(ព្រះសីហនុ)៖ ក្រោមការបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានបើកប្រតិបត្តិការដេញបង្ក្រាបបានសង្ស័យចំនួន០២នាក់ ដែលធ្លាប់បានធ្វើសកម្មភាពលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបលុយ និងទូរសព្ទ័ដៃចំនួន២ករណីផ្សេងគ្នា) នៅចំណុចលើការ៉ូឡា ស្ថិតនៅក្រុមទី០១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ និងនៅចំណុចមុខសាលារៀនកម្មករ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២។

​ប្រភពពីកម្លាំងសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យចំនួន០២នាក់មានឈ្មោះ គឹម នៅស៊ីណុច ហៅណុច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ និងឈ្មោះ ឃួន ឧស្សាហ៍ ហៅ យក្ស ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងស្នាក់នៅ មិនពិតប្រាកដ និងដកហូតបានវត្ថុតាងដកហូតបាន ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្រោយពេលសាកសួរ ជនសង្ស័យទាំង០២នាក់ បានសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចខាងលើប្រាកដមែន។ បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងបន្តស្រាវជ្រាវសាកសួរកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕