(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានផ្សារទាំងអស់ ដែលបានយកចិត្តទុកដាក់ និងយកអស់កម្លាំងកាយចិត្តក្នុងការទប់ស្កាត់កូវីដ-១៩ រហូតបើកសេដ្ឋកិច្ចប្រទេស ឲ្យដំណើរការជាប្រក្រតីឡើងវិញ រហូតមកដល់ពេលនេះ។

លោកអរគុណបែបនេះ ខណៈដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសកម្មភាពការងារ នៃការគ្រប់គ្រងផ្សាររដ្ឋ ក្នុងរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានថ្លែងថា ក្នុងដំណាក់កាលនៃការរីករាលដាលកូវីដ-១៩ អាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋក្នុងរាជធានីភ្នំពេញ បានលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត ដោយមិនខ្វល់ថាជាពេលយប់ឬថ្ងៃឡើយ សំខាន់ធ្វើយ៉ាងណា ប្រជាពលរដ្ឋ អាជីវករបានឆ្លងផុតពីជំងឺដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្សារក្នុងរាជធានីភ្នំពេញ មានចំនួន២៥ផ្សារ ហើយក្នុងដំណាក់កាលនៃការរីករាលដាលកូវីដ-១៩ គណៈកម្មការផ្សារបានដើរតួយ៉ាងសំខាន់ក្នុងការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ៕