(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ផ្លូវបេតុងមួយខ្សែ ប្រវែង ២១០០ ម៉ែត្រ និងបានចំណាយថវិកា សរុបប្រមាណ ៧០៤,៧៧០ ដុល្លាសហរដ្ឋអាមេរិក ស្ថិតនៅក្នុងភូមិចំនួនពីរ គឺភូមិត្រពាំងស្យា ស្រុកបរសេដ្ឋ និងភូមិបេង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ មានការចូលរួមជាអធិបតីពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ, អ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង ព្រមទាំង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រុមហ៊ុន ជីប ម៉ុង បុគ្គលិកក្រុមហ៊ុនជីប ម៉ុង អ៉ីនដាស្រ្ទីស៍ និងប្រជាពលរដ្ឋសរុបប្រមាណ ៨០០នាក់។
ស្ថិតក្នុងឱកាសនោះ អ្នកឧញ៉ាក លាង ឃុន បានថ្លែងថា ចំណងដៃដ៏ថ្លៃថ្លាក្នុងចុងឆ្នាំនេះ នឹងបម្រើជាប្រយោជន៍ដ៏សំខាន់សម្រាប់សាធារណជនទាំងអស់ ក៏ដូចជាជួយលើកកម្ពស់សោភណភាព ផ្ដល់បរិស្ថានល្អសម្រាប់ការរស់នៅ ជាពិសេសរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងសហគមន៍នេះផងដែរ។ សម្រាប់សមិទ្ធផលផ្លូវមួយខ្សែនេះ ធ្វើឡើងដោយសម្លឹងឃើញពីតម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសភារកិច្ចចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងព្រះសង្ឃ។
លោកអភិបាលខេត្តកំពង់ស្ពឺបានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមហ៊ុនជីប ម៉ុង អ៉ីនដាស្រ្ទីស៍ នូវទឹកចិត្តដ៏ថ្លែថ្លា ដែលបានចូលរួមសកម្មភាពសប្បុរធម៌ជាមួយរាជរដ្ឋាភិបាល ក្នុងការស្ថាបនាផ្លូវបេតង់ថ្មីមួយខ្សែ ដែលជាអំណោយដ៏ធំធេងសម្រាប់ចុងឆ្នាំ២០២២នេះ សម្រាប់អ្នកខេត្តកំពង់ស្ពឺ។ លោកក៏បានបន្ដសូមអំពាវនាវប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មេត្តាជួយគាំទ្រ និងយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ ថែរក្សាការពារសមិទ្ធផលនេះ ជាគុណប្រយោជន៍ដល់សាធារណៈ ជាពិសេសសម្រាប់តភ្ជាប់ពីភូមិ ឃុំ ហើយសម្រួលចរាចរណ៍ទៅ មកដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
លោកក៏បានបញ្ជាក់ទៀតថា ឃុំបានចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់ មិនអាចខ្វះបានក្នុងការរួមចំណែកវិនិយោគលើវិស័យនានា សំដៅធ្វើអោយប្រទេសជាតិយើងមានការអភិវឌ្ឍជាបន្តបន្ទាប់។
សូមបញ្ជាក់ផងដែរថា ផ្លូវបេតង់មួយខ្សែថ្មីនេះ ជាសមិទ្ធផលដ៏សំខាន់មួយទៀតក្នុងឆ្នាំ២០២២នេះ របស់ក្រុមហ៊ុន ជីប ម៉ុង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន ជីប ម៉ុង នឹងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យសាធារណៈ ស្ដារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់នានា ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋ ក៏ដូចជាចូលរួមចំណែកក្នុងការលើកកម្ពស់ដល់វិស័យសេដ្ឋកិច្ច និងសង្គមជាតិឱ្យប្រកបដោយចីរភាពនាពេលអនាគត៕