(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានបន្តចុះសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនដល់ជនងាយរងគ្រោះបំផុតចំនួន ៣៩៤គ្រួសារ នៅបរិវេណសាលាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងពិធីចែកអំណោយមនុស្សធម៌នោះដែរ ក៏មានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត សមាជិកសមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ថ្នាក់ដឹកនាំនិងសមាជិកសាខាកាកបាទក្រហមខេត្ត ប្រធានអនុសាខាកាកបាទក្រហមស្រុក និងប្រជាពលរដ្ឋ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើការសួរសុខទុក្ខ ដោយក្តីបារម្ភនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងបាននាំយកអំណោយមួយចំនួន ដើម្បីជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋ។

ស្ថិតក្នុងឱកាសនោះលោកបណ្ឌិត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ តែងតែខិតខំលះបង់កំលាំងកាយចិត្ត តស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃនេះជាបន្តទៀត ដោយត្រូវទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា គាំទ្រសម្តេចជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ។

បន្ថែមពីនេះ លោកបណ្ឌិត អភិបាលខេត្ត បានលើកឡើងពីយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងបានយ៉ាងល្អ របស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាជោគជ័យលើការងារប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួនធំ។

ជាចុងក្រោយ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះគ្រោះអគ្គិភ័យ និងគ្រោះធម្មជាតិដែលតែងកើតមានឡើងជាយថាហេតុ និងត្រូវចេះអប់រំកូនចៅ ឱ្យចៀសឆ្ងាយឧបាយមុខផ្សេងៗ ហើយត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ផងដែរ។

បើតាមលោក វ៉ង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានឲ្យដឹងថា អំណោយមនុស្សធម៌ ដែលសាខាកាកបាក្រហមខេត្ត នាំយកមកផ្តល់ជូនដល់ជនងាយរងគ្រោះចំនួន៣៩៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ក២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ និងថវិកាមួយចំនួន៕