(ភ្នំពេញ)៖ នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ​ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារពិសេសមួយណែនាំពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា ការចាក់វ៉ាក់សាំង គឺជាវិធានការដ៏ចាំបាច់ ដើម្បីការពារការរាតត្បាតជំងឺកូវីដ១៩ និងការពារសុខភាពប្រជាពលរដ្ឋពីជំងឺរាតត្បាតសាកលមួយនេះ។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «វ៉ាក់សាំងជាជម្រើសតែមួយគត់ ដែលជួយយើងកាត់បន្ថយការឆ្លង ឬការឆ្លងហើយតែមិននាំទៅដល់សភាពធ្ងន់ធ្ងរ»

ឈរលើស្មារតីខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចដាក់ចេញផែនការចាក់វ៉ាក់សាំងដូសជំរុញដូចខាងក្រោម៖
១៖ ចាក់ដូសជំរុញទី៤ ដល់កុមារអាយុពី ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ។
២៖ ចាក់ដូសជំរុញទី៥ ដល់កុមារអាយុពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ។
៣៖ ចាក់ដូសជំរុញទី៦ មន្ត្រីរាជការជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ផែនការចាក់ដូសជំរុញខាងលើនេះ គឺជារៀបចំ ដើម្បីធានាសុវត្ថិភាពសុខភាពរបស់ប្រជាពលរដ្ឋ។

ក្នុងសារជាសំឡេងនេះ សម្តេចតេជោ ក៏បានឯកភាពចេញជាគោលការណ៍លើការចាក់ដូសជំរុញបន្តបន្ទាប់ ដោយធ្វើជារៀងរាល់៦ខែម្តង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការធ្វើបែបនេះ ទើបធានាដល់ភាពសុាំសហគមន៍រឹងមាំ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋមិនទាន់បានទទួលដូសជំរុញទី៣ ទី៤ ទី៥ និងទី៦ ឱ្យនាំគ្នាទៅទទួលយកដូសជំរុញតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យគណៈកម្មការចំពោះកិច្ចរៀបចំផែនការផ្តល់វ៉ាក់សាំងដូសជំរុញ តាមការណែនាំខាងលើនេះ ដើម្បីធានាដល់ក្រវាត់ការពារសុខភាពពលរដ្ឋពីជំងឺកូវីដ១៩។

សម្តេចតេជោ បានគូសបញ្ជាក់ថា ពេលនេះកង្វល់របស់សម្តេច ក៏ដូចជារាជរដ្ឋាភិបាលមិនមែនរឿងខ្វះវ៉ាក់សាំងទេ តែបារម្ភខ្លាចពលរដ្ឋមិនមកទទួលវ៉ាក់សាំង។ ទោះជាយ៉ាងណា សម្តេចមានការជឿជាក់ថា កុមារនឹងនាំគ្នាមកទទួលវ៉ាក់សាំងដូសជំរុញ តាមផែនការដូចបានបញ្ជាក់ខាងលើ។

បើតាមសម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នកម្ពុជាមានវ៉ាក់សាំង ៧លានដូសនៅក្នុងឃ្លាំង និងមិនទាន់នាំចូលជាច្រើនលានដូសទៀត។ ដូច្នេះកម្ពុជាមិនខ្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនោះឡើយ៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ៖​ https://t.me/freshnewsasia/118736