(បាត់ដំបង)៖ លោក ស្រេង សុខា អភិបាលស្រុកបាណន់ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចុះចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៥០គ្រួសារ នៅក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
នាឱកាសនេះដែរ លោក ស្រេង សុខា ក៏បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក សុខ លូ និងអភិបាលខេត្តបាត់ដំបង និងជាពិសេសសម្តេចតេជោ ហ៊ុន សែន និងកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេតែងតែបានគិតគូរ យកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីឡើយ ជាពិសេសគឺមិនទុកឱ្យពលរដ្ឋណាម្នាក់ជួយការលំបាកដោយមិនបានជួយដោះស្រាយនោះឡើយ។
ជាមួយគ្នានោះដែរលោក ស្រេង សុខា ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋបន្តគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍ និងបានអះអាងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលតែងតែនៅរួមរស់ ស្គាល់ទុក្ខលំបាក និងដោះស្រាយរាល់បញ្ហាប្រឈមរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងបានកសាងនូវសមិទ្ធផលយ៉ាងច្រើនចាប់ពីទីប្រជុំជន រហូតដល់មូលដ្ឋាន ដូចអ្វីដែលបងប្អូនបានឃើញយ៉ាងច្បាស់នាពេលបច្ចុប្បន្ននេះ។
បន្ថែមពីនេះលោក ស្រេង សុខា ក៏បានផ្តាំផ្ញើឱ្យគ្រួសារទាំងអស់មេត្តាខិតខំថែរក្សាសុខភាព ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ចូលរួមអនុវត្តវិធានការបង្ការ និងការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
សូមបញ្ជាក់ដែរថា ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ១៥០គ្រួសារ ក្នុង១គ្រួសារៗទទួលបាន អង្ករ២៥kg, មីជាតិ១កេស, ត្រីខ១យួរ, ទឹកស៊ីអ៉ីវ១យួរ, ទឹកត្រី១យួរ និងថវិកា២ម៉ឺនរៀល៕