្យាជួយដោះស្រាយទីរកជម្រកឲ្យបានរស់នៅសមរម្យ ដូចជាប្រជាពលរដ្ឋក្នុងភូមិផងដែរ៕