(កំពង់ចាម)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពស្តីពីដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទាន ក្រោមគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សមាសភាគទី១ ដល់មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធនៅខេត្តកំពង់ចាម ព្រមទាំងកសិករចិញ្ចឹមមាន់នៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ។

គួរជម្រាបថា និយ័តករបរធនបាលកិច្ច (ន.ប.ធ) គឺជាអង្គភាពអនុវត្តគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) សម្រាប់សមាសភាគទី១ (PIU1)។

សិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលពង្រឹងសមត្ថភាពខាងលើនេះធ្វើឡើងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជានាយកគម្រោង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដោយមានអ្នកចូលរួមមកពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលមូលដ្ឋាន ស្ថាប័នហិញ្ញវត្ថុដៃគូ សហគ្រាសកសិ-ឧស្សាហកម្ម សហគមកសិកម្ម ក៏ដូចជាកសិករចិញ្ចឹមមាន់ដែលមកពីខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តត្បូងឃ្មុំ សរុបអ្នកចូលរួមមានចំនួន១៤០នាក់។

សិក្ខាសាលានេះដែរត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ច្រាបការយល់ដឹងអំពីគម្រោង ACSEP ពាក់ព័ន្ធនឹងដំណើរការ និងនីតិវិធីក្នុងការទទួលបានឥណទានបន្ថែម ដើម្បីពង្រីកនិងពង្រឹងអាជីវកម្មដល់សហគ្រាសកសិ-ឧស្សាហកម្ម សហគមកសិកម្ម និងកសិករចិញ្ចឹមមាន់ស្រុក ជាពិសេសសហគ្រាសផលិតដែលមានបំណងស្វែងរកទុនបន្ថែមសម្រាប់គាំទ្រផែនការអាជីវកម្មរបស់ខ្លួន៕