(បន្ទាយមានជ័យ)៖ នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ទាំងកម្លាំងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃ បានសម្រេចផ្អាកសកម្មភាពរុករកសាកសពជនរងគ្រោះ ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូជាបណ្ដោះអាសន្នសិន ដោយបារម្ភខ្លាចអគារបាក់រលំ និងម្យ៉ាងស្ថានភាពងងឹតក្នុងពិបាកក្នុងស្រាវជ្រាវរកអ្នករងគ្រោះ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅពេលនេះកម្លាំងរុករកទាំងកម្ពុជា និងថៃ បានសម្រេចផ្អាកសកម្មភាពបណ្ដោះអាសន្នសិន ដោយស្ថានភាពយប់ងងឹត និងបារម្ភពីសុវត្ថិភាពខ្លាចក្រែងអគារបាក់រលំជាយថាហេតុ បន្ទាប់ត្រូវបានអគ្គិភ័យវាយប្រហារប៉ុន្មានម៉ោងយ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាងទៀត កងកម្លាំងប្រតិបត្តិការហាក់អស់កម្លាំងផងដែរ។ បើតាមលោកអភិបាលខេត្ត ប្រតិបត្តិការបន្ដ នឹងធ្វើឡើងនៅព្រឹកស្អែកបន្ដទៀត។
គួរជម្រាបថា របាយការណ៍ក្រុមសង្គ្រោះគិតត្រឹមម៉ោង៧យប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា អ្នកស្លាប់ក្នុងហេតុការណ៍ភ្លើងឆេះកាស៉ីណូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានកើនដល់ជិត២០នាក់ និងរបួសជិត១០០នាក់។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមជនរងគ្រោះដែលស្លាប់ និងរបួស មានទាំងជនជាតិខ្មែរ និងជនបរទេស។ ក្នុងនោះជនរងគ្រោះខ្លះស្លាប់នៅក្នុងបន្ទប់ ហើយជនរងគ្រោះខ្លះទៀត ស្លាប់នៅផ្លូវដើរ នៅជណ្ដើរ ទំនងពួកគេកំពុងជម្លៀសខ្លួនពីអគ្គិភ័យ តែរត់មិនរួចដោយសារភ្លើងឆេះខ្លាំង និងមានផ្សែងខ្លាំងខ្មួលខ្មាញ់។
សេចក្ដីរាយការណ៍បានបន្ថែមទៀតថា ជនរងគ្រោះដែលនៅមានជីវិត ខ្លះត្រូវបានបញ្ជូនទៅសង្គ្រោះនៅប្រទេសថៃ និងខ្លះទៀត បញ្ជូនទៅមន្ទីរពេទ្យក្បែរកន្លែងកើតហេតុ នៅក្នុងប្រទេសកម្ពុជា។
គួរជម្រាបថា អគារកាស៊ីណូខាងលើមានបុគ្គលិកបម្រើការប្រុសស្រីប្រហែលជាង៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ។
សូមបញ្ជាក់ថា អគ្គិភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ខណៈមូលហេតុ ត្រូវបានគេរាយការណ៍ជំហា៊នដំបូងថា ឆ្លងចរន្ដអគ្គិសនីនៅទីតាំងហ្គេមជាន់ក្រោម ហើយបានរីករាលដាលតែម្ដង។ ទីតាំងដែលឆេះនេះមានពីរអគារ ដោយក្នុងនោះឆេះផ្ដើមដំបូងចេញពីអគារហ្គេនដាយមិន និងរីករាលដាលទៅកាន់អគារប៉ោយប៉ែត រីសត។
ប្រតិបត្តិការនៅកន្លែងកើតហេតុ ធ្វើឡើងដោយកម្លាំងរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ សហការជាមួយកងប្រតិបត្តិការរុករក និងសង្គ្រោះ ៧១១ នៃកងពលតូចលេខ៧០, កម្លាំងអាជ្ញាធរខេត្តមាន នគរបាល អាវុធហត្ថ និងយោធា ព្រមទាំងមានការចូលរួមពីកងកម្លាំងសមត្ថកិច្ចរបស់ថៃផងដែរ៕
នេះជាសកម្មភាពក្រុមកងរុករក និងសង្គ្រោះ៧០៥ របស់យោធាភូមិភាគទី៥
នេះជាសកម្មភាពជួយសង្គ្រោះរបស់ក្រុមអង្គភាព ៧១១ នៃកងពលតូចលេខ៧០ និងសមត្ថកិច្ចភាគីថៃ